នយោបាយ

ប្រមុខរាជរដ្ឋាភិបាល ស្នើសិង្ហបុរីជំរុញអ្នកវិនិយោគ មកវិនិយោគ និងទិញផលិតផល កសិកម្មពីកម្ពុជា

ភ្នំពេញ៖ស្របពេល ប្រទេសកម្ពុជា-សិង្ហបុរី កំពុងមានការសម្របសម្រួល អំពីការមិនយកពន្ធត្រួតគ្នា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ស្នើទៅកាន់លោក ចាន់ ជុនស៊ីង រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសិង្ហបុរី ឲ្យជំរុញអ្នកវិនិយោគមកវិនិយោគ និងមកទទួលទិញ ផលិតផលកសិកម្មនៅកម្ពុជា។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី។

ក្នុងឱកាស អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ចាន់ ជុនស៊ីង Chan Chun Sing រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសសិង្ហបុរី នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០១៩ សម្ដេចតេជោបញ្ជាក់ប្រាប់ភាគីសិង្ហបូរីថា នៅពេលនេះ ក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានធ្វើការសម្របសម្រួល អំពីការមិនយកពន្ធត្រួតគ្នា រវាងសិង្ហបុរីនិងកម្ពុជា។

សម្តេចតេជោបានស្នើសុំ ឲ្យភាគីសិង្ហបូរីគប្បីណាពិចារណា ជំរុញឱ្យអ្នកវិនិយោគិនសិង្ហបុរី មកវិនិយោគ និងមកទទួលទិញ ផលិតផលកសិកម្មពីកម្ពុជា ព្រោះថាអ្វីៗទាំងអស់ គឺប្រទេសយើងទាំង២ (កម្ពុជា-សិង្ហុបុរី) បានសម្របសម្រួល ជាមួយគ្នារួចមកហើយ។

លើសពីនេះសម្ដេចតេជោ ក៏បានប្រាប់អំពីជោគជ័យនៃកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (THE 7th REGIONAL COMPREHENSIVE ECONOMIC PARTNERSHIP INTERSESSIONAL MINISTERIAL MEETING -7th RCEP ISSL MM) នឹងអាចជួយជំរុញឲ្យសេដ្ឋកិច្ច អាស៊ានយើងកាន់តែល្អប្រសើរផងដែរ។

សម្ដេចបន្តថា ពិតប្រាកដណាស់ គឺក្នុងយុគ្គសម័យនេះ ការធ្វើពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក គឺមានសារសំខាន់ខ្លាំងបំផុត។ ប៉ុន្តែយើងក៏មិនអាចកាត់ផ្ដាច់ បានពីការធ្វើពាណិជ្ជកម្ម តាមផ្លូវគោក ផ្លូវអាកាស និងតាមផ្លូវទឹកបានឡើយ គឺត្រូវតែមានការតភ្ជាប់គ្នា រវាងប្រព័ន្ធនីមួយៗ ដើម្បីសម្រួលដល់ការធ្វើ ពាណិជ្ជកម្មទាំងអស់នោះ។

នៅក្នុងឱកាសនោះផងដែរ លោកចាន់ ជុនស៊ីង ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីលោកនាយករដ្ឋមន្ត្រីសិង្ហបុរី ជូនសម្តេចតេជោ ហើយលោកក៏បានគោរព ជម្រាបជូនសម្ដេចតេជោ អំពីទស្សនៈយល់ឃើញ របស់លោកផ្ទាល់ ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម ដែលចាំបាច់ត្រូវធ្វើតាមរយៈផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហើយជាពិសេសទៅទៀត នៅក្នុងយុគ្គសម័យនេះ គឺត្រូវយកចិត្តទុកដាក់ខ្លាំង តាមរយៈប្រព័ន្ធអេឡិចត្រូនិកតែម្ដង។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើ សួរសុខទុក្ខផ្ទាល់ពីនាយករដ្ឋមន្រ្តីសិង្ហបុរី ចំពោះសម្តេចផងដែរ៕
ដោយ៖បាន ធារ៉ូ

Facebook Comments

To Top