ព័ត៌មានជាតិ

អាជ្ញាធរអប្សរា ហាមភ្ញៀវទេសចរ បរិភោគអាហារ ក្នុងបរិវេណប្រាសាទ

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានហាមមិនឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ បរិភោគអាហារ ក្នុងបរិវេណប្រាសាទ នៅតំបន់រមណីយដ្ឋានអង្គរ អំឡុងពេលទស្សនា។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា តំបន់រមណីយដ្ឋានអង្គរ គឺជារមណីយដ្ឋាន នៃបេតិកភណ្ឌពិភពលោក ដែលមានប្រាង្គប្រាសាទ ដ៏ល្បីល្បាញជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ដែលជាទីគោរពសក្ការៈដ៏ស័ក្តិសិទ្ធិ និងជាដួងព្រលឹង របស់ជាតិខ្មែរទាំងមូល។

សេចក្តីជូនដំណឹងបញ្ជាក់ថា “ហាមបរិភោគអាហារក្នុងបរិវេណប្រាសាទ ក្នុងពេលទស្សនាប្រាសាទ ជាពិសេសអាហារវេចខ្ចប់ ក្នុងអំឡុងពេលទស្សនាថ្ងៃរះ ឬថ្ងៃលិច”។

ដើម្បីថែរក្សាការពារតម្លៃដ៏វិសេសវិសាល នៃមរតកដូនតាខ្មែរ និងរក្សាបានរបៀបរៀបរយ សណ្តាប់ធ្នាប់ អនាម័យ អាជ្ញាធរជាតិអប្សរា ក៏បានឲ្យភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍ ក៏ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ ណែនាំភ្ញៀវរបស់ខ្លួន កុំឲ្យបរិភោគអាហារវេចខ្ចប់ នៅក្នុងបរិវេណប្រាសាទ ។ គ្រឹះស្ថានអង្គរត្រូវណែនាំភ្ញៀវ និងហាមឃាត់ មិនឲ្យមាន ការវេចខ្ចប់អាហារ ចូលទស្សនាប្រាសាទ ក្នុងអំឡុងពេលទិញប័ណ្ណ និងពេលពិនិត្យប័ណ្ណចូលទស្សនា៕

ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top