ព័ត៌មានជាតិ

នគរបាលស្រុកស្អាង បង្ក្រាបជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន១១កញ្ចប់

ភ្នំពេញ៖ជនសង្ស័យ២នាក់ ត្រូវបាននគរបាលស្រុកស្អាង ធ្វើការបង្ក្រាបពាក់ព័ន្ធករណី គ្រឿងញៀន១១កញ្ចប់ កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មាន៖១-ឈ្មោះ អាន ហុតលី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ ទីលំនៅបច្ចុប្បន្នភូមិ កូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ,២-ឈ្មោះ អ៊ី ធួន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទម៉ាទឹកកកចំនួន១១កញ្ចប់ (ធំ១កញ្ចប់ និងតូច១០កញ្ចប់) ,ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន១, សម្ភារសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

នគរបាលខាងលើបន្តទៀតថា ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំង ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលព្រែកអំបិល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ អាន ហុតលី បានរកឃើញម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់តូច នៅជាប់នឹងខ្លួន រួចក៏ឃាត់ខ្លួនរួមនឹងវត្ថុតាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ អាន ហុតលី បានសារភាពថា គ្រឿងញៀនម៉ាទឹកកកចំនួន២កញ្ចប់នេះ ខ្លួនបានទិញពីឈ្មោះ អ៊ី ធួន ភេទប្រុស អាយុ ៣៨ឆ្នាំ នៅចំណុចភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល តម្លៃ ៥០,០០០៛ ដើម្បីយកទៅលក់អោយគេបន្តក្នុងតម្លៃ ៨០,០០០៛ ។

បន្ទាប់មកសមត្ថកិច្ច បានបន្តស្វែងរកឃើញ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទម៉ាទឹកកកចំនួន ៩កញ្ចប់( ធំ១កញ្ចប់ តូច ៨កញ្ចប់ )និង ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ព្រមទាំងសម្ភារសម្រាប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទើបសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បញ្ជូនមកប៉ុស្តិ៍នគរបាលព្រែកអំបិល ដើម្បីសាកសួរ ។

ចំណែកជនសង្ស័យឈ្មោះ អ៊ី ធួន បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ ក្នុងតម្លៃ ១,០០០,០០០៛ ពីឈ្មោះ រ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ នៅចំណុចភូមិ ចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីយកមកលក់បន្ត ក្នុង១កញ្ចប់តូច តម្លៃ ៤០,០០០៛ ។

ជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវិធី ទៅតាមផ្លូវច្បាប់ ៕

Facebook Comments

To Top