អន្តរជាតិ

មុនការបោះឆ្នោត មេដឹកនាំអ៊ីស្រាអែល លុបចោលជំនួបជាមួយមេដឹកនាំរុស្ស៊ី

យេរ៉ូសាឡឹម៖ មន្ត្រីមួយរូបនៅក្រុងយេរ៉ូសាឡឹម បានលើកឡើងថា កិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានពន្យារពេល ដែលកើតឡើងនៅមុនការបោះឆ្នោតជាតិរបស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

មន្ត្រីរូបនេះបានប្រាប់ស៊ីនហួ ដោយមិនបញ្ចេញឈ្មោះថា ជំនួបដែលគ្រោងធ្វើនៅទីក្រុងម៉ូស្គូ នៅថ្ងៃព្រហស្បតិ៍ត្រូវបានពន្យារពេលក្នុងការព្រមព្រៀងគ្នា ហើយកិច្ចប្រជុំថ្មីមួយនឹងត្រូវបានកំណត់ពេលក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ។

ជំនួសឱ្យកិច្ចប្រជុំនេះ លោក ណេតាន់យ៉ាហ៊ូ និងលោក ពូទីន នឹងជជែកគ្នាតាមទូរស័ព្ទជំនួសវិញ ជាមួយគ្នានេះដែរប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកអ៊ីស្រាអែល បានរាយការណ៍ថា លោក ណេតាន់យ៉ាហ៊ូ បានលុបចោលកិច្ចប្រជុំដោយសារតែកិច្ចការនយោបាយក្នុងស្រុក និងនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្រួបបង្រួមកងកម្លាំង​ ជាមួយគណបក្សស្តាំនិយមផ្សេងទៀត មុនការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមេសា ខាងមុខនេះ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top