X

រដ្ឋមន្រ្តីក្រសួងព័ត៌មាន កំពុងកង្វល់ចំពោះ ស្ថាប័នសារព័ត៌មាន មិនព្រមកែតម្រូវតាមការស្នើសុំ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញនូវក្តីកង្វល់ ចំពោះស្ថាប័នសារព័ត៌មានមួយចំនួន ដែលមិនព្រមកែតម្រូវអត្ថបទ តាមការស្នើសុំរបស់គេ ព្រោះក្រសួងមិនចង់ឃើញ ឲ្យមានការប្តឹងផ្តល់ ណាមួយកើតឡើងទេ។

ក្នុងឱកាសចូលរួមបើក សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ លោក ខៀវ កាញារីទ្ធ បានថ្លែងថា “យើងកំពុងគិតអំពីបញ្ហាមួយ ដោយសារកន្លងមកនេះ មានស្ថានីយវិទ្យុ និងកាសែតខ្លះ ពេលដែលគេសុំឲ្យ កែតម្រូវគាត់មិនព្រមកែ ពីព្រោះក្រសួងមិនចង់ឲ្យ មានរឿងប្តឹងកាសែត និងអ្នកកាសែតទេ”។

លោកថា ដោយសារករណីនេះ ទើបកន្លងមកមានមតិមួយចំនួន ស្នើមកក្រសួងឲ្យធ្វើវិសោធនកម្មច្បាប់ ស្តីពីរបបសារព័ត៌មាន ដែលបានអនុម័តតាំងពីឆ្នាំ១៩៩៥ ដោយដាក់បន្ថែមពីកាតព្វកិច្ច កែតម្រូវរបស់អ្នកសារព័ត៌មាន នៅពេលណាមានការស្នើសុំ ឲ្យកែតម្រូវដោយមាន ភស្តុតាងគ្រប់គ្រាន់។

ដើម្បីលុបបំបាត់ព័ត៌មាន បែបបំពុលក្នុងសង្គម នាពេលបច្ចុប្បន្ននេះ លោករដ្ឋមន្រ្តីបានបញ្ជាឲ្យ មន្រ្តីព័ត៌មានគ្រប់ស្ថាប័នទាំងអស់ ត្រូវតែប្រញាប់ចេញបំភ្លឺជាបន្ទាន់ ព្រោះការធ្វើបែបនេះ នឹងគ្មានអ្វីកើតឡើងទៀតទេ។

ចំពោះព័ត៌មានបំពុល បំផ្លើសខុសពីការពិតនោះ រដ្ឋមន្រ្តីបន្តថា ក្រសួងគ្មានគោលការណ៍ ប្តឹងផ្តល់អ្វីនោះទេ ប៉ុន្តែបើប៉ះពាល់ដល់ កិត្តិយសរបស់បុគ្គល ឬស្ថាប័នណានោះ ពួកគេមានសិទ្ធិប្តឹង។

ពាក់ព័ន្ធទៅនឹងសេចក្តីព្រាង សិទ្ធិទទួលបានព័ត៌មានវិញលោក ខៀវ កាញារីទ្ធ ឲ្យដឹងថា បានបញ្ចប់តាំងពីឆ្នាំ២០១៨ ហើយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ នឹងបើកកិច្ចប្រជុំអន្តរក្រសួង ៕

ដោយ ធី លីថូ

Facebook Comments