ព័ត៌មានជាតិ

អាជ្ញាធរ នឹងបណ្ដុះបណ្ដាល ច្បាប់ចរាចរណ៍២ខែ ដល់អ្នកបើកបរ ដោយមិនគិតថ្លៃ

ភ្នំពេញ៖ ដោយសារកន្លងមកពលរដ្ឋ ដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ក្នុងរាជធានីភ្នំពេញ ដែលបើកបរ យានយន្តលើដងផ្លូវ ពុំមានបណ្ណត្រឹមត្រូវ អាជ្ញាធររាជធានីភ្នំពេញ នឹងរៀបចំបើកវគ្គបណ្ដុះបណ្ដាល ច្បាប់ចរាចរណ៍ផ្លូវគោកដល់ពួកគាត់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២មីនា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ធានាបានសុវត្ថិភាពដល់អ្នកដំណើរ និងដើម្បីឲ្យការចរាចរណ៍ផ្លូវគោក មិនមានបញ្ហាអ្វីកើតឡើង រដ្ឋបាលរាជធានីភ្នំពេញ បានចាត់មន្ត្រីសាធារណការ រាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាល ច្បាប់ចរាចរណ៍ ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច រយៈពេល២ខែ នៅតាមអង្គភាព ផ្ដល់ប័ណ្ណ បើកបរយានយន្តលើផ្លូវលេខ៥៩៨ សង្កាត់ច្រាំងជម្រះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សេចក្ដីជូនដំណឹងបន្តថា បើផុតពីរយៈពេល២ខែ បន្ទាប់ពីការជូនដំណឹង អាជ្ញាធរមានសមត្ថកិច្ច នឹងរឹតបន្តឹងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកជាធរមាន ដោយមិនមានការលើកលែងទៀតឡើយ។ ដូច្នេះស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី រដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរសាធារណការភ្នំពេញ ត្រូវសហការអនុវត្តឲ្យមានប្រសិទ្ធភាព៕

ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top