ជីវប្រវត្តិឥស្សរជន

៤៤ឆ្នាំក្រោយ! ប្រធានាធិបតីវៀតណាម ប្រកាសដឹងគុណសម្តេចព្រះបរមរតនកោដ្ឋ ជួយបង្រួបបង្រួមវៀតណាម (មានវីដេអូ)


ភ្នំពេញ៖ ប្រធានាធិបតីវៀតណាម ង្វៀន ភូត្រុង ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅកម្ពុជា បានប្រកាសថ្លែងដឹងគុណសម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលជួយបង្រួបបង្រួមវៀតណាម កាលពី៤៤ឆ្នាំ ពោលគឺថ្ងៃរំដោះវៀតណាមខាងត្បូង នៅថ្ងៃទី៣០ ខែមេសាឆ្នាំ១៩៧៥។

ការប្រកាសនេះ គឺជាអ្វីដែលប្រជាជាតិកម្ពុជា ទន្ទឹងនិងចង់បាន អស់រយៈពេល៤៤ឆ្នាំគត់ ដែលទើបតែពេលនេះ វៀតណាមប្រធានាធិបតី ក្នុងតំណែងរបស់ សាធារណរដ្ឋសង្គមនិយម វៀតណាម បានប្រកាសបែបនេះ។ នេះ ពិតជាបានបង្ហាញឲ្យឃើញ យ៉ាងជាក់ស្តែង អំពីទំនាក់ទំនង ជាប្រវត្តិសាស្រ្ត រវាងប្រទេសទាំងពីរ។

ការសម្តែងការដឹងគុណនេះ ក្នុងឱកាសលោក ង្វៀន ភូត្រុង (NGUYEN PHU TRONG) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយម វៀតណាម បានបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ។

យោងតាមលទ្ធផល នៃដំណើរទស្សនកិច្ចប្រធានរដ្ឋវៀតណាម ដែលប្រកាសដោយ ក្រសួងការបរទេសខ្មែរ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា “ភាគីវៀតណាមតែងតែដឹងនូវគុណូបការៈ យ៉ាងធំធេងចំពោះព្រះរាជឧបត្ថម្ភ និងការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ថ្នាក់ដឹកនាំកម្ពុជា និងប្រជាជនកម្ពុជា ចំពោះប្រជាជនវៀតណាម ក្នុងបុព្វហេតុតស៊ូ ដើម្បីឯករាជ្យជាតិ ក្នុងអតីតកាល ក៏ដូចជាក្នុងការស្ថាបនា និងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលបច្ចុប្បន្ន”។

គួររម្លឹកថា ប្រទេសវៀតណាម ត្រូវបែកជា២ប្រទេស ក្រោមសនិ្ធសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ គឺវៀតណាម ខាងជើង ក្រោមការដឹកនាំរបស់លោកប្រធានហូ (ហូ ជីមិញ រឺ ង្វៀន អាយគួក) និងវៀតណាមខាងត្បូង ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ផងដែរថា “ចំណែកភាគីកម្ពុជា បានសម្តែងអំណរគុណចំពោះការគាំទ្រដ៏ខ្លាំងក្លា និងជំនួយឧបត្ថម្ភដែលថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម បានផ្តល់ឲ្យប្រជាជនកម្ពុជាក្នុងពេលអតីតកាល ក៏ដូចជាបច្ចុប្បន្ន និងបានអះអាងថា ប្រជាជនកម្ពុជានឹងចងចាំជានិច្ចចំពោះ ជំនួយឧបត្ថម្ភដែលមិន អាចកាត់ថ្លៃបាន និងការគាំទ្ររបស់ភាគីវៀតណាម សម្រាប់ការតស៊ូរបស់ប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នៅឆ្នាំ១៩៧៩ និងការរួមចំណែក ដល់ការស្តារ និងកសាងកម្ពុជាឡើងវិញ”។

មិនតែប៉ុណ្ណោះ ភាគីទាំងពីរ បានឯកភាពគ្នាថា ការការពារ ការថែរក្សា និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» ដោយឈរលើគោលការណ៍នៃការឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមកម្ពុជា-វៀតណាមលើកមុនៗ ។ ភាគីទាំងពីរបានឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងនយោបាយឲ្យកាន់តែស៊ីជម្រៅ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាស្ថាប័ន ថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ។

ក្នុងឱកាសមកបំពេញទស្សនកិច្ច ធ្វើឡើងជាលើកដំបូង ក្រោយពី លោក ង្វៀន ភូត្រុង ឡើងកាន់តំណែង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ជំនួសលោក ត្រាង ដាយក្វាង ដែលទទួលមរណភាព ។ លោកបានចូលគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះបរមរាជវាំង ។

លោកប្រធានរដ្ឋវៀតណាម ក៏មានជំនួបជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ដោយឡែកក្នុងជំនួបជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចជំរុញរាជរដ្ឋាភិបាលកម្ពុជា-វៀតណាម ចរចាបញ្ចប់លើបញ្ហាព្រំដែនដើម្បីឈានទៅ សម្រេចនៃការបោះបង្គោល និងការងារខណ្ឌសីមារវាងប្រទេស ទាំងពីរឲ្យបានគ្រប់សព្វ។ ជាងនេះទៅទៀតថា ប្រធានព្រឹទ្ធសភាបញ្ជាក់ថា កម្ពុជាមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជា មួយវៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិ- បត្តិការថ្នាក់តំបន់ និងអន្តរជាតិ ដូចជា AIPA APPF IPU និង CLV ជាដើម។

ចំណែកលោក ង្វៀន ភូត្រុង បានលើកឡើងថា ទំនាក់ទំនងប្រទេសទាំងពីរស្ថិតក្នុងស្មារតី ភូមិផងរបងល្អប្រពៃជាមួយគ្នា និងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រឹងមាំយូអង្វែង។ វៀតណាមមិនអាចបំភ្លេចបាន ទេនូវការជួយឧបត្ថគាំទ្រ ដ៏ធំធេងរបស់ប្រទេស និងប្រជាជនកម្ពុជា ក្នុងបុព្វហេតុតស៊ូ កៀកស្មាគ្នាប្រឆាំងពួកអាណានិគមនិយម ដើម្បីបុព្វហេតុឯករាជ្យជាតិពីមុនមក និងបុព្វហេតុកសាងប្រទេសជាតិ នាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ តាមរយៈជំនួបជាមួយ សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន បានសម្តែងសាទរវៀតណាមរៀបចំ កិច្ចប្រជុំកំពូលលើកទី២ ឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចាប់ផ្តើមនៅថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ នៅប្រទេសវៀតណាម ខណៈលើកទី១ ធ្វើឡើងនៅសិង្ហបុរី៕

Facebook Comments

To Top