ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ឲ្យអនុសាសន៍៩ចំណុច ដើម្បីជំរុញប្រតិបត្តិករ ដាក់ពាក្យស្នើសុំ និងបន្តអាជ្ញាបណ្ណ

ភ្នំពេញ ៖ ដើម្បីជាជំនួយស្មារតីដល់មន្ត្រីអធិការកិច្ចទាំងអស់ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ចំនួន៩ចំណុច ដើម្បីជំរុញដល់ប្រតិបត្តិករ ក្នុងការដាក់ពាក្យស្នើសុំ និងបន្តអាជ្ញាបណ្ណ។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្រសួងទេសចរណ៍។

ក្នុងសិក្ខាសាលាបូកសរុបការងារ អធិការកិច្ចទេសចរណ៍ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ លោក ជា បូរ៉ា បានលើកឡើងថា ក្នុងនាមតំណាងឲ្យលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីជាជំនួយស្មារតីជូនដល់មន្ត្រីអធិការកិច្ចទាំងអស់ ត្រូវអនុវត្តន៍នូវអនុសាសន៍មួយចំនួនដូចជា៖

១- អគ្គាធិការដ្ឋានត្រូវសហការជាមួយអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ចុះធ្វើអធិការកិច្ច ដើម្បីជំរុញដល់ប្រតិបត្តិករទេសចរណ៍មកដាក់ពាក្យស្នើសុំ និងបន្តអាជ្ញាបណ្ណ។

២- មុនពេល និងកំពុងចុះធ្វើអធិការកិច្ច ត្រូវពិនិត្យ និងសិក្សាច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួងទេសចរណ៍ឲ្យបានច្បាស់លាស់ជាមុន ។

២- ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចាត់វិធានការ និងដោះស្រាយភាពមិនប្រក្រតីក្នុងវិស័យទេសចរណ៍ ហើយរាល់ការចុះធ្វើអធិការកិច្ច ត្រូវមានការអនុញ្ញាតពីលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឬប្រធានស្ថាប័ន។

៤- ពេលធ្វើអធិការកិច្ច គ្រប់អង្គភាពក្រោមឱវាទក្រសួងទេសចរណ៍ត្រូវរៀបចំផែនការសកម្មភាព ដើម្បីចុះធ្វើអធិការកិច្ច និងកំណត់ហេតុឲ្យបានច្បាស់លាស់ ។

៥- ត្រូវស្រាវជ្រាវរកវិធីសាស្រ្តថ្មីៗ ដើម្បីជំរុញការធ្វើអធិការកិច្ចឲ្យមានប្រសិទ្ធភាព។

៦- ត្រូវធ្វើផែនការ និងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យមដល់មន្រ្តីអធិការកិច្ចថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ។

៧- ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជាផ្ទៃក្នុង សម្រាប់មន្ត្រីអធិការកិច្ចចុះបំពេញបេសកកម្មតាមន្ទីរទេសចរណ៍រាជធានី-ខេត្ត។

៨- បន្តរៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្ស លើការងារអធិការកិច្ចជាប្រចាំ។

៩- ពង្រឹងការអនុវត្តវិន័យ និងកាតព្វកិច្ចមន្រ្តីរាជការ ដូចដែលមានចែងក្នុងខ្លឹមសារនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន ពិសេសការពង្រឹងវិន័យការងារក្នុងអគ្គាធិការដ្ឋាន៕

ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top