នយោបាយ

Full Story៖ នាយករដ្ឋមន្រ្តីដកតំណែងលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ពីអភិបាលរងខេត្តព្រះសីហនុ

ភ្នំពេញ៖ ដើម្បីអនុវត្តអភិក្រមទី៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១ ខែ មីនា ឆ្នាំ២០១៩នេះ បានបង្ខំចិត្ត ចេញអនុក្រឹត្យដកតំណែងលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃប៊ុនវណ្ណៈចេញពី អភិបាលរងខេត្តព្រះសីហនុ ដែលពាក់ព័ន្ធកិច្ចការងារវិវាទដីធ្លីនាពេលកន្លងមក នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់បន្ថែម ក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា “ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ដោយដកអភិបាលរង ខេត្តព្រះសីហនុ ពីររូបចេញពីតំណែង ។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែក ជើងទើបអាចដើរទៅ មុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយ ច្រើនជាមួយមន្ត្រី ខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ ។ ដល់ពេលនេះ ខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន” ។

បញ្ហារសើបនៅព្រះសីហនុនេះ ផ្នែកយោធាក៏មានពាក់ព័ន្ធផងដែរ ។ ដោយសារខុសតួនាទីភារកិច្ចបែបនេះ សម្តេចតេជោបានបញ្ជាឲ្យសម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីក្រសួងការពារឲ្យមន្រ្តីក្រោមឱវាទផងដែរ។ ក្រោយមានបទបញ្ជា សម្តេច ទៀ បាញ់ បានហាមដាច់ខាត មិនឲ្យមេបញ្ជាការគ្រប់ជាន់ថ្នាក់ បញ្ជាការកងទ័ព ចូលរួមសកម្មភាពទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋនោះឡើយ ព្រោះមិនស្របតាមច្បាប់លក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុកនាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី១ មីនា បានឲ្យដឹងថា “ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែកុម្ភៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញបទបញ្ជាដាច់ខាត មិនឲ្យមេបញ្ជាការគ្រប់ជាន់ថ្នាក់ បញ្ជាការកងទ័ព ចូលរួមសកម្មភាពទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋនោះឡើយ ព្រោះវាមិនស្របតាមច្បាប់លក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទ។ ការចូលរួមសកម្មភាព ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះ មានតែមន្រ្តីយុត្តិធម៌ ក្នុងកងរាជអាវុធហត្ថតែប៉ុណ្ណោះ” ។

លោក ឈុំ សុជាតិ បន្តថា មាត្រា១ នៃច្បាប់ស្តីពីលក្ខន្តិកៈ ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ចែងថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចបម្រើប្រទេសជាតិ ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ ត្រូវរៀបចំប្រើប្រាស់កម្លាំងកងយោធពលខេមរភូមិន្ទ ដើម្បីការពារកសាងមាតុភូមិ និងដើម្បីផលប្រយោជន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។
នាយកឧត្ដមសេនីយ៍ គូសបញ្ជាក់ថា ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទ អាចចូលរួមក្នុងការ ការពារសន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ឬមានអាសន្នមហន្តរាយ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានលើកឡើងដែរថា ដើម្បីការពារផលប្រយោជន៍ជាតិ ជុំវិញបញ្ហាវិវាទដីធ្លី នៅខេត្តព្រះសីហនុ អ្នកធំនិងអ្នកលុយ ត្រូវបញ្ឈប់ជាបន្ទាន់នូវវប្បធម៌អន្តរាគមន៍។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ របស់ខេត្តព្រះសីហនុ នៅថ្ងៃទី១ មីនា សម្តេច ស ខេង បានលើកឡើងថា “ទាក់ទងនិងបញ្ហាវិវាទដីធ្លី ដែលមានអ្នកធំ និងអ្នកលុយចូលមកធ្វើអន្តរាគមន៍ នៅខេត្តព្រះសីហនុ ត្រូវតែបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ជាបន្ទាន់ ។ ដកខ្លួនចេញ ដើម្បីការពារផលប្រយោជន៍ជាតិ ពិសេសការពារដាច់ខាតនូវដីរដ្ឋ ព្រោះវាជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា” ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ មករាកន្លងទៅ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានចុះបាញ់បង្ក្រាប និងចាប់ខ្លួនពលរដ្ឋចំនួន ៦នាក់ដែលតវ៉ា ចំពោះការចុះអនុវត្តន៍សាលដីកា តុលាការកំពូល លើដីវិវាទមួយកន្លែង នៅក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ចំពោះករណីបង្រ្កាបដោយហិង្សា ទៅលើប្រជាពលរដ្ឋនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចាត់ទុកថា បានធ្វើឲ្យប៉ះពាល់ដល់មាត់ប្រទេសជាតិ និងរាជរដ្ឋាភិបាល ខណៈសព្វថ្ងៃនេះ បណ្ដាប្រទេសធំៗមួយចំនួន លើពិភពលោក កំពុងវាយប្រហារមកលើកម្ពុជា ។
គណៈកម្មការចំពោះកិច្ច ដែលលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបង្កើតឡើងដើម្បីឲ្យចុះ ទៅស្រាវជ្រាវពីរឿងនេះ បានរកឃើញកងរាជអាវុធហត្ថ ៥នាក់ និង យោធិនម្នាក់ ដែលត្រូវរងពិន័យ ពាក់ព័ន្ធនឹងអំពើហិង្សា ហើយក្រុមប្រឹក្សាវិន័យកងរាជអាវុហត្ថ បានបើកកិច្ចប្រជុំនិងសម្រេចរួចហើយ ពីការដាក់ពិន័យលើអ្នកទាំងនោះ។ ក្នុងចំណោមពួកគេមាន ៤នាក់ គ្រាន់តែត្រូវបានស្តីបន្ទោសជា លាយលក្ខណ៍អក្សរប៉ុណ្ណោះ ពីសំណាក់ក្រុមប្រឹក្សា វិន័យកងរាជអាវុធហត្ថ ចំណែក ២នាក់ទៀត ត្រូវបានដកចេញពីក្របខណ្ឌ និងត្រូវប្រឈមមុខជាមួយតុលាការ ។

ទាក់ទងទៅនឹងភ្នំដោះក្រមុំនៅខេត្តមណ្ឌលគិរីវិញ សម្តេចនាយករដ្ឋមន្រ្តីបានឲ្យទប់ស្កាត់រាល់សកម្មភាពនានាក្នុងការទន្ទ្រានធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ភ្លាមៗបន្ទាប់ពីសម្តេចតេជោ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានបើកកិច្ចប្រជុំ ហើយក៏បានទទួលស្គាល់ថា ពិតជាមានផ្ទៃដីមួយភាគធំត្រូវបានជនខិលខូចមួយចំនួនរំលោភយកធ្វើជាកម្មសិទ្ធរបស់ខ្លួនមែន។

អភិបាលខេត្តបន្តថា “ដីនៅជាយជើងភ្នំដោះក្រមុំ ភាគច្រើនត្រូវបានគេធ្វើរបងព័ទ្ធយកជាកម្មសិទ្ធិផ្ទាល់ខ្លួន ទោះមានការរារាំងពីមន្ត្រីមូលដ្ឋានក៏ដោយ ។ រហូតមកដល់ពេលនេះ ដីទាំងនោះពិតជាបាត់បង់មែន តែការបាត់បង់នោះ គឺអាជ្ញាធរបានដោះស្រាយជូនប្រជាពលរដ្ឋជាក់ស្តែង។ ដីមួយចំនួនត្រូវបានរាជរដ្ឋាភិបាលចេញ ស ជ ណ កាត់ទៅឲ្យអង្គភាពទឹកស្អាតដើម្បីប្រយោជន៍ផ្គត់ផ្គង់ដល់ប្រជាជនក្នុងក្រុងសែនមនោរម្យទាំងមូល” ។

លោក ស្វាយ សំអ៊ាង បានបង្ហាញពីទំហំផ្ទៃនៅបរិវេណភ្នំដោះក្រមុំថា កាលពីឆ្នាំ២០០៤ ភ្នំដោះក្រមុំ ត្រូវបានស្នើសុំដាក់បញ្ចូល ជាតំបន់មជ្ឈមណ្ឌលវប្បធម៌ ជនជាតិ ដែលមានទំហំសរុប១០១ហិចតា ។ តែដោយសារចន្លោះប្រហោងទំហំផ្ទៃដីមជ្ឈមណ្ឌលជនជាតិ ឬភ្នំដោះក្រមុំនេះ នៅសល់ទំហំ៩០ហិចតានាឆ្នាំ២០១២ នឹងបន្តនៅសល់ត្រឹម៨៥ហិចតាក្នុងឆ្នាំ២០១៩នេះ៕

Facebook Comments

To Top