ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ព្រមានដកតំណែង មេបញ្ជាការយោធា និងអភិបាលរងខេត្តព្រះសីហនុ ដែលលូកដៃក្នុងទំនាស់ដីធ្លី (មានវីដេអូ)


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានដកហូតតំណែង អភិបាលរងខេត្ត និងមេបញ្ជាការយោធាខេត្តព្រះសីហនុ ដែលពាក់ព័ន្ធក្នុងទំនាស់ដីធ្លី នៅភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

សូមរំលឹកថា​ កាលពីថ្ងៃទី២៤ មករាកន្លងទៅ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានចុះបាញ់បង្ក្រាប និងចាប់ខ្លួនពលរដ្ឋចំនួន ៦នាក់ដែលតវ៉ា ចំពោះការចុះអនុវត្តន៍សាលដីកា តុលាការកំពូល លើដីវិវាទមួយកន្លែង ជាមួយលោកឧកញ៉ា ស៊ីវ គង់ទ្រីវ នៅទីតាំងក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ចំពោះករណីបង្រ្កាបដោយហិង្សា ទៅលើប្រជាពលរដ្ឋនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចាត់ទុកថា បានធ្វើឲ្យប៉ះពាល់ដល់មាត់ប្រទេសជាតិ និងរាជរដ្ឋាភិបាល ខណៈសព្វថ្ងៃនេះ បណ្ដាប្រទេសធំៗមួយចំនួន លើពិភពលោក កំពុងវាយប្រហារមកលើកម្ពុជា ។

គណៈកម្មការ​ចំពោះ​កិច្ច ដែល​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​បង្កើតឡើង​ដើម្បី​ឲ្យ​ចុះទៅ​ស្រាវជ្រាវ​ពី​រឿងនេះ បាន​រកឃើញ​កងរាជអាវុធហត្ថ​ ៥​នាក់ និង យោធិន​ម្នាក់ ដែល​ត្រូវ​រង​ពិន័យ ពាក់ព័ន្ធ​នឹង​អំពើហិង្សា ហើយ​ក្រុមប្រឹក្សាវិន័យ​កង​រាជ​អា​វុ​ហត្ថ បាន​បើក​កិច្ចប្រជុំ​និង​សម្រេច​រួចហើយ ពី​ការដាក់ពិន័យ​លើ​អ្នក​ទាំងនោះ​។ ក្នុងចំណោម​ពួកគេមាន​ ៤​នាក់ គ្រាន់តែ​ត្រូវបាន​ស្តីបន្ទោស​ជា​ លាយលក្ខណ៍អក្សរ​ប៉ុណ្ណោះ ពី​សំណាក់​ក្រុមប្រឹក្សាវិន័យ​កងរាជអាវុធហត្ថ ចំណែក ២​នាក់​ទៀត ត្រូវបាន​ដកចេញ​ពី​ក្របខណ្ឌ និង​ត្រូវ​ប្រឈមមុខ​ជាមួយ​តុលាការ​ ។

យោងតាមបណ្ដាញសង្គម ហ្វេសប៊ុករបស់ ប្រធានគណបក្សខ្មែរក្រោក នៅថ្ងៃទី២៨ កុម្ភៈនេះ បានសរសេរថា “លទ្ធផលធំៗ ៤ ដែលសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីបក្សខ្មែរក្រោក ទទួលបានក្នុងកិច្ចប្រជុំប្រចាំឆមាស របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្រោមអធិបតីភាពសម្ដេចតេជោ ខណៈដែលមានការភ្ជាប់វីឌីអូ conference ទៅគ្រប់ខេត្តក្រុង និងយោធាទាំងអស់ ហើយសម្ដេចបានបញ្ជាផ្ទាល់ភ្លាមៗតែម្ដង ។ ដោយសម្ដេចតេជោបានឆ្លើយតបភ្លាមថា លោកក៏បានសោកស្ដាយ ចំពោះបញ្ហាអនវត្តន៍សាលដីកា ខុសច្បាប់នៅក្រុងព្រះសីហនុ ហើយលោកបញ្ជាផ្ទាល់ឲ្យ ពិនិត្យដកមេបញ្ជាការយោធា ខេត្តព្រះសីហនុពីតំណែង ។ ដោយឡែកសម្ដេចតេជោក៏គម្រាម ដកដំណែងចោលអភិបាលរងខេត្តព្រះសីហនុ មួយចំនួនដែលពាក់ព័ន្ធ ទៅបញ្ហាដីធ្លី” ។

ក្រោយបញ្ចប់ជំនួបជាង៥ម៉ោង លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សា បានថ្លែងថា “ បញ្ហានៅកំពង់សោមសម្តេចបង្ហាញការមិនពេញចិត្ត ចំពោះបាតុភាពកើតមានឡើងតាំងពីថ្ងៃ២៤ មករា កន្លងទៅ ចំពោះការអនុវត្តនូវសាលដីកាតុលាការ ហើយដែលបញ្ហានេះ សម្តេចតេជោ បានបញ្ជាទៅក្រសួងដែនដី កសិកម្មពិនិត្យឡើងវិញអំពីបញ្ហានេះ ។ សម្រេចឲ្យរឹបអូសនូវដីដែលជាសម្បទានដែលកើតមាននូវភាពមិនប្រក្រតីដែលមានមន្រ្តីមានអំណាចខ្លះលូកដៃ”។

លោកថា សម្តេចសម្រេចមិនផ្តល់ដីសម្បទានសង្គមកិច្ចទេ គឺទុកជាដីរបស់រដ្ឋដើម្បីរៀបចំគោលការណ៍ម៉ត់ចត់ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ។ សម្តេចមិនឲ្យមន្រ្តីមានសមត្ថកិច្ចលូកដៃចូល និងបែងចែកយកផលប្រយោជន៍ក្នុងករណីបែងចែកដីសម្បទានសង្គមកិច្ចទេ។

ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាបញ្ជាក់ទៀតថា “សម្តេចតេជោផ្តល់នូវការណែនាំទៅសម្តេចពិជ័យសេនា ទៀ បាញ់ ដែលកើតមានដោយមេទាហ៊ានខេត្ត បើរកឃើញត្រូវមានការដកតំណែង និងពាក់ព័ន្ធទៅអភិបាលខេត្ត”៕

Facebook Comments

To Top