ព័ត៌មានជាតិ

កម្ពុជាព្រួយបារម្ភការតានតឹង រវាងប៉ាគីស្ថាន និងឥណ្ឌា

ភ្នំពេញ៖ កម្ពុជាបានសម្តែងការព្រួយបារម្ភជាខ្លាំងនូវកំណើនការតានតឹងនាពេលថ្មីៗនេះ រវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា នៅតំបន់កាស្មៀរ។

ក្នុងឋានៈជាមិត្តនៃប្រទេសទាំងពីរ កម្ពុជាសង្ឃឹមថា ប៉ាគីស្ថាន-ឥណ្ឌា នឹងរក្សាការអត់ធ្មត់ខ្ពស់បំផុត ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយអាវុធបន្តថែមទៀតដែល នឹងនាំឲ្យមានអរិភាពក្នុងចំណោមប្រជាជននៃប្រទេសទាំងពីរ។

ការកើនឡើងនៃភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន នៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើងដោយសារកងកម្លាំងប្រទេសទាំង២បានបាញ់ទម្លាក់យន្តហោះប្រតិកម្មទៅវិញទៅមក បន្ទាប់ពីមានភេរវកម្មកាលពីថ្ងៃ១៤ កុម្ភៈ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសខ្មែរនៅថ្ងៃទី២៨ កុម្ភៈ បានឲ្យដឹងថា “កម្ពុជាជឿជាក់ថា ប្រទេសប៉ាគីស្ថាន និងឥណ្ឌា អាចធ្វើការចរចាគ្នាដើម្បីកាត់បន្ថយភាពតាន តឹងនាពេលបច្ចុប្បន្ន និង ស្វែងរកដំណោះស្រាយទំនាស់តាមមធ្យោបាយសន្តិវិធី”។

កម្ពុជាតាមរយៈក្រសួងការបរទេស ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី១៤ កុម្ភៈ នៅតំបន់ Pulwama និងបេ្តជ្ញាចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មគ្រប់ទម្រង់ និងគ្រប់រូបភាពទាំងអស់។

សូមបញ្ជាក់ថា នេះជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រ ដែលមហាអំណាចនុយក្លេអ៊ែរទាំងពីរនេះ បានវាយប្រហារ តាមផ្លូវអាកាសប្រឆាំងគ្នាទៅវិញទៅមក ខណៈកងកម្លាំងនៅលើដី បានផ្លាស់ប្តូរទីតាំងបាញ់ប្រហារជាច្រើន ៕ ដោយ៖ អេង ប៊ូឆេង 

Facebook Comments

To Top