អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការបរទេស ៖ កូរ៉េខាងជើង គ្រាន់តែស្នើសុំតែម្យ៉ាងគត់ គឹឲ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មចេញខ្លះៗប៉ុណ្ណោះ

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះថា រដ្ឋមន្រ្តីការបរទេស របស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានថ្លែងថា កូរ៉េខាងជើង បានស្នើដល់សហរដ្ឋអាមេរិក ឲ្យលុបចោលការដាក់ទណ្ឌកម្ម របស់ខ្លួនប្រឆាំងនឹងក្រុងព្យុងយ៉ាង តែប៉ុណ្ណោះ ។

លោក រី យ៉ុងហូ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “អ្វីដែលយើងស្នើមិនមែនជាការ ដកចេញនូវការដាក់ទណ្ឌកម្មទាំងអស់នោះទេ ប៉ុន្តែពួកគេត្រូវបានដកចេញដោយផ្នែកណាខ្លះតែប៉ុណ្ណោះ” ។ លោកបានបន្ថែមថា កូរ៉េខាងជើង បានស្នើសុំទណ្ឌកម្មទាំងនោះ ដែលរារាំងដល់ការរស់នៅ របស់ប្រជាជនរបស់ខ្លួន ដែលត្រូវដកចេញជាមុនសិន ។

ប្រសិនបើ សហរដ្ឋអាមេរិកព្រមព្រៀងសំណើនោះ កូរ៉េខាងជើង “នឹងរុះរើរោងចក្រនុយក្លេអ៊ែរទាំងអស់នៅក្នុងតំបន់ Yongbyon រួមទាំងពូញ៉ូម និងអ៊ុយរ៉ានីញ៉ូម ដោយមានវត្តមានរបស់អ្នកជំនាញអាមេរិក និងធ្វើការងាររួមគ្នាសម្រាប់អ្នកបច្ចេកទេសនៃប្រទេសទាំង២ផងដែរ” ។

សំណើនេះ គឺជាវិធានការដោះដូរនុយក្លេអ៊ែរដ៏ធំបំផុតដែលយើងអាចធ្វើបាននៅដំណាក់កាលបច្ចុប្បន្នទាក់ទងទៅនឹងកម្រិតនៃការជឿជាក់បច្ចុប្បន្នរវាងអាមេរិក និងកូរ៉េខាងជើង ។

លោក រី បានថ្លែងថា ក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីនោះ កូរ៉េខាងជើង បានបង្ហាញបំណងចង់ប្តេជ្ញាចិត្តចំពោះការធ្វើតេស្តនុយក្លេអ៊ែរជាអចិន្ត្រៃយ៍ និងការសាកល្បងបាញ់បង្ហោះរ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលាយលក្ខណ៍អក្សរដើម្បីដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិក ។

ទោះយ៉ាងណា ក្នុងអំឡុងពេលកិច្ចប្រជុំអាមេរិក បានទទូចថា យើងគួរតែបោះជំហានបន្ថែមទៀត ក្រៅពីការរុះរើរោងចក្រនុយក្លេអ៊ែរនៅក្នុងតំបន់ Yongbyon ហេតុនេះ វាច្បាស់ណាស់ថា សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួនទទួលយកសំណើរបស់យើងនោះទេ ។

លោកបានសង្កត់ធ្ងន់ថា ជំហរគោលការណ៍របស់កូរ៉េខាងជើង នឹងនៅតែមិនផ្លាស់ប្តូរប្រសិនបើ សហរដ្ឋអាមេរិក ស្នើការចរចាម្តងទៀតនាពេលអនាគត ។

មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើកិច្ចប្រជុំកំពូលលើកទី២របស់ពួកគេនៅក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ដែលបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ។

លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលថា “ជាទូទៅ ពួកគេ (កូរ៉េខាងជើង) ចង់ឱ្យទណ្ឌកម្មត្រូវបានដកចេញទាំងស្រុង ហើយយើងមិនអាចធ្វើវាបានទេ” ៕

ប្រែសម្រួលដោយ៖ ម៉់ៅ បុប្ផាមករា

Facebook Comments

To Top