អន្តរជាតិ

កូរ៉េខាងត្បូង នឹងធ្វើការងារជាមួយ អាមេរិកនិងកូរ៉េខាងជើង ក្រោយកិច្ចពិភាក្សានុយក្លេអ៊ែ បរាជ័យ

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រ នេះថា ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការងារ ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដើម្បីធានាឲ្យប្រាកដថា អាចឈានដល់កិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់នុយក្លេអ៊ែ ក្រោយមួយថ្ងៃបន្ទាប់ពីកិច្ចពិភាក្សា រវាងមេដឹកនាំអាមេរិកនិងកូរ៉េខាងជើង បរាជ័យជុំវិញបញ្ហាទណ្ឌកម្ម។

លោក មូន ជេអ៊ីន បានថ្លែងនៅក្នុងសុន្ទរកថា មួយនៅទីក្រុងសេអ៊ូល ដូច្នេះថា “រដ្ឋបាលរបស់ខ្ញុំ នឹងធ្វើការទំនាក់ទំនងនិងសហការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង ដើម្បីជួយកិច្ចពិភាក្សារបស់ពួកគេ ឲ្យឈានដល់ដំណោះស្រាយ ពេញលេញ តាមរយៈមធ្យោបាយណាមួយ”។

គួរបញ្ជាក់ថា លោកប្រធានាធិបតីកូរ៉េខាងត្បូង គឺជាអ្នកគាំទ្រយ៉ាងសកម្មមួយរូប ចំពោះកិច្ចខិតខំប្រឹងប្រែង បញ្ចប់ការប្រឈមមុខដាក់គ្នា នៅលើឧបទ្វីបកូរ៉េ ដោយលោកបានជួបជាមួយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំនួន៣លើក កាលពីឆ្នាំមិញ និងព្យាយាមសម្របសម្រួល នុយក្លេអ៊ែកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top