ព័ត៌មានជាតិ

ពលរដ្ឋដាក់បណ្ដឹង ទៅរដ្ឋបាល ខេត្តបន្ទាយមានជ័យ ប្ដឹងឈ្មោះ សី ស៊ីឡៃ មន្រ្តីជលផលក្រុង ប៉ោយប៉ែត និងឈ្មោះ ប្រាក់ ប៉ូលី ប្រធាន​មន្ទីរ​​ដែនដីដែលឃុបឃិតគ្នា រំលោភយកដីផ្លូវ ធ្វើកម្មសិទ្ធិឯកជន

ភ្នំពេញ៖ លោក ហ៊ុន សាលី តំណាងប្រជាពលរដ្ឋ ក្នុងក្រុមទី១៤ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបានដាក់ពាក្យបណ្ដឹង ទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្ដឹងឈ្មោះ ឈ្មោះ សី ស៊ីឡៃ មន្រ្តីជលផលក្រុងប៉ោយប៉ែត និង ឈ្មោះ ប្រាក់ ប៉ូលី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​សំណង់ និង​សុរិយោដីខេត្តបន្ទាយមានជ័យ ដែលបានឃុបឃិតគ្នារំលោភយកដីផ្លូវ ធ្វើជាកម្មសិទ្ធិឯកជន ខណៈករណីនេះក្រុមប្រជាពលរដ្ឋ បាននាំគ្នាផ្ដិតមេដាយប្ដឹងទៅ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ ។

គួររំលឹកថាកាលពីពេលកន្លងទៅ លោក សាន ស៊ានហូរ អភិបាលក្រុងប៉ោយប៉ែត ធ្លាប់បានចុះទៅជួប ប្រជាពលរដ្ឋរងគ្រោះខាងលើ ដោយសន្យាថា នឹងដោះស្រាយជូន តែជាលទ្ធផលមិនទាន់អាច ដោះស្រាយបាននោះទេ រហូតមកដល់ពេលនេះ ។

យោងតាមពាក្យបណ្ដឹងរបស់លោក ហ៊ុន សាលី តំណាងប្រជាពលរដ្ឋដែលបានដាក់ចូលទៅរដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៧កុម្ភៈនេះបានឲ្យដឹងថា”គោរពជូនលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ប្ដឹងឈ្មោះថា សី ស៊ីឡៃ អាយុប្រហែល ៤៧ឆ្នាំមុខងារជាមន្រ្តីរដ្ឋបាលជលផលក្រុងប៉ោយប៉ែត មានអាសយដ្ឋាននៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះប្រាក់ ប៉ូលី ប្រធាន​មន្ទីរ​រៀបចំ​ដែនដីពីបទរំលោភយកដីផ្លូវ” ។

ពាក្យបណ្ដឹងដដែលបានឲ្យដឹងបន្តថា ផ្លូវលំមួយខ្សែ ត្រូវបានជីកសំណៅភ្លោះតាំងពីឆ្នាំ ២០០០ មកម្ល៉េះ និងជីកសំណៅភ្លោះ អែបខាងត្បូងផ្លូវ បន្ថែមនៅឆ្នាំ២០០៦ ដោយលោកមេក្រុមឈ្មោះ ឌុម តែជីកមិនបានធ្លុះទេ ព្រោះឈ្មោះ សី ស៊ីឡៃ បានកាន់ដំបង ឆក់ មកគំរាមប្រជាពលរដ្ឋ និងចាប់ប្រជាពលរដ្ឋ បើហ៊ានជីកសំណៅភ្លោះលើផ្លូវនេះបន្ត ដែលមានចម្ងាយ៣០ម៉ែត្រ ក្រោយមកឈ្មោះ សី ស៊ីឡៃ នេះបានព័ទ្ធយកដីចំណីផ្លូវទំហំ៧ម៉ែត្រ គុណ១៥ ម៉ែត្រ ទៀតគឺ នៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០១៣ នេះសបញ្ជាក់ឲ្យឃើញថា ឈ្មោះ សី ស៊ីឡៃ នេះមានចេតនាទុច្ចរិត ឃុបឃិត ជាមួយអាជ្ញាធរដែនដី ធ្វើលិខិតកាន់កាប់ដី ដោយរំលោភយកដីចំណីផ្លូវយ៉ាងពិតប្រាកដ។

ចំណែកឈ្មោះប្រាក់ ប៉ូលី ដែលជាមន្រ្តីជំនាញផ្នែកសុរិយោដីបានឃុបឃិតជាមួយអាជ្ញាធរដែនដីធ្វើលិខិតកាន់កាប់ដីដោយរំលោភយកដីផ្លូវទំហំ៣គុណ៤៤ម៉ែត្រ។ដីដែលប្រាក់ ប៉ូលី អះអាងថាជាដីរបស់ខ្លួនជាដីវាលមិនមានព័ទ្ធរបងទេហើយប្រជាពលរដ្ឋបានធ្វើដំណើរតាមផ្លូវនេះជារៀងរាល់ថ្ងៃស្របតាមរបងដែលឈ្មោះ សី ស៊ីឡៃ បានព័ទ្ធកន្លងមក ។ ដោយអាងខ្លួនជាប្រធានសុរិយោដីខេត្តអាចចេញប្លង់ខ្លួនឯង បានឬបញ្ជាឲ្យកូនចៅចេញប្លង់ដីបានដូច្នេះប្រាក់ ប៉ូលី បានធ្វើប្លង់លេបយកដីផ្លូវនេះតែម្ដង។
តាមរយៈពាក្យបណ្ដឹងដដែលប្រជាពលរដ្ឋក៏បានស្នើដល់លោក សួនបវរអភិបាលខេត្តបន្ទាយមានជ័យ ឲ្យនិរាករណ៍(បោះបង់ចោល)លិខិត កាន់កាប់ដីធ្លី ឬប្លង់របស់ឈ្មោះ សី ស៊ីឡៃ និឈ្មោះ ប្រាក់ប៉ូលី ទំហំ៤៤៧ ម៉ែត្រការ៉េ (ឈ្មោះ សី ស៊ីឡៃ ទំហំ៤៥ម៉ែត្រគុណ៧ម៉ែត្រនិងឈ្មោះ ប្រាក់ ប៉ូលី ទំហំ៤៤ម៉ែត្រ និសុំបើកប្រើប្រាស់ផ្លូវសាធារណៈ ទំហំ៤៤៧ ម៉ែត្រ ការ៉េ ដែលឈ្មោះ សី ស៊ីឡៃ និងឈ្មោះ ប្រាក់ ប៉ូលី បានធ្វើលិខិតកាន់កាប់រំលោភយកនិងសូមឲ្យអភិបាលខេត្ត បដិសេធការចុះបញ្ជីប្លង់ដី របស់ឈ្មោះ ហេង សារ៉ាត់ ដែលមានដីឡូតិ៍លេខ ១១៧៣ ។
សូមជម្រាបជូនថាពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋមួយក្រុម រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នាផ្ដិតមេដាយប្ដឹងទៅ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សុំបើកផ្លូវសាធារណៈ ទំហំ៤៤៧ម៉ែត្រការ៉េ ដែលឈ្មោះ សី ស៊ីឡៃ មន្រ្តីជលផលក្រុងប៉ោយប៉ែត និង លោក ប្រាក់ ប៉ូលី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​សំណង់ និង​សុរិយោដីខេត្តបន្ទាយមានជ័យ រំលោភយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន និងប្ដឹងឲ្យអ្នកទាំងពីរ សងជំងឺចិត្ត៤០លានរៀល។

យោងតាមពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋប្ដឹងទៅ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន៥ចំណុចរួមមាន៖ “១.សូមនិរាករណ៍ លិខិតកាន់កាប់ដីធ្លី ឬប្លង់របស់ឈ្មោះសី ស៊ីឡៃ និងឈ្មោះប្រាក់ ប៉ូលី , ២.សុំបើកប្រើប្រាស់ផ្លូវសាធារណៈ ទំហំ៤៤៧ម៉ែត្រការ៉េ ដែលឈ្មោះ សី ស៊ីឡៃ និងប្រាក់ ប៉ូលី បានធ្វើលិខិតកាន់កាប់ដីធ្លី ឬប្លង់រំលោភយក ,៣.សូមដកលោក ប្រាក់ ប៉ូលី ចេញពីប្រធានការិយាល័យ ភូមិបាលក្រុងប៉ោយប៉ែត ,៤.សូមចាត់ការជនល្មើសទាំងពីររូបនេះ និងអ្នកសមគំនិតទាំងអស់ បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ និងទី៥.សូមឲ្យឈ្មោះ សី ស៊ីឡៃ និងឈ្មោះប្រាក់ ប៉ូលី បង់ប្រាក់ជំងឺចិត្ត និងការខាតបង់ពេលវេលា នូវទឹកប្រាក់៤០លានរៀល មកឲ្យពួកយើងខ្ញុំ”។

សូមរំលឹកថា ប្រជាពលរដ្ឋមួយក្រុម រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នាធ្វើការប្ដឹងទៅលោក សាន ស៊ានហួរ អភិបាលក្រុងប៉ោយប៉ែត ទាមទារឲ្យ ឈ្មោះ ហេង សារ៉ាត់បើកផ្លូវដែលមានទទឹង ៨ម៉ែត្រ និងបណ្ដោយ៤៥ម៉ែត្រ ព្រមទាំងបដិសេធការ ចុះបញ្ជីដីឡូត៍លេខ១១៧៣ របស់ឈ្មោះ ហេង សារ៉ាត់ ដែលបានយកដីផ្លូវទំហំ ៣៦០ម៉ែត្រក្រឡា ទៅចុះបញ្ជីធ្វើជាកម្មសិទ្ធិឯកជន ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ បានធ្វើការរិះគន់ធ្ងន់ៗ ទៅលើលោកប្រាក់ ប៉ូលី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ​នគរូបនីយកម្ម​សំណង់ និង​សុរិយោដីខេត្តបន្ទាយមានជ័យថា ចាប់តាំងពីឡើងកាន់តំណែងមក បង្ករឿងអាស្រូវទំនាស់ដីធ្លី ជាច្រើនកន្លែង ពោលគឺក្នុងនាមខ្លួនជាមន្រ្តី មិនដែលចេញមុខចាត់វិធានការ ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋនោះទេ​មានតែធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋម្ដងហើយម្ដងទៀត៕

Facebook Comments

To Top