ព័ត៌មានជាតិ

លោក សយ សុភាព អរគុណបារមីលោកយាយម៉ៅ ដែលសុបិននិមិត្តឲ្យថ្នាក់ដឹកនាំ ដកអភិបាលរងខេត្តព្រះសីហនុ២រូប

ភ្នំពេញ៖ ក្រោយពីប្រជាពលរដ្ឋអស់ជំនឿលើថ្នាក់ដឹកនាំខេត្តព្រះសីហនុ បើនិយាយពីអបីយជំនឿវិញពួកគាត់តែងតែទៅបន់ស្រន់ដល់បារមីលោកយាយម៉ៅដែលតាមថែរក្សានៅខេត្ត ទាំង៤ក្នុង តំបន់ភាគនិរតីនៃប្រទេសកម្ពុជានៅពេលនេះលទ្ធផលជាក់ស្ដែង បានឃើញហើយបារមីលោកយាយម៉ៅបាននាំយកទុក្ខលំបាកប្រជារាស្រ្តមកសុបិននិមិត្តប្រាប់ឲ្យថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលបានដឹងរហូតដល់មានការដកតំណែងលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ​ប៊ុនវណ្ណៈចេញពីអភិបាលរងខេត្តព្រះសីហនុ។

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានថ្លែងអំណរគុណដល់បារមីលោកយាយម៉ៅដែលបានសុបិននិមិត្តទុក្ខសោកប្រជាពលរដ្ឋប្រាប់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ដែលទីបំផុតប្រជាពលរដ្ឋដែលរងគ្រោះបានទទួលយុត្តិធម៌យ៉ាងពិតប្រាកដហើយយុត្តិធម៌ពិតប្រាកដត្រូវតែមានជានិច្ចសូមប្រជាពលរដ្ឋស្ងប់ចិត្តនិងជឿជាក់លើថ្នាក់ដឹកនាំកំពូលៗនៃប្រទេសជាពិសេសត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាក គ្រប់ទិសទីដោយមិនប្រកាន់ឡើយ។

សូមបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១ខែមីនាឆ្នាំ២០១៩នេះបានបង្ខំចិត្តអនុវត្តអភិក្រមទី៥ដកតំណែងលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ​ប៊ុនវណ្ណៈចេញពីអភិបាលរងខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់បន្ថែម ក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា”ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥គឺការវះកាត់ ដោយដកអភិបាលរងខេត្តព្រះសីហនុ ពីររូបចេញ ពីតំណែង។ខ្ញុំត្រូវតែយកគ្រាប់គ្រួសនិងខ្សាច់ចេញពី ស្បែកជើងទើបអាចដើរទៅមុខទៀតបាន។ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើន ហើយ។ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយអោយតែបំពានលើផលប្រយោជន៍ប្រជាជន”។

ក្រោយការដកតំណែងភ្លាមៗសម្ដេចបានប្រគល់តួនាទីឲ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស៊ើបអង្កេត និងចាត់ការបន្ត ។

សូមបញ្ជាក់ថា លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ​ ប៊ុនវណ្ណៈកាលពីពេលកន្លងទៅមានជាប់ពាក់ព័ន្ធក្នុងទំនាស់ដីធ្លី នៅភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុរហូត មានការចាប់ខ្លួន ពលរដ្ឋ៦នាក់ផងដែរ។ ចំណែកគណៈកម្មការចំពោះកិច្ច ដែលបង្កើតឡើងដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះ ទៅស្រាវជ្រាវ រកឃើញកងរាជអាវុធហត្ថ ៥នាក់ និង យោធិនម្នាក់មានពាក់ព័ន្ធនឹងអំពើហិង្សា ហើយក្រុមប្រឹក្សាវិន័យកងរាជអាវុហត្ថ បានបើកកិច្ចប្រជុំនិងសម្រេចរួចហើយ ពីការដាក់ពិន័យលើអ្នកទាំងនោះ។ក្នុងចំណោមពួកគេមាន ៤នាក់ គ្រាន់តែត្រូវបានស្តីបន្ទោសជា លាយលក្ខណ៍អក្សរប៉ុណ្ណោះ ពីសំណាក់ក្រុមប្រឹក្សា វិន័យកងរាជអាវុធហត្ថ ចំណែក ២នាក់ទៀត ត្រូវបានដកចេញពីក្របខណ្ឌ និងត្រូវប្រឈមមុខជាមួយតុលាការ ។

ពាក់ព័ន្ធករណីនេះសម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ បានក្រើនរំលឹកជាថ្មីម្ដងទៀតថា ការដោះស្រាយទំនាស់ នៅតាមមូលដ្ឋានត្រូវបញ្ចៀស នូវការប្រើអំពើហិង្សា ពីសំណាក់កម្លាំងប្រដាប់អាវុធ ចំពោះប្រជាពលរដ្ឋ និងត្រូវចៀសវាងដាច់ខាត ចំពោះការប្រើកម្លាំងកងទ័ព មកអនុវត្តសាលដីការតុលាការ។ចំណែកសម្តេច​​ ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញបទបញ្ជាដាច់ខាត មិនឱ្យមេបញ្ជាការគ្រប់ជាន់ថ្នាក់ បញ្ជាការកងទ័ព ចូលរួមសកម្មភាពទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋនោះឡើយ ព្រោះមិនស្របតាមច្បាប់លក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទ ៕ 

Facebook Comments

To Top