នយោបាយ

ឥណ្ឌា គ្រោងវិនិយោគ លើវិស័យសំខាន់ៗ ចំនួន៤នៅកម្ពុជា

ភ្នំពេញ៖ ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម រវាងឥណ្ឌា-កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត លោក សាន់ឌិប សូម៉ានី (Sandip Somany) ប្រធានសហព័ន្ធ សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ លើវិស័យសំខាន់ៗ ចំនួន៤ នៅកម្ពុជា ។

ថ្លែងនៅក្នុងជំនួបជាមួយ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា លោក សាន់ឌិប សូម៉ានី បានប្រាប់ឲ្យដឹងថា “ក្នុងនាមជា តំណាងវិស័យឯកជន នៃប្រទេសឥណ្ឌា យើងមានចំណាប់អារម្មណ៍វិនិយោគ លើវិស័យសំខាន់ៗចំនួន៤ នៅក្នុងប្រទេសកម្ពុជា រួមមាន៖ វិទ្យាសាស្រ្ត និងបចេ្ចកវិទ្យា ទេសចរណ៍ ហេដ្ឋាចរចនាសម្ព័ន្ធ (ផ្លូវថ្នល់ ផ្លូវដែក និងស្ពាន) និងកសិឧស្សាហកម្ម “។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះ គម្រោងវិនិយោគខាងលើ និងបានជម្រាបជូន លោក សាន់ឌិប សូម៉ានី អំពីលក្ខណៈអំណោយផល នៃទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា គោលនយោបាយបើកចំហរ និងគោលការណ៍ លើកទឹកចិត្តវិនិយោគផ្សេងៗ របស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ដែលមានគោលដៅប្រែក្លាយកម្ពុជាពីប្រទេសដែលពឹងផ្អែកខ្លាំងលើការប្រើប្រាស់កម្លាំង ទៅជាប្រើប្រាស់ជំនាញនៅឆ្នាំ២០៣០។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសក្តានុពល នៃវិស័យកសិកម្ម និងកសិឧស្សាហកម្មកម្ពុជា និងបានស្នើសុំលោក សាន់ឌិប សូម៉ានី ជួយកៀងគរ ធុរជនឥណ្ឌា ធ្វើការបណ្តាក់ទុន លើការកែច្នៃកសិផលខ្មែរ សម្រាប់នាំចេញទៅកាន់ ប្រទេសឥណ្ឌានិងផ្គត់ផ្គង់ទីផ្សារក្នុងតំបន់និងពិភពលោក។
បន្ថែមលើសពីនេះលោករដ្ឋមន្រ្តីក៏បានស្នើឱ្យមានជើងហោះហើរ ត្រង់ពីឥណ្ឌា មកកម្ពុជា ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ វប្បធម៌ និងកិច្ចសហប្រតិបត្តិការ ធុរកិច្ចនៃប្រទេសទាំងពីរថែមទៀត ។

សូមបញ្ជាក់រថា ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា សម្រេចបាន ១២៦លានដុល្លារ ខណៈដែលទឹកប្រាក់វិនិយោគ មានប្រហែល ២០លានដុល្លារ៕ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top