ព័ត៌មានជាតិ

មិនដែលដឹងសោះ! មុនស្លាប់លោក លី ខ្វាន់យូ បានសរសេរដល់ម្លឹង ផងចំពោះថៃ និងវៀតណាម?

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ សូមដកស្រង់អត្ថបទដើមទាំងស្រុង ចេញពីវេបសាយ anarchak.com ដែលនិយាយពីទស្សនៈរបស់ លោកលី ខ្វាន់យូអតីតរដ្ឋបុរស សិង្ហបុរីចំពោះប្រទេសថៃ និងវៀតណាម។

អត្ថបទដើមមានខ្លឹមសារដូចតទៅ៖ នៅក្នុងភាគនេះសូមលើកយក ការយល់ឃើញរបស់អតីតរដ្ឋបុរសសាំងកាពួររូបនេះ អំពីប្រទេសវៀតណាម និងប្រទេសថៃវិញម្ដង។ តាមការពិត នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា «ពីប្រទេសតតិយលោក មកកាន់ប្រទេសបឋមលោក (From Third World To First)» លោក លី ខ្វាន់យូ បានសរសេរអំពី ប្រទេសទាំងពីរនេះដាច់ ដោយឡែកពីគ្នា ក៏ប៉ុន្តែយើងសម្រេចយកវាមកចងក្រង ក្នុងអត្ថបទតែមួយក្រោមហេតុផល ២យ៉ាង។

ហេតុផលទីមួយ គឺមកពីទំនាក់ទំនងរវាងលោក លី ខ្វាន់យូ ជាមួយប្រទេសទាំងពីរនេះមានចំណុចរួមគ្នា (សង្គ្រាមវៀតណាម* និងការត្រួតត្រារបស់វៀតណាម មកលើប្រទេស កម្ពុជាពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩) និងហេតុផលទីពីរ គឺអត្ថបទនេះជាភាសាខ្មែរ អ្នកអានជាខ្មែរ ហើយទំនាក់ទំនងលោក លី ខ្វាន់យូ ជាមួយប្រទេសទាំងពីរពាក់ព័ន្ធនឹងខ្មែរ អាចជារឿងដែលសិស្សនិស្សិតខ្មែរ ចង់ដឹងហើយការទាញប្រធានបទប្រទេសទាំងពីរមកបញ្ចូលគ្នាធ្វើអោយសាច់រឿងប្រវត្តិសាស្ត្រស្រួល យល់ដល់អ្នកអាន។
បើនិយាយសង្ខេបអំពីទំនាក់ទំនងរវាងសាំងកាពួររបស់លោក លី ខ្វាន់យូ ជាមួយថៃ និងវៀតណាម គេអាចនិយាយបានថា ថៃ និងសាំងកាពួរដើរផ្លូវរួមគ្នា ខណៈសាំងកាពួរ និងវៀតណាម ក្លាយពីសត្រូវមកជាមិត្ត។ សាំងកាពួរ និងថៃនៅខាងអាមេរិកប្រឆាំងនឹងវៀតណាម កាលពីសង្គ្រាមវៀតណាម(១៩៥៥-១៩៧៥)ហើយសាំងកាពួរនិងថៃប្រឆាំង នឹងការដែលវៀតណាមត្រួតត្រាកម្ពុជានៅទសវត្សរ៍ឆ្នាំ៨០ប៉ុន្តែក្រោយពីនោះមកសាំងកាពួរ ជួយជ្រោមជ្រែងវៀតណាមក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។

ត្រឹមឆ្នាំ១៩៧៣ ខណៈសង្គ្រាមវៀតណាម មិនទាន់ចប់ លោកនាយករដ្ឋមន្ត្រីថៃ ថាក់ណម គិតិខាចន(ถนอม กิตติขจร/Thanom Kittikachorn) បានប្រាប់លោក លី ខ្វាន់យូ ថា នៅទីបញ្ចប់ អាមេរិកច្បាស់ជាត្រូវដកទ័ព ព្រោះតែអាមេរិកវាយប្រហារ វៀតណាមខាងជើងតែផ្នែកជើងអាកាស ខណៈនៅវៀតណាមខាងត្បូង អាមេរិកប្រយុទ្ធត្រឹមតែការពារខ្លួន ដែលយុទ្ធសាស្ត្រនេះត្រូវ លោកនាយករដ្ឋមន្ត្រីថៃប្រៀបទៅនឹងការប្រយុទ្ធ តែដៃម្ខាង ខណៈដៃម្ខាងទៀតជាប់ចំណង ក្រោយខ្នង ហើយលោកហៅវិធីនោះថាជា «យុទ្ធសាស្ត្រមិនឈ្នះ(no-win strategy)»។

លោក លី ខ្វាន់យូ បានបរិយាយអារម្មណ៍លោក ថាក់ណម នៅពេលនោះថា៖ «គាត់មានការព្រួយបារម្ភដោយសារតែ ជំនួយដែលថៃបានផ្ដល់ទៅអោយអាមេរិក ដែលរួមមាន ការ [អនុញ្ញាតអោយ] ប្រើប្រាស់មូលដ្ឋានជើងអាកាសធំៗ ដែលពេលនោះកងទ័ពអាកាសរបស់អាមេរិក ប្រើដើម្បីទម្លាក់គ្រាប់បែកលើវៀតណាម ខាងជើង [ដែលដូច្នេះហើយ] សេចក្ដីស្អប់ និងការសងសឹករបស់វៀតណាម គឺជារឿងមិនអាចមើលស្រាលបានទេ» ។

នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហម បានផ្ដួលរបប លន់ ណុល និង ២អាទិត្យមុនវៀតណាមខាងជើង វាយផ្ដួលវៀតណាមខាងត្បូង លោក លី ខ្វាន់យូ បានទៅជួបលោក ឃឹគ្រីត ប្រាម៉ូត(คึกฤทธิ์ ปราโมช/Kukrit Pramoj) ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ហើយពេលនោះលោក លី ខ្វាន់យូ មានការព្រួយបារម្ភដោយសារតែថៃពុំទាន់មានជំហរនយោបាយការបរទេសនៅឡើយ។ លោក លី ខ្វាន់យូ បានកត់ចំណាំកាលៈទេសៈនោះថា៖ «ខ្ញុំមិនដែលបានទៅទស្សនកិច្ច[ប្រទេសថៃ] ក្នុងស្ថានការណ៍តឹងតែងដូចនោះទេ។ លោក ឃឹគ្រីត និយាយថា មូលដ្ឋានកងទ័ពអាមេរិក[ប្រើរបស់ថៃ] គួរដកចេញក្នុងអំឡុងពេល មួយឆ្នាំ។ គាត់មិនច្បាស់ទៀតទេថា អាមេរិក និងវត្តមានរបស់ពួកគេ គឺជា’គោលដៅ[វាយប្រហារ]’ ជាជាង’មធ្យោបាយទប់ស្កាត់’» ឬយ៉ាងណា។ លោក លី ខ្វាន់យូ ប្រាប់លោក ឃឹគ្រីត ថាសាំងកាពួរ និងថៃមិនគួរបោះបង់អាមេរិកទេ ហើយថាបន្តិចទៀតសភាអាមេរិក ច្បាស់ជាប្ដូរឥរិយាបទនៅពេលដែល «ព្រឹត្តិការណ៍ កើតឡើងធ្វើអោយទឹកដល់ច្រមុះពួកគេ»។

នៅខែកក្កដា ឆ្នាំ១៩៧៥ (ក្រោយខ្មែរក្រហមកាន់កាប់ភ្នំពេញ ហើយវៀតណាមខាងជើងវាយយកវៀតណាមខាងត្បូងបាន) លោក ឃឹគ្រីត ទៅជួបលោក លី ខ្វាន់យូ នៅសាំងកាពួរ ដែលមុននោះលោក ឃឹគ្រីត បានទទួលជួបមេដឹកនាំវៀតណាម នៅទីក្រុងបាងកករួចមកហើយ។ នៅក្នុងទស្សនកិច្ចនោះលោក ឃឹគ្រីត បានប្រាប់លោក លី ខ្វាន់យូ ថា«ទ្រឹស្តីដូមីណូ** បានលេចរូបរាងហើយនៅឥណ្ឌូចិនបារាំង» និងថា «វៀតណាមខាងជើង ចង់ធ្វើជាអ្នកត្រួតត្រា ឥណ្ឌូចិនទាំងមូល»។ នៅពេលលោក លី ខ្វាន់យូ សួរលោក ឃឹគ្រីត ថាហេតុអ្វីបានជាវិទ្យុក្រុងហាណូយ(Radio Hanoi) ប្រើភាសាខ្លាំងៗម្ល៉េះនៅពេលដែលរដ្ឋាភិបាល ពួកគេកំពុងតែបោះដៃមិត្តភាព លោក ឃឹគ្រីត បាននិយាយថា៖ «យុទ្ធសាស្ត្រ[វៀតណាម] គឺចង់បង្ខំ និងបំភ័យអោយថៃភ្ជាប់ទំនាក់ទំនងការទូតហើយពួកគេចង់អោយពិភពលោកឃើញថាថៃភ័យញ័រ»។

លោក លី ខ្វាន់យូ បានសរសេរអំពីជំនួបរវាងថៃ និងមេដឹកនាំវៀតណាមនៅបាងកក ដែលលោក ឃឹគ្រីត បានប្រាប់លោកថា នៅក្នុងជំនួបនោះលោក ឃឹគ្រីត «អោប[មេដឹកនាំវៀតណាម]ទាំងញ័រភ័យ» និងថាមេដឹកនាំវៀតណាមញញឹម ស្ងួតហើយទាមទារអោយថៃផ្ដល់នូវយន្តហោះវៀតណាម ខាងត្បូងមកអោយវៀតណាមវិញ ដែលយន្តហោះនោះត្រូវបានបើកពីវៀតណាម ទៅថៃមុនទីក្រុងសាយហ្កន ដួលរលំ។ ចំពោះទស្សនៈរបស់លោក ឃឹគ្រីត លោក លី ខ្វាន់យូ បានសរសេរថា លោក ឃឹគ្រីត គិតថា អាស៊ាន (កាលនោះមានសមាជិកតែ ៥ប្រទេស) ត្រូវ«ពង្រឹងជំហរ និងម៉ឺងម៉ាត់» ហើយត្រូវតែដើរតួនាទី«ជាបងរបស់ប្រទេសទាំងឡាយ នៅឥណ្ឌូចិន» ។

នៅក្រោយការដួលរលំនៃរដ្ឋាភិបាលវៀតណាម ខាងត្បូងនេះដែរ ទំនាក់ទំនងសាំងកាពួរ និងវៀតណាមចាប់ផ្ដើមដោយ ភាពជូរចត់។ នៅខែតុលា ឆ្នាំ១៩៧៧ មានក្រុមចោរប្លន់យន្តហោះវៀតណាម យកទៅចុះចតនៅសាំងកាពួរ ក្រោយពីសាំងកាពួរ ទប់ស្កាត់មិនអោយពួកគេចុះចត មិនបានសម្រេច។ សាំងកាពួរអោយខាង វៀតណាម មកយកយន្តហោះទៅវិញ ដោយសាំងកាពួរជួសជុល និងចាក់សាំងយន្តហោះ រួចសាំងកាពួរផ្តន្ទាទោសចោរ ទាំងនោះដាក់គុក ១៤ឆ្នាំ។ វៀតណាមមិនដែលបង់លុយថ្លៃសាំង ទេតែថែមទាំងទាមទារ អោយសាំងកាពួរប្រគល់ចោរ ទាំងនោះអោយវៀតណាម។ លោក លី ខ្វាន់យូ បានសរសេរពីកាលនោះថា៖ «យើងត្រូវពង្រឹងជំហរអោយរឹងមាំ និងមិនបណ្ដោយអោយ គេសម្លុតយើងឡើយ បើមិនដូចនោះទេ បញ្ហានឹងមិនចប់ទេ»។

លោក លី ខ្វាន់យូ បានបន្ថែមថា៖«វៀតណាមប្រើល្បិចទាញ ប្រយោជន៍ពីការភ័យខ្លាច និងបំណងរបស់ប្រទេសអាស៊ាននានា ដែលចង់ចងមិត្តជាមួយពួកគេ។ ពួកគេប្រើភាសាខ្លាំងៗ តាមកាសែត និងវិទ្យុរបស់ពួកគេ»។ លោកថា មេដឹកនាំវៀតណាមធ្វើដូចមិនឈឺចាប់ដោយសារតែ មោទនភាពរបស់ពួកគេចំពោះ ជោគជ័យលើកងទ័ពអាមេរិក ដែលមោទនភាពនោះបង្ហាញ ប្រាប់ថា ពួកគេជឿជាក់ថា ពួកគេអាចបំបាក់មហាអំណាចណាៗ ទាំងអស់រួមទាំងចិនផង បើអុងអាត់ជាមួយពួកគេ។

លោក លី ខ្វាន់យូ ថាកាលនោះ វៀតណាមមិនចង់ទាក់ទង ជាមួយអាស៊ានជាក្រុមទេ ដោយចង់ទាក់ទងប្រទេស និមួយៗដោយផ្ទាល់ តែចុងក្រោយក៏សម្រេចដាក់ស្ថានបេសកកម្មនៅអាស៊ាន។ លោកបន្ថែមទៀតថា ដោយសារសាំងកាពួរតូច វៀតណាមគ្មានអ្វីក្រៅពីស្អប់ខ្ពើមទេ ហើយចោទថា សាំងកាពួរចូលដៃជើងជាមួយចិន។
ក្រោយពីនោះមួយឆ្នាំ លោកនាយករដ្ឋមន្ត្រីវៀតណាម ផាំ វ៉ាន់ដុង(Pham Van Dong) ធ្វើទស្សនកិច្ចនៅតំបន់អាស៊ាន តែមិនចូលសាំងកាពួរទេ ដែលចំណុចនោះលោក លី ខ្វាន់យូ គិតថាប្រហែលវៀតណាម ចង់អោយសាំងកាពួរមានអារម្មណ៍ថា «ឥតសុវត្ថិភាព»។ ក៏ប៉ុន្តែចុងក្រោយ លោក ផាំ វ៉ាន់ដុង មកសាំងកាពួរនៅខែតុលា ឆ្នាំ១៩៧៨។ នៅក្នុងពេលនោះ កាសែត ញ៉ាន់ដាន់(Nhan Dan) និងវិទ្យុហាណូយរបស់វៀតណាមប្រើភាសាខ្លាំងៗ ដែលធ្វើអោយលោក លី ខ្វាន់យូ មានមន្ទិលសង្ស័យ។ ក្នុងទស្សនកិច្ចដដែលនោះ លោក ផាំ វ៉ាន់ដុង ទាមទារម្ដងជាពីរដងអោយសាំងកាពួរ ជួយស្តារប្រទេសវៀតណាមឡើងវិញ ដោយលើកឡើងថាសាំងកាពួរបានផលចំណេញច្រើនពីសង្គ្រាមនៅវៀតណាមតាមរយៈការលក់គ្រឿងផ្គត់ផ្គង់អោយអាមេរិកដូច្នេះជាតួនាទីរបស់សាំងកាពួរដែលត្រូវជួយវៀតណាម។

លោក លី ខ្វាន់យូ ថាលោកស្រឡាំងកាំងណាស់ ចំពោះ«អាកប្បកិរិយាវាយឬក និងបង្កសង្គ្រាមដូច្នេះ»។  លោកថា ក្នុងសង្គ្រាមវៀតណាម សាំងកាពួរបានត្រឹមតែលក់ប្រេងសាំងអោយកងទ័ពអាមេរិកប៉ុណ្ណោះ ហើយរបស់ទាំងនោះលក់ដោយ ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនអង់គ្លេស រីឯផលចំណេញមានកម្រិត តិចតួចណាស់។ បន្ទាប់មក ទស្សនកិច្ចនោះក៏បញ្ចប់ទៅដោយសោះកក្រោះ។ តាំងពីនោះមករហូតដល់ទសវត្សរ៍ឆ្នាំ៩០ សាំងកាពួរ និងវៀតណាមគ្មានទំនាក់ទំនង រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលសោះ ដោយសារ តែនៅទសវត្សរ៍ឆ្នាំ៨០វៀតណាមបានលើក ទ័ពចូលមកត្រួតត្រាប្រទេសកម្ពុជា ដែលជារឿងមួយទាំងសាំងកាពួរ និងទាំងថៃនាំគ្នាប្រឆាំង។
លោក លី ខ្វាន់យូ បានកត់សម្គាល់ថា ដោយសារតែវៀតណាម លើកទ័ពចូលកាន់កាប់ប្រទេសកម្ពុជា នៅខែធ្នូ  ឆ្នាំ១៩៧៨ វាបានធ្វើអោយទំនាក់ទំនង រវាងសាំងកាពួរ និងថៃកាន់តែជិតស្និទ្ធ ជាងមុន។ ពេលកាន់កាប់កម្ពុជា វៀតណាមបានប្រាប់ថៃថា បើចង់អព្យាក្រិត ថៃត្រូវដាក់ទ័ពអោយឆ្ងាយ ពីព្រំដែន ២០គីឡូម៉ែត ហើយកុំថ្កោលទោសវៀតណាមរឿងកាន់កាប់កម្ពុជា។ ក៏ប៉ុន្តែលោក លី ខ្វាន់យូ បានផ្ញើលិខិតទៅអោយលោក គ្រៀងសក្ដិ ឆាម៉ាក់ណាន់(เกรียงศักดิ์ ชมะนันทน์/ Kriangsak Chamanan) ដែលជានាយករដ្ឋមន្ត្រីថៃពេលនោះថា កុំអោយយល់ព្រម។ លោក លី ខ្វាន់យូ យល់ឃើញថា បើថៃព្រម ហើយវៀតណាមគេចកែសន្យា នៅថ្ងៃក្រោយ ថៃនឹងគ្មានហេតុផលប្រាប់អន្តរជាតិក្នុងការវាយប្រហារវៀតណាមវិញទេ។

នាយករដ្ឋមន្ត្រីថៃ បន្ទាប់ទៀតគឺលោក ប្រេម ទិនស៊ូឡានុន(เปรม ติณสูลานนท์/ Prem Tinsulanonda) ដែលជាមនុស្សប្រាកដនិយម កាន់តំណែងពីឆ្នាំ១៩៨០-១៩៨៨ និងមានលោក សិទ្ធិ សាវេតស៊ិឡា(สิทธิ เศวตศิลา/ Siddhi Savetsila) ជារដ្ឋមន្ត្រីការបរទេសដ៏ឈ្លាសវៃម្នាក់។ លោក លី ខ្វាន់យូ បានពិពណ៌នាលោករដ្ឋមន្ត្រីការបរទេសនេះថា៖ «គាត់ដឹងថាវៀតណាមពូកែល្បិច ហើយអាចមើលយល់គ្រប់ជំហានដែល[វៀតណាម]ដើរ»។ លោកថា បើកុំតែមានលោក ប្រេម និងលោកសិទ្ធិ កុំអីសាំងកាពួរ និងថៃមិនអាច«ចងជើងវៀតណាមអោយនៅត្រឹមប្រទេសកម្ពុជាបានដោយជោគជ័យ»បែបនោះទេ។

ក្រោយមកនៅខែសីហា ឆ្នាំ១៩៨៨ លោក ឆាតឆាយ ឈុនហាវ៉ាន់ (ชาติชาย ชุณหะวัณ/ Chatichai Choonhavan) ក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី ដែលលោកមានទស្សនវិស័យចង់អោយប្រទេសឥណ្ឌូចិនក្លាយ ជាទីផ្សាររបស់ថៃ និងរីករាយក្នុងការអោយអ្នករកស៊ីថៃទៅចូលរួមស្ដារប្រទេស វៀតណាមឡើងវិញ ដែលជាហេតុធ្វើអោយវៀតណាមព្រមនៅទ្រឹងត្រឹមប្រទេសកម្ពុជា និងឈានទៅដល់ការរៀបចំសន្ធិសញ្ញាក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីបញ្ចប់ជម្លោះកម្ពុជា។
នៅក្រោយពេលវៀតណាមដកទ័ពចេញពីកម្ពុជានៅឆ្នាំ១៩៨៩រួចមក ទំនាក់ទំនងសាំងកាពួរ និងវៀតណាមក៏បានធូរស្រាលតាមនោះដែរ។ នៅឆ្នាំ១៩៩០ លោក វ៉ូ វ៉ាន់គៀត(Vo Van Kiet) បានសុំជួបលោក លី ខ្វាន់យូ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ុស(Davos) ប្រទេសស្វីស ហើយក្នុងជំនួបនោះ លោក វ៉ាន់គៀត លើកឡើងថា ចង់អោយសាំងកាពួរ និងវៀតណាមទុកការយល់ខុសគ្នាមួយឡែក និងបែរមកសហការណ៍។ លោក លី ខ្វាន់យូ ក៏សោកស្ដាយដែរដែលវៀតណាមកាន់កាប់កម្ពុជាតាំងពីឆ្នាំ១៩៧៨ ជាហេតុធ្វើអោយទំនាក់ទំនងសាំងកាពួរ និងវៀតណាមខាតពេលអស់ ១២ឆ្នាំ។

នៅខែតុលា ឆ្នាំ១៩៩១ គឺមួយសប្ដាហ៍ក្រោយមានកិច្ចព្រមព្រៀង ក្រុងប៉ារីសស្ដីពីកម្ពុជា លោក វ៉ូ វ៉ាន់គៀត ដែលកាលនោះបានក្លាយជានាយករដ្ឋមន្ត្រីវៀតណាមនោះ បានទៅទស្សនកិច្ចនៅសាំងកាពួរ ហើយស្នើសុំជួបលោក លី ខ្វាន់យូ ដែលកាលនោះលែងជានាយករដ្ឋមន្ត្រីទៅហើយ។ ក្នុងជំនួបនោះ លោក វ៉ាន់គៀត សុំអោយលោក លី ខ្វាន់យូ ជួយតាមរយៈការធ្វើជាទីប្រឹក្សាសេដ្ឋកិច្ច។ លោក លី ខ្វាន់យូ ភ្ញាក់ផ្អើលនឹងសំណើនេះ ដោយសារតែកាលកន្លងមក លោកគឺជាគោលដៅនៃការវាយប្រហារបស់វៀតណាម ព្រោះលោកប្រឆាំងនឹងវៀតណាមដែលចូលទៅត្រួតត្រាកម្ពុជា។ លោក លី ខ្វាន់យូ ប្រាប់លោក វ៉ាន់គៀត ថាលោកមានបទពិសោធតែត្រឹមបុរីរដ្ឋតួចមួយប៉ុណ្ណោះ តែគ្មានបទពិសោធដឹកនាំប្រទេសធំដូចវៀតណាម ដែលមានប្រជាជន ៦០លាននាក់ និងខ្ទេចខ្ទីដោយសង្គ្រាម ហើយប្រើប្រព័ន្ធកុម្មុយនីសនោះទេ។
ដោយលោក វ៉ាន់គៀត នៅព្យាយាមសរសេរលិខិតមកលោក លី ខ្វាន់យូ ជាបន្តបន្ទាប់ លោក លី ខ្វាន់យូ ក៏សម្រេចទៅមើលប្រទេសវៀតណាមនៅឆ្នាំ១៩៩២។ នៅពេលនោះ មេដឹកនាំវៀតណាមសួរសំនួរចំនួន ៥អំពីសេដ្ឋកិច្ច ដែលលោកអាចដឹងថា សំនួរនេះគឺដោយសារពួកគេនៅជាប់នឹងគំនិតសេដ្ឋកិច្ចផែនការ ហើយស្នើអោយពួកគេសិក្សាករណីតៃវ៉ាន់ និងកូរ៉េខាងត្បូង។ លោក លី ខ្វាន់យូ បានផ្ដល់យោបល់អោយរដ្ឋាភិបាលវៀតណាមទាក់ទាញអោយជនភៀសខ្លួនវៀតណាមខាងត្បូងដែលរត់ទៅនៅអាមេរិក អឺរ៉ុប និងអូស្ត្រាលី អោយមករកស៊ីនៅវៀតណាមរួចយកទីក្រុងហូជីមិញអូសក្បាលម៉ាស៊ីនសេដ្ឋកិច្ចវៀតណាមទាំងមូល។ តែលោក លី ខ្វាន់យូ ស្ទង់ដឹងថា មេដឹកនាំវៀតណាមខ្លាចជនភៀសខ្លួនទាំងនោះអាចដើរតួជាភ្នាក់ងារសម្ងាត់អោយបរទេស ដូចជាស៊ីអាយអេ(CIA) របស់អាមេរិកជាដើម។
នៅចុងទស្សនកិច្ចនោះ លោក វ៉ានគៀត អរគុណលោក លី ខ្វាន់យូ ហើយហៅលោកថាជា«មិត្តពិត» ព្រោះលោកបានផ្ដល់«យោបល់ដ៏ស្មោះត្រង់» ទោះបីជាយោបល់«ស្ដាប់លឺហើយឈឺចាប់»ក៏ដោយ។ លោក វ៉ាន់គៀត សុំអោយលោក លី ខ្វាន់យូ មកវៀតណាមរាល់ឆ្នាំ តែលោក លី ខ្វាន់យូ សន្យាទៅវៀតណាម ២ឆ្នាំម្ដង ដោយនៅចន្លោះនោះ លោក លី ខ្វាន់យូ បញ្ជូនក្រុមការងារអោយទៅពិនិត្យចំណុចខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធវៀតណាម។

លោក លី ខ្វាន់យូ កត់សម្គាល់ថា មេដឹកនាំវៀតណាម គឺជាមនុស្សមួយក្រុមដ៏«ហំហាន(impressive) និងហ្មត់ចត់» ហើយដោយសារតែប្រជាជនវៀតណាមជាមនុស្សឈ្លាសវៃប្រកបដោយថាមពល និងជាអ្នកកាន់លទ្ធិខុងជឺច្បាស់លាស់នោះ លោកជឿជាក់ថា ត្រឹម ២០ ទៅ ៣០ឆ្នាំ វៀតណាមនឹងងើបក្បាលឡើងវិញ។

នៅក្នុងទស្សនកិច្ចនោះដែរ លោក លី ខ្វាន់យូ បានផ្ដល់អនុសាសន៍អោយវៀតណាមផ្ដោតលើការធ្វើអាកាសយានដ្ឋានអន្តរជាតិធំមួយ និងកំពង់ផែអន្តរជាតិធំមួយជាជាងធ្វើតូចៗតែច្រើន។ ចំពោះក្រុមហ៊ុនរដ្ឋដែលខាតលោកផ្ដល់យោបល់អោយវៀតណាមលក់អោយឯកជនបរទេស ដែលពួកគេនឹងនាំមកនូវជំនាញគ្រប់គ្រង និងដើមទុនសម្រាប់នាំចូលបច្ចេកវិទ្យា។ លោកយល់ថាការលក់ក្រុមហ៊ុនអោយជនជាតិខ្លួនឯងពុំអាចនាំមកនូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទេ។
នៅឆ្នាំ១៩៩២ ក្រុមការងាររបស់លោក លី ខ្វាន់យូ បានដាក់របាយការណ៍មួយ ហើយរដ្ឋាភិបាលវៀតណាមក៏ធ្វើតាម។ សាំងកាពួរក៏រៀបចំថវិកាចំនួន ១០លានដុល្លាជាជំនួយសម្រាប់បណ្ដុះបណ្ដាលមន្ត្រីវៀតណាម។
លោក ដូ មឿយ(Do Muoi) ដែលជាអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម(ប្រធានបក្ស) បានណែនាំអោយមន្ត្រីរៀនសូត្រពីសាំងកាពួរ ហើយលោកថែមទាំងអោយគេបកប្រែសៀវភៅលោក លី ខ្វាន់យូ ជាភាសាវៀតណាមទៀតផង ទោះបីការបកប្រែនោះពុំបានសុំសិទ្ធិបញ្ញាក្ដី។ កាលនោះ ពេលលោក ដូ មឿយ សួរយោបល់ពីរបៀបបង្កើនលំហូរសាច់ប្រាក់វិនិយោគ លោក លី ខ្វាន់យូ បានប្រាប់អោយពួកគេបោះបង់គំនិតបែបទ័ពព្រៃ តាមរយៈការកាត់បន្ថយចំនួនជាន់ថ្នាក់សម្រាប់អ្នកវិនិយោគសុំការអនុញ្ញាតចំពោះគម្រោងនានា។
ដំបូងៗមន្ត្រីវៀតណាមនៅតែបន្តឆ្លៀតឱកាសរកលុយពីកិច្ចសន្យានានារបស់អ្នកវិនិយោគ។ ក៏ប៉ុន្តែនៅក្នុងទស្សនកិច្ចមួយទៀតនៅឆ្នាំ១៩៩៥ លោក លី ខ្វាន់យូ បានប្រាប់លោក ផាន់ វ៉ាន់ខៃ(Phan Van Khai) ដែលជាឧបនាយករដ្ឋមន្ត្រីទីមួយថា វៀតណាមត្រូវតែជួយជ្រោមជ្រែងអោយអ្នករកស៊ីដែលមកដល់ដីវៀតណាមនោះអោយពួកគេជោគជ័យ។ លោកកត់សម្គាល់កាលនោះថា មន្ត្រីវៀតណាមទុកអ្នករកស៊ីហាក់ដូចជាសត្រូវដូចទាហានអាមេរិក ដែលពួកគេត្រូវនាំយកទៅក្នុងព្រៃ រួចកម្ទេចចោលយ៉ាងដូច្នោះដែរ។

លោក លី ខ្វាន់យូ ប្រាប់លោក វ៉ាន់ខៃ អំពីបញ្ហាដែលអ្នករកស៊ីសាំងកាពួរជួបប្រទះ ដែលក្នុងចំណោមនោះ គឺការកែប្រែកិច្ចសន្យារបស់ក្រុមហ៊ុនវៀតណាមដែលដាក់ទុនរកស៊ីជាមួយក្រុមហ៊ុនសាំងកាពួរ ដែលពាក់ព័ន្ធនឹងទឹកប្រាក់ ១លានដុល្លា។ លោក លី ខ្វាន់យូ ផ្ដល់យោបល់អោយលោក វ៉ាន់ខៃ ធ្វើអន្តរាគមន៍ក្នុងរឿងនេះ និងថារឿងសំខាន់មិនស្ថិតលើទឹកប្រាក់ ១លានដុល្លានោះទេ តែគឺរឿងទំនុកចិត្តអ្នករកស៊ី។

បើនិយាយពីក្រុមអ្នកដឹកនាំវៀតណាមវិញ លោក លី ខ្វាន់យូ កត់សម្គាល់ឃើញថា ពួកគេនៅតែព្រួយបារម្ភថា ការបើកចំហប្រទេសនឹងធ្វើអោយពួកគេបាត់បង់ឥទ្ធិពល ហើយខណៈនោះដែរ មេដឹកនាំតាមខេត្ត និងក្រុងសុទ្ធសឹងជាអតីតមេទ័ពព្រៃ។ កាលពីឆ្នាំ១៩៩៣ លោកថា លោកបានប្រាប់លោក វ៉ាន់គៀត ថាវៀតណាមគួរតែតម្លើងតំណែងអ្នកទាំងនោះជាទីប្រឹក្សា ហើយជំនួសមកវិញនូវមនុស្សវ័យក្មេងដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយបស្ចឹមលោកអោយកាន់កិច្ចការប្រចាំថ្ងៃវិញ ដោយលោកជឿជាក់ថា ពេលក្មេងៗកាន់កាប់ សេដ្ឋកិច្ចវៀតណាមនឹងបោះពួយទៅមុខលឿន។ អញ្ចឹងហើយទើបលោក លី ខ្វាន់យូ កត់សម្គាល់ឃើញថា ក្នុងការដោះដូរដ៏សំខាន់មួយនូវថ្នាក់ដឹកនាំវៀតណាមកាលពីខែកញ្ញា ឆ្នាំ១៩៩៧ លោកឧបនាយករដ្ឋមន្ត្រី ផាន់ វ៉ាន់ខៃ ត្រូវធ្វើជានាយករដ្ឋមន្ត្រីជំនួសលោក វ៉ូ វ៉ាន់គៀត ហើយលោកឧបនាយករដ្ឋមន្ត្រី ត្រាន់ ដឹកលួង(Tran Duc Luong) ត្រូវធ្វើជាប្រធានាធិបតីជំនួសលោកឧត្តមសេនីយ៍ ឡឺ ដឹកអាញ់(Le Duc Anh)។

*នៅក្នុងសង្គ្រាមវៀតណាម អាមេរិកដែលជាប្រទេសសេរីព្យាយាមទប់ទល់នឹងវៀតណាមខាងជើងដើម្បីកុំអោយឥទ្ធិពលកុម្មុយនីសរាតត្បាតទៅផ្នែកផ្សេងទៀតនៃអាស៊ីអាគ្នេយ៍។ សាំងកាពួរ និងថៃក៏ចង់ទប់ស្កាត់ការរីកសាយនៃឥទ្ធិពលនេះទៅកាន់ប្រទេសពួកគេដែរ។

**ទ្រឹស្ដីដូមីណូ(domino theory) គឺជាទ្រឹស្តីដែលបរិយាយពីកាលដែលរឿងមួយកើតឡើងលើស្ថាប័នមួយធ្វើអោយជះឥទ្ធិពលដល់ស្ថាប័នស្រដៀងគ្នាមួយហើយមួយទៀតបន្តបន្ទាប់គ្នា ហើយឥទ្ធិពលនេះ គេហៅថា ឥទ្ធិពលដូមីណូ(domino effect)។ ឧទាហរណ៍ នៅពេលមានវិបត្តិសេដ្ឋកិច្ច បើធនាគារមួយក្ស័យធន រួចធ្វើអោយធនាគារផ្សេងៗទៀតដួលរលំដែរ គេហៅឥទ្ធិពលនេះថាជា ឥទ្ធិពលដូមីណូ។ នៅក្នុងអត្ថបទខាងលើ ឥទ្ធិពលដូមីណូគឺសំដៅលើការដួលរលំរបប លន់ ណុល រួចមកក៏មានការដួលរលំរដ្ឋាភិបាលវៀតណាមខាងត្បូង៕

Facebook Comments

To Top