ព័ត៌មានជាតិ

អំណោយមនុស្សធម៌ពីសប្បុរសជននានា នឹងចែកឲ្យជនរងគ្រោះ មិនមែនសម្រាប់ឧបត្ថម្ភ បុគ្គលិកកាកបាទក្រហមទេ

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ បានលើកឡើងថា អំណោយមនុស្សធម៌របស់សប្បុរសជន​នានាដែលឧបត្ថម្ភ មកកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ត្រូវតែផ្តល់ទៅឲ្យជនរងគ្រោះ និងជនងាយរងគ្រោះមិនអាចយកថវិកា ឬអំណោយទាំងនេះទៅឧបត្ថម្ភសម្រាប់បុគ្គលិកកាកបាទក្រហម ដូចការលើកឡើង របស់មតិមួយចំនួននោះទេ។

ក្នុងកិច្ចប្រជុំពិភាក្សា និងដាក់ទិសដៅការងារសម្រាប់ឆ្នាំ២០១៩ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឃួង ស្រេង មានប្រសាសន៍ថា “ចំពោះប្រាក់ឧបត្ថម្ភមន្ត្រីរបស់បាទក្រហម ដែលបម្រើលើការងារនេះ ត្រូវរកចំណូលផ្សេងៗទៀត ដាច់ខាតមិនត្រូវប៉ះពាល់ទៅលើប្រាក់ របស់សប្បុរសជនឡើយ ។ ការធ្វើបែបនេះ នឹងធ្វើឲ្យសប្បុរសជនដែលគេជួយឧបត្ថម្ភ គេមានទំនុកចិត្ត នឹងអាចបន្តជួយដល់សកម្មភាពរបស់កាកបាទក្រហមទៀត” ។

ក្នុងកិច្ចប្រជុំនោះ ក៏បានពិភាក្សាទៅលើការចំណូលចំណាយ ការរៀបចំការបណ្ដុះបណ្ដាល ធនធានមនុស្ស ពិសេសការបណ្ដុះបណ្ដាលយុវជនកាកបាទក្រហម ព្រោះឆ្នាំ២០១៩នេះ យុវជនកាកបាទក្រហមរាជធានី នឹងត្រូវជ្រើសរើសចំនួន៣០០០នាក់ ដើម្បីបំរើឲ្យសកម្មភាព មនុស្សធម៌ ដូចជាការសង្គ្រោះបឋម ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការអប់រំពាក់ព័ន្ធបញ្ហាគ្រឿងញៀនជាដើម ។

លោក ឃួង ស្រេង បន្តទៀតថា ថវិកាដែលបម្រើដល់សកម្មភាពមនុស្សធម៌ដាច់ខាតត្រូវតែប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីឲ្យសប្បុរសជនមានទំនុកចិត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

មន្ត្រីកាកបាទក្រហមរាជធានីភ្នំពេញ បានឲ្យដឹងថា កន្លងមកបានជួយបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបានទាន់ពេលវេលា បានចុះពិនិត្យតាមដានសកម្មភាពការងារជាប់ជាប្រចាំ។ កាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ឲ្យនៅកម្រិតទាបបំផុត បង្ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ បំបាត់ការរើសអើងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ការទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនផ្តាសាយបក្សី ប្រភេទថ្មីៗជាដើម។

ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨មីនាត្រូវបានធ្វើឡើ ជារៀងរាល់ឆ្នាំ ដើម្បីប្រមូល មូលនិធិគាំទ្រសកម្មភាពមនុស្សធម៌ ដោយសហការជាមួយមន្ទីរពេទ្យនានាជួយជនរងគ្រោះ៕ ដោយ ម៉ៅ ដារាត់

Facebook Comments

To Top