ជីវប្រវត្តិឥស្សរជន

ប្រវត្តិសាស្ត្រ៖ ភាពសុខដុមរនា នៃក្រុមជនជាតិភាគតិចចិន នៅកម្ពុជា

ក្រុមជនជាតិភាគតិចចិន បានធ្វើអន្តោប្រវេសន៍ មកជ្រកកោន ក្នុងប្រទេសកម្ពុជា ប្រហែលតាំងពីដើមដំបូង នៃប្រវត្តិសាស្ត្រមកម្ល៉េះ ។ មានកត្តាជាច្រើន ដែលជំរុញ អោយមានវត្តមាន ជនជាតិចិនជាច្រើន នៅលើទឹកដីកម្ពុជា ។ ជនជាតិចិន ទទួលបានបទពិសោធន៍យ៉ាងច្រើន ពីរបត់នៃប្រវត្តិសាស្ត្រខ្មែរ ។ ភាពឈ្លាសវៃ ប្រកបដោយភាពបត់បែន ការសម្របខ្លួន និងការតស៊ូស្វិតស្នាញ ក្នុងវិស័យជំនួញ បានធ្វើឲ្យជនជាតិចិន តែងតែទទួលបានជោគជ័យ ក្នុងការស្ថាបនា ក្រុមគ្រួសារ និងក្រុមសង្គម ជនជាតិភាគតិចិនដ៏រឹងមាំ និងសុខសាន្ត នៅលើទឹកដីកម្ពុជា ស្ទើរគ្រប់សម័យកាល ។

១ ប្រវត្តិសង្ខេប អំពីក្រុមជនជាតិភាគតិចចិន នៅកម្ពុជា

ជនជាតិចិន ឬខ្មែរកាត់ចិន ឬកូនចៅចិន ជាជនជាតិភាគតិចមួយ ដែលបានភៀសខ្លួន ពីស្រុកចិន មករស់នៅលើទឹកដី នៃប្រទេសកម្ពុជា ។ វចនានុក្រមខ្មែរ (១៩៦៧:១៩៧) ​បានពន្យល់ថា “ចិន ជាជាតិមនុស្សមួយប្រភេទ មានដើមកំណើត នៅប្រទេសចិន ឬមកពីប្រទេសចិន មកនៅក្នុងប្រទេសកម្ពុជា” ។ តាមឯកសារ ប្រវត្តិសាស្ត្រកម្ពុជា ក្នុងសតវត្សដំបូងៗ ដូចជាកំណត់ត្រា របស់បេសកទូត ជនជាតិចិន លោក ម៉ា ទួន លីន លោក ជីវ តាក្វាន់ ភស្តុតាងបុរាណវត្ថុវិទ្យា ចម្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័ន ជាឧទាហរណ៍ និងឯកសារ បរទេសផ្សេងៗទៀត អ្នកស្រាវជ្រាវ អាចសន្និដ្ឋានថា ជនជាតិចិន ប្រហែលមកដល់ប្រទេសកម្ពុជា តាំងពីសតវត្សទី១ នៃគ.ស (J. Boisselier 989:15) ។ អ្នកស្រាវជ្រាវខ្លះទៀត បានអះអាងថា ទំនាក់ទំនងការទូត ប្រទេសចិន និងកម្ពុជា បានចាប់ផ្តើម នៅរវាង ឆ្នាំ២២៥-៣៣០ នៃគ.ស.។

តាងអំពីពេលនោះមក អន្តោប្រវេសន៍ជនជាតិចិន មកកាន់ប្រទេសកម្ពុជា ក៏បានកើតឡើង ជាបន្តបន្ទាប់ ដល់សតវត្សក្រោយៗ (W. Willmott 1966:16) ។

ជនភៀសខ្លួនជនជាតិចិន ដែលមកកាន់កម្ពុជា ភាគច្រើនមានដើមកំណើត ចេញមកពីទីជនបទ ប្រទេសចិន ហើយមូលហេតុ ដែលនាំអោយជនជាតិចិន មកកាន់ប្រទេសកម្ពុជា ដោយសារពួកគេ បានលក់កម្លាំងពលកម្ម អោយក្រុមគ្រួសារ ជនជាតិចិន ជាអ្នកមាន ការបង្ខិតបង្ខំចុះកិច្ចសន្យា លក់កម្លាំងពលកម្ម អោយភ្នាក់ងារអាណានិគមសង្គ្រាម ក្នុងតំបន់រងស់នៅរបស់ពួកគេ ការត់ភៀសខ្លួនចេញ ពីការឈ្លានពាន របស់កងទ័ពជប៉ុន គេចចេញពីកាតព្វកិច្ចយោធា ទឹកជំនន់ គ្រោះទុរ្ភិក្ស ជាដើម (ផេន្នី អេដឺ្វដ្ស ២០០៩:១៧៣) ។ បើយោងតាមការកត់សម្គាល់ របស់ ជីវ តាក្វាន់ កត្តាភូមិសាស្ត្រ ធនធានធម្មជាតិ និងសង្គមខ្មែរ នាពេលនោះ ក៏អាចជាចំណែក ទាក់ទាញ ដល់ជនភៀសខ្លួនចិន មករស់នៅផ្ញើជីវិត លើទឹកដីកម្ពុជាផងដែរ៖ «ពួកជនជាតិចិន ដែលជាអ្នកស៊ីឈ្នួលដើរសំពៅ កាលមកដល់ស្រុកនេះ គេក៏ពេញចិត្តខ្លាំងណាស់ ព្រោះស្រុកនេះ​ មិនបាច់ប្រើសម្លៀកបំពាក់ច្រើន ហើយអង្ករ ក៏ស្រួលរក ប្រពន្ធក៏ស្រួលរកបាន ឯផ្ទះសំបែង ក៏ស្រួលធ្វើ គ្រឿងប្រើប្រាស់ក៏ងាយរក ការលក់ដូរក៏ធូរងាយ ម្ល៉ោះហើយ បានជាមាន អ្នកចូលពីស្រុកក្រៅ មករស់នៅស្រុកនេះ ច្រើនណាស់» (លី ធាមតេង ១៩៨៣:៦៦) ។

ស្ត្រីខ្មែរ ក៏ប្រហែលជាហេតុផលមួយផ្សេងទៀត ដែលជំរុញលើកទឹកចិត្ត ដល់បុរសជនជាតិចិន ជាច្រើនមកកម្ពុជា ។ លោក ជីវ តាក្វាន់ បានសរសើរស្ត្រីខ្មែរថា ពូកែរកស៊ី និងឧស្សាហ៍ព្យាយាម ដែលធ្វើអោយ ទាក់ទាញបុរសជនជាតិចិន ចង់បានស្ត្រីខ្មែរ មកធ្វើជាប្រពន្ធ៖ «អ្នកស្រុកនេះពួកស្រីៗ ប៉ិនជួញដូរណាស់ ហេតុនេះពួកចិនៗ គេត្រូវរកប្រពន្ធមួយ ជាមុនសិន ហើយនឹងបានចំណេញច្រើន​ ដោយគេប៉ិនប្រសប់រកស៊ី រាល់ថ្ងៃ គេទៅលក់តាំងពីភ្លឺព្រាងៗ ដល់ពេលថ្ងៃត្រង់ទើបឈប់» (លី ធាមតេង ១៩៧៣:៥១) ។

នៅឆ្នាំ១៦២០ ជនជាតិភាគតិចចិន បានបង្កើតភូមិចិនមួយ នៅក្នុងទីក្រុងភ្នំពេញ ។ បុរសៗ ជនជាតិភាគតិចចិន បានយកនារីខ្មែរ និងចាមធ្វើជាប្រពន្ធ ដែលធ្វើអោយជីវិតពួកគេ មួយផ្នែកធំ ចុះសម្រុងទៅនឹង សង្គមវប្បធម៌ខ្មែរ និងបានរស់នៅដោយសុខសាន្ត ។ នៅរវវាងសតវត្សទី១៨ និង១៩ អន្តោប្រវេសន៍ជនជាតិចិន បានចូលមកប្រទេសកម្ពុជា ច្រើនឡើង ហើយភាគច្រើន មកពីតំបន់ភាគឦសាន ប្រទសចិន និងមានអប្បូរភាសាខុសៗគ្នា (Willmott 1970:6) ។ ទោះបីមានការសិក្សា អំពីជនជាតិចិន នៅប្រទេសកម្ពុជា ច្រើនក្តី​ ប៉ុន្តែរហូតដល់បច្ចុប្បន្ន មិនមានការបញ្ជាក់ អោយច្បាស់ អំពីស្ថិតិជនជាតិភាគតិចចិន រស់នៅ​ក្នុងប្រទេសកម្ពុជា ចំនួនពិតប្រាកដ ប៉ុន្មាននៅឡើយ ។ គេគ្រាន់តែអាចដឹងបានថា ក្រុមជនជាតិភាគតិចចិន មកដល់បច្ចុប្បន្ន មានចំនួន៥ក្រុម អប្បូរធំៗ ផ្អែកលើភាសារនិយាយ៖

ចិនទាជីវ

          ជនជាតិចិនទាជីវ មានស្រុកកំណើត នៅខេត្តក្វាងទុង នៃប្រទេសចិន (W. Willmott 1970:7) ។ គេឃើញចិនទាជីវ រស់នៅទីក្រុងភ្នំពេញ ខេត្តកំពត និងខេត្តកំពង់ចាម ។ មានជនភៀសខ្លួនចិនទាជីវ រាប់ម៉ឺននាក់ មករស់នៅកម្ពុជា ក្រោយពេលដែលប្រទេសសៀម ដណ្តើមគ្រប់គ្រងបាន ខេត្តបាត់ដំបង នៅឆ្នាំ១៩៤១ ។ ចិនទាជីវ ច្រើនជាអ្នកមានមុខរបរ ខាងជំនួញពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម​តាមគ្រួសារ បើកហាងកាហ្វេ ធ្វើស្រែចំការ (ផេន្នី អេដឺ្វដ្ស ២០០៩:១៩២) ។

ចិនកន្តាំង

នៅទសវត្សរ៍ឆ្នាំ១៨៨០ ចិនកន្តាំង បានរីកធំឡើង នៅទីក្រុងភ្នំពេញ ។ មកដល់ទសវត្សរ៍១៩៦០ ចិនកន្តាំង បានក្លាយទៅជា ក្រុមជនជាតិភាគតិចចិន ច្រើនជាងគេលំដាប់ទី១ នៅកម្ពុជា ។ ជនជាតិភាគតិចចិនកន្តាំង ផ្តោតលើមុខរបរខាងសិប្បកម្ម និងសំណង់ ។

ចិនហៃណាំ

ក្រុមជនជាតិភាគតិចចិនហៃណាំ មានប្រភពីកោះហៃណាំ ប្រទេសចិន មកកម្ពុជា នៅឆ្នាំ១៦៧៥ ។ ចិនហៃណាំ មានមុខរបរខាងឧស្សាហកម្មផលិតនំ ធ្វើចុងភៅ លក់កាហ្វេ និងជាអ្នកបម្រើតាមផ្ទះ អោយគ្រួសារ ជនជាតិអ៊ឺរ៉ុប រកស៊ីចងការប្រាក់ និងធ្វើកសិដ្ឋានដាំម្រេចធំៗ ។

ចិនហុកកៀន

          ក្រុមជនជាតិភាគតិចចិនហុកកៀន ប្រហែលភៀសខ្លួន ចេញពីខេត្តហ្វូចៀន នៃប្រទេសចិន ។ កូនចៅចិន ហុកកៀន បាននិយាយតៗគ្នាថា ចិនហុកកៀន ជាក្រុមជនជាតិចិនដំបូងបង្អស់ ដែលបានមក តាំងលំនៅ ក្នុងទីក្រុងភ្នំពេញ (Wilmott 1970:6) ។ ជនជាតិចិនហុកកៀន ភាគច្រើន មានមោទនភាព ដោយ សារពួកគេ មានការចុះសម្រុងគ្នា ក្នុងការរួមរស់ ក្នុងសង្គមខ្មែរ ជាងក្រុមជនជាតិភាគតិចចិន ដទៃទៀត ។ ចិនហុកកៀន បានបញ្ជូនកូនចៅ ទៅសាលារៀនខ្មែរ ដើម្បីក្លាយខ្លួនជាខ្មែរ និងបានចូលបម្រើការងារ រាជការខ្មែរផង ។

ចិនខិ ឬចិនហាក់កា

          ចិនខិ មានឈ្មោះដើមថា ហាក់កា (មានន័យថា ភ្ញៀវ ឬគ្រួសារចម្លែក) ។ គេមិនដឹងច្បាស់ថា ក្រុមចិនខិ ចេញពីទីកន្លែង កំណើតណា អោយប្រាកដទេ នៅប្រទេចិន ។ ប៉ុន្តែពួកគេ បានតាំងទីលំនៅ ពាសពេញខេត្តក្វាងចូវ ហ៊ូចៀន កៅហ្ស៊ូ ស៊្សាងហ្ស៊ី កោះហៃណា ស៊ីឆ័ន និងហ៊ូណាស់ ។ ពួកចិនខិ បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារពួកចិនខិ បានក្លាយជារដ្ឋបុរស និងជាអ្នកជំនួញ ល្បីល្បាញ ជាច្រើនរូប ដូចជា លោក តេង ស៊ាវពីង លោក លីក្វាន់យូ លោក ស៊ុន យ៉ាត់សេន ជាដើម ។ ម្យ៉ាងវិញទៀត ភាពល្បីល្បាញ នៃពួកចិនខិ ដោយសារតែ ភាពស្មោះត្រង់ ភាពអំណត់ក្នុងការងារ ។ ពួកចិនខិ បានចាត់ទុកពួកចិនដទៃទៀតថា ជាអ្នកខ្ជិលច្រអូស គ្មានភាពស្មោះត្រង់ និងខ្ជះខ្ជាយ (ផេន្នី អេដឺ្វដ្ស ២០០៩:199) ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចិនខិ មានតួនាទីធំៗ ក្នុងវិស័យសេដ្ឋកិច្ច រួមមានជាងសំណង់ អ្នកដាំម្រេច ម្ចាស់កសិដ្ឋាន គ្រឿងទេស អ្នករស៊ីហាងបញ្ចាំង របស់របរ អ្នកលក់ថ្នាំពេទ្យ អ្នកធ្វើនំ និងអ្នកកាប់ឈើ ។ ពួកចិនខិ បានក្លាយជាផ្នែកមួយ ដ៏ល្អរបស់កម្ពុជា ។

២ គោលនយោបាយ ចំពោះក្រុមជនជាតិភាគតិចចិន ក្នុងបរិបទប្រវត្តិសាស្ត្រខ្មែរ

សម័យអាណានមិគមនិយមបារាំង (១៨៦៣-១៩៥៣)

ព្រះមហាក្សត្រខ្មែរ ដែលសោយរាជ្យជាបន្តបន្ទាប់ តែងមានគោលនយោបាយ ផ្តល់សិទ្ធិជ្រកកោន ដល់ជនភៀសខ្លួន ជនជាតិចិន និងជនជាតិដទៃៗទៀត តាំងពីសតវត្សទី១៣មក ។ នៅសតវត្សទី១៩ ផ្អែកលើតម្លៃខាងវប្បធម៌ សេដ្ឋកិច្ច ភាពស្មោះត្រង់ និងចេះនិយាយភាសាខ្មែរបានល្អ ហើយបើពួកគេ មានកំណើត នៅក្នុងប្រទេសកម្ពុជា កូនចៅជនជាតិភាគតិចចិនខ្លះ ក៏ត្រូវបានតែងតាំង ធ្វើជាចៅហ្វាយខេត្តផងដែរ ។ ពួកគេក៏ត្រូវបានលើកទឹកចិត្ត អោយគោរពប្រតិបត្តិទាំងវប្បធម៌ខ្មែរ និងការប្រតិបត្តិជំនឿសាសនា តាមបែបចិន ។ ក្រោមការត្រួតពិនិត្យ និងគ្រប់គ្រង ពីអាណានិគមបារាំង ជនជាតិភាគតិចចិន ត្រូវបានហាមឃាត់ មិនអោយចូលពាក់ព័ន្ធ ក្នុងកិច្ចការនយោបាយ របស់កម្ពុជា ។ ពួកអាណានិគមបារាំង មិនសូវពេញចិត្តចំពោះ ក្រុមជនជាតិភាគតិចចិន ដោយហៅពួកចិនទាំងនោះថា ជាអ្នកជំនួញ ដែលមានចំណង់ ច្រើនហួសហេតុ ឬជាកម្មករ ដែលមានគំនិតមិនល្អ ដែលស្វែងរក សេចក្តីសុខរបស់ខ្លួន ពីការជួញដូរអាភៀន ពីកាលេងល្បែងស៊ីសង និងការចាប់ជំរិតជាដើម ។ ម្យ៉ាងទៀត ពួកអាណានិគមបារាំង បានមើលឃើញថា ជនជាតិភាគតិចចិន មិនបានផ្តល់ប្រយោជន៍អ្វីសោះ ដល់ប្រទេសកម្ពុជា ។ ផ្ទុយទៅវិញ ពួកគេបានបញ្ចូនប្រាក់ ដែលរកបាន ទៅស្រុកកំណើតរបស់ខ្លួន ។ នៅក្នុងក្រសែភ្នែក អាណានិគមបារាំង ជនជាតិភាគតិចចិន ជាមនុស្សមានសារសំខាន់តិចតួច ទោះបីពួកគេដឹងថា គំនិតធ្វើជំនួញ និងឧស្សាហម្ម របស់ក្រុមជនជាតិភាគតិចចិន បានផ្តល់ទុនជួយ អោយរបបអាណានិគមបារាំង មានដំណើរការទៅមុខក៏ដោយ ។ ប៉ុន្តែក្រោយមកបារាំង ប្តូរទស្សនៈនោះវិញ ដោយបានទទួលស្គាល់ ជនជាតិភាគតិចចិន ជាសហគមន៍រឹងមាំ នៅបរទេសទៅវិញ ដែលផ្ទុយពីមុនធ្លាប់ តែបានចាត់ទុក ជនភៀសខ្លួនចិន ជាសំណាត់អណ្តែងតាមទឹក ជាក្រុមចោរសមុទ្រ និងជាឧក្រិដ្ឋជន ។ ការទទួលស្គាល់នេះ ក៏ជាមូលហេតុជំរុញ អោយជនជាតិភាគតិចចិន រស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាំរស់នៅ តំន់អាស៊ីអាគ្នេយ៍ និងដោយមានការគាំទ្រ ពីរដ្ឋាភិបាលចិនផង ពួកគេបានចាប់ផ្តើម ពង្រឹងអត្តសញ្ញាណ វប្បធម៌ និងជំរុញអោយមាន គំនិតជាតិនិយមខ្លាំងក្លាឡើង ។

សម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០)

ភាពសុខសាន្ត របស់ក្រុមជនជាតិភាគតិចចិន នៅក្នុងសម័យអាណានិគមបារាំង បានប្រែប្រួល ក្រោយពេលប្រទេសកម្ពុជា ទទួលបានឯករាជ្យ ពីអាណានិគមបារាំង ។ ក្រុមជនជាតិភាគតិច នៅកម្ពុជា ត្រូវស្ថិតក្រោមច្បាប់ ពលរដ្ឋឆ្នាំ១៩៥៤ និងគោលនយោបាយ សមាហរណកម្មជនជាតិភាគតិច នៅកម្ពុជា អោយទៅជាខ្មែរ ឆ្នាំ១៩៦៣ ។ បន្ទាប់មក គោលនយោបាយថ្មីមួយទៀត ក្នុងការកំណត់សិទ្ធិ មិនអោយជនជាតិភាគតិចចិន ក្តោបក្តាប់របរ កសិកម្ម និងជំនួញ ពាណិជ្ជកម្មនៅកម្ពុជា ។ បញ្ហានេះ​បានជំរុញ អោយជនជាតិភាគតិចចិន មួយចំនួន បានបង្ខំចិត្តភៀសខ្លួន ទៅបរទេស និងប្រទេសចិន ។

ក្រោយការភ្ជាប់ទំនាក់ទំនង ផ្លូវការរវាងប្រទេសចិន និងកម្ពុជា នៅអំឡុងទសវត្សរ៍ ឆ្នាំ១៩៥៦ មេដឹកនាំចិន លោក ជូ អេនឡាយ បានធ្វើទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា ហើយលោកបានប្រកាស លើកទឹកចិត្តចំពោះជនជាតិ ចិន អោយគោរពច្បាប់ ប្រពៃណី ទំនៀមទម្លាប់ សាសនា រៀបអាពាហ៍ពិពាហ៍ ជាមួយជនជាតិខ្មែរ និងធ្វើយ៉ាងណា ដើម្បីអោយក្លាយជាជនជាតិខ្មែរ ។ សេចក្តីណែនាំនេះ គឺដើរស្របទៅនឹង គោលនយោបាយ ធ្វើសមាហរណកម្មជនជាតិភាគតិច អោយទៅជាខ្មែរ ដែលកំពុងអនុវត្តនៅកម្ពុជា ។ ចាប់តាំងពីពេលនោះមក ក្រុមជនជាតិភាគតិចចិន ចាប់ផ្តើមបង្ហាញ អត្តសញ្ញាណជនជាតិចិន តាមរយៈការបង្កើត សមាគមចិន សមាគមកីឡា សាលារៀនចិន ព្រះវិហារជាដើម ។ ដោយការប្រែប្រួលខុសគ្នា ខាងទស្សនៈនយោបាយ រវាងចិននិងកម្ពុជា ចំណងមិត្តភាព រវាងប្រទេសទាំងពីរ ត្រូវបានបញ្ចប់ទៅវិញ នៅក្នុងទសវត្សរ៍ ១៩៦៧ ។ ដូច្នេះស្ថានភាពរស់​​​នៅរបស់ក្រុមជនជាតិភាគតិចចិន ក៏បានបត់បែន ទៅតាមស្ថានការណ៍ ជាក់ស្តែងនាពេលនោះដែរ ។

សម័យសាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥)

          រដ្ឋាភិបាលសម័យនេះ បានរៀបចំគោលនយោបាយ ដើម្បីធ្វើបន្សុទ្ធក្រុមជនជាតិភាគតិចចិន នៅកម្ពុជាទាំងអស់ អោយទៅជាខ្មែរ ដែលវាស្រដៀងគ្នាទៅនឹង គោលនយោបាយឆ្នាំ១៩៦៣ដែរ ។ ក្រុមជនជាតិភាគតិចចិន បានប្រឈមជាមួយនឹង​ គោលនយោបាយនេះ ក្រោមការចោទប្រកាន់ថា ជាអ្នកបង្ករអោយបាត់បង់ទំនៀមទម្លាប់ និងសីលធម៌ រស់នៅរបស់ខ្មែរ ព្រមទាំងជាអ្នក មានគំនិតផ្សព្វផ្សាយ លទ្ធិកុំមុយនីសនៅកម្ពុជា ។  ការប្រើប្រាស់ភាសាចិន ក៏ត្រូវបានរឹតត្បិត បើសិនមាននិយាយនោះ គឺជាការមិនគោរព ចំពោះវប្បធម៌ខ្មែរ ។ មជ្ឈមណ្ដលវប្បធម៌សំខាន់ៗ របស់ខ្មែរ ជនជាតិភាគតិចចាម ជនជាតិភាគតិចចិន ដូចជាសាលារៀន ព្រះវិហារ វត្តអារាម ត្រូវបានបំផ្លិចបំផ្លាញក្នុងសង្គ្រាម រវាងឆ្នាំ១៩៧៩ និងឆ្នាំ១៩៧៣ ។

សម័យកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

          នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ ជោគវាសនារបស់ជនជាតិខ្មែរ ក្រុមជនជាតិដើមភាគតិច និងក្រុមជនជាតិភាគតិចនៅកម្ពុជា រាប់លាននាក់ ត្រូវបានសម្លាប់ ដោយគ្មានកំហុស និងដោយអយុត្តិធម៌ ក្រោមគោនយោបាយ រើសអើងប្រកាន់ពូជសាសន៍ វប្បធម៌ សាសនា និងនយោបាយាបាយ ។

សម័យសាធារណរដ្ឋ ប្រជាមានិតកម្ពុជា (១៩៧៩-១៩៩១)

          ក្រោយថ្ងៃរំដោះចេញពីរបប ប៉ុល ពត ក្រុមជនជាតិភាគតិចចិន ក៏ដូចជាក្រុមជនជាតិភាគតិច ដទៃទៀត នៅកម្ពុជា គឺបានទទួលនូវសិទ្ធិ ថែរក្សាវប្បធម៌ អក្សរសាស្ត្រ និងភាសាររបស់ពួកគេវិញ​។ ពួកជនជាតិភាគតិចចិន បានប្រកបមុខរបរ លក់ដូរឡើងវិញ នៅតាមបំនប់ទីប្រជុំជននានា ។ ប៉ុន្តែក្រោមកមានការប្រែប្រួលបន្តិច នៅរវាងខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ១៩៧៩ ដោយជនជាតិភាគតិចចិន គឺត្រូវបានរឹតបន្តឹង ក្នុងការធ្វើជំនួញ ដែលបញ្ហានេះ ត្រូវបានគេគិតថា ជាគោនយោបាយ បំបែកជនជាតិភាគតិចចិន អោយចេញឆ្ងាយ ពីជនជាតិខ្មែរ ក្រោមគោលនយោបាយ និងយុទ្ធសាស្ត្រ នៃការគ្រប់គ្រង របស់កងទ័ពវៀតណាម ដើម្បីប្រើប្រាស់ ជនជាតិភាគតិចចិន ធ្វើជាកូនអុកនយោបាយ ប្រឆាំង និងប្រទេសចិន (ផេន្នី អេដឺ្វដ្ស ២០០៩:២២៧) ។

ជនជាតិភាគតិចចិនមួយចំនួន បានបង្ខំចិត្តភៀសខ្លួន ទៅកាន់ប្រទេសថៃ និងផ្លាស់ទី​ទៅរស់នៅតាមជនបទ នៃប្រទេសកម្ពុជា ។ ការបង្រៀនភាសាចិន និងការប្រារព្ធពិធីទំនៀមទម្លាប់ចិន ការប្រើប្រាស់ ឈ្មោះជាភាសាចិន ត្រូវស្ថិតក្នុងការហាមឃាត់ ។ អ្វីដែលជនជាតិភាគតិចចិន នៅចងចាំ គឺការអនុវត្ត «សារាចរ៣៥១» នាឆ្នាំ១៩៨៣ ក្នុងការចុះឈ្មោះជនជាតិចិន តាមផ្ទះនីមួយៗ នៅទូទាំងប្រទេស។ សារាចរនេះ បង្ហាញអោយឃើញ ពីការរើសអើង ប្រកាន់ជាតិសាសន៍ជាថ្មីទៀត បន្ទាប់ពីរបប ប៉ុល ពត ។ ទោះបីយ៉ាងណា សារាចរ៣៥១ ក៏មិនត្រូវបានអនុវត្តទូលំទូលាយ និងហ្មត់ចត់ពេកទេ ប៉ុន្តែវាបានជះឥទ្ធិពល ដល់ការបាត់បង់ អត្តសញ្ញាណជាជនជាតិចិន ព្រោះមានក្រុមជនជាតិភាគតិចចិន ជាច្រើន ត្រូវរស់នៅលាក់ឈ្មោះ លាក់ត្រកូល ដោយប្រើគ្រប់មធ្យោបាយ ដើម្បីបង្ហាញខ្លួនថា ជាជនជាតិខ្មែរ ។ ស្ថានភាពរស់នៅ របស់ក្រុមជនជាតិភាគតិចចិន មានភាពធូរស្រាល និងសេរីភាពឡើងវិញ ចាប់ពីឆ្នាំ១៩៨៥ មក ។

សម័យរដ្ឋកម្ពុជា (១៩៩១-១៩៩៣)

          ដោយសារការប្រែប្រួល ផ្នែកនយោបាយក្នុងស្រុក និងអន្តរជាតិ ការរើសអើងជាតិសាសន៍ និងការរឹតបន្តឹង ចំពោះជនជាតិភាគតិចចិន បានធូរស្រាល ។ ចាប់ពីឆ្នាំ១៩៩០ ដើម្បីផ្តាច់ការគាំទ្ររបស់ចិន ចំពោះខ្មែរក្រហម រដ្ឋាភិបាលកម្ពុជា បានខិតខំកែលម្អ នូវសំណងទាក់ទង ជាមួយនឹងរដ្ឋាភិបាលចិន តាមរយៈការលើកកម្ពស់សិទ្ធិសេរីភាព របស់សហគមន៍ ជនជាតិភាគតិចចិន ដោយអាចបើកសាលារៀនចិន សមាគមជនជាតិចិន ការគោរពប្រតិបត្តិ ជំនឿសាសនា និងអត្តសញ្ញាណ វប្បធម៌ផ្សេងៗ របស់ជនជាតិចិន ព្រមទាំងបានតែងតាំង អោយមានក្រុមប្រឹក្សាភិបាល អ្នកជំនួញជនជាតិចិន នៅកម្ពុជា ដោយមានភារកិច្ចសំខាន់ ទៅលើកិច្ចការ វប្បធម៌ចិន និងអនុញ្ញាត អោយជនជាតិភាគតិចចិន បានប្រារព្ធពិធី បុណ្យចូលឆ្នាំចិនឡើងវិញ ជាលើកដំបូង ក្នុងឆ្នាំ១៩៩១ ។

សម័យព្រះរាជាណាចក្រកម្ពុជា (១៩៩៣-បច្ចុប្បន្ន)

មាត្រា៣១ នៃរដ្ឋធម្មនុញ្ញ ដែលអនុម័យក្នុងឆ្នាំ១៩៩៣ បានចែងថា៖ «ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ សេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស និងកតិសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។ ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នា ចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ»

ដូច្នេះក្នុងសម័យកាលនេះ ជនជាតិចិន បានទទួល នូវជំនឿចិត្តកក់ក្តៅ និងមានសិទ្ធិពេញលេញ ក្រោមគោនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សិទ្ធិសេរីភាព ក្នុងការបង្ហាញ នូវអត្តសញ្ញាណ វប្បធម៌ របស់ជនជាតិចិន តាមមធ្យោបាយផ្សេងៗ កាសែត សាលារៀនចិន សមាគមវប្បធម៌ និងព្រះវិហារសាសនា ។ សមាគមចិន ត្រូវបានបង្កើតឡើងវិញ នៅតាមខេត្ត ក្រុង ភូមិ ស្រុកនានា ទូទាំងប្រទេស ។ នៅក្នុងភ្នំពេញ ក្រុមជនជាតិភាគតិចចិន ទាំងប្រាំក្រុម បានបង្កើតសមាគម តាមអម្បូរភាសានីមួយៗ ដោយជ្រកក្រោមដំបូល នៃសមាគមជនជាតិចិន នៅកម្ពុជា ។

៣ ការពង្រឹងអត្តសញ្ញាណវប្បធម៌

          សមាគមជនជាតិចិន សាលារៀនភាសាចិន ព្រះវិហារ គឺជាមធ្យោបាយចម្បង ក្នុងការបង្ហាញ អត្តសញ្ញាណវប្បធម៌ និងការួមសាមគ្គីគ្នា យ៉ាងរឹងមាំ នៃក្រុមជមជាតិចិន នៅតាមតំបន់នីមួយៗ និងជាកន្លែងផ្ទេរចំណេះដឹងភាសា និងវប្បធម៌ ទៅកូនចៅចិនជំនាន់ក្រោយៗ ។

ជនជាតិភាគតិចចិនជាច្រើន យល់ថា អនាគតរបស់ពួកគេ ក៏ដូចជាអនាគត នៃប្រទេសកម្ពុជាដែរ ការបង្កើតសាលារៀនចិន គឺជាមធ្យោបាយមួយ ដែលពួកគេសង្ឃឹមថា នឹងអាចជំរុញ អោយមានការ អភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ។ សាលារៀន នឹងក្លាយជាគ្រឹះដ៏រឹងមាំ ក្នុងការផ្ទេរចំណេះដឹង វប្បធម៌ចិន ដល់អ្នកជំនាន់ក្រោយ ។ ឆ្លងកាត់សង្គ្រាម អស់ជាច្រើនទសវត្សរ៍ ពួកចាស់ទុំជនជាតិចិន បានខិតខំកែលម្អ វិស័យអប់រំរបស់ខ្លួន ឡើងវិញយ៉ាងសកម្ម ។ ទន្ទឹមនឹងការយល់ដឹង អំពីសារសំខាន់ នៃភាសាចិន ដែលជាអត្តសញ្ញាណដ៏សំខាន់ នៃជនជាតិចិនក្តី ប៉ុន្តែជនជាតិចិន ក៏បានយល់ពីតួនាទី និងតម្លៃ នៃភាសាខ្មែរដែរ ដែលជាផ្នែកមួយ ជួយជំរុញអោយពួកគេ អាចបញ្ជ្រាបខ្លួន ចូលទៅក្នុងសង្គមខ្មែរ លើគ្រប់វិស័យបានស្រួល ។ ក្នុងទស្សនៈមិនខុសប៉ុន្មាន ពីគំនិតរបស់ជនជាតិចិន អំពីបញ្ហាភាសា មានជនជាតិខ្មែរមួយចំនួន ក៏បានអោយតម្លៃ និងតួនាទី នៃការប្រើប្រាស់ភាសាចិន នៅក្នុងការទំនាក់ទំង សម្រាប់វិស័យ ជំនួញពាណិជ្ជកម្ម ដ៏សំខាន់មួយដែរ ។ ដូច្នេះទើបបច្ចុប្បន្ន គេសង្កេតឃើញ មានគ្រួសារខ្មែរ បានបញ្ជូនកូនចៅ របស់ពួកគេទៅរៀន ភាសាចិន នៅសាលារៀន របស់ចិនជាច្រើន ។ ចំណែកគ្រួសារចិនវិញ​ក៏បានបញ្ជូនកូនចៅ ទៅសិក្សានៅសាលារៀនខ្មែរផងដែរ ។

កាសែតភាសាចិន ក៏បានដើរតួនាទីសំខាន់ ដើម្បីពង្រីក និងពង្រឹងសក្តានុពល អត្តសញ្ញាណវប្បធម៌ និងជំរុញវិស័យអប់រំ ខាងភាសាចិន ដោយបានជួយផ្សព្វផ្សាយ នូវព័ត៌មានអត្កបទ ជាភាសាចិន ដែលសរសេរ ដោយកូនសិស្សក្មេងៗ និងសំណេររបស់គ្រូបង្រៀនភាសាចិន ព្រមទាំងចុះផ្សាយ អត្ថបទរឿងនិទាន និងប្រវត្តិសាស្ត្រ ទាក់ទងនឹងប្បធម៌ចិនផងដែរ ។
ចំណងអាពាហ៍ពិពាហ៍ រវាងជនជាតិភាគតិចចិន ជាមួយជនជាតិខ្មែរ និងជនជាតិចិន មានពូជអម្បូរ ភាសាខុសគ្នា បានកើតមានទូលំទូលាយ ជាងសម័យមុនសង្គ្រាម ។ អន្តរកម្មវប្បធម៌ តាមរយៈអាពាហ៍ពិពាហ៍ ការរស់នៅលាយចម្រុះជាតិសាសន៍ និងចម្រុះអប្បូរ បានធ្វើអោយភាសាខ្មែរ និងភាសាចិនលាយខ្មែរ បានក្លាយជាភាសា ដែលមានតួនាទីសំខាន់មួយ នាពេលបច្ចុប្បន្ន ។ ឆ្លងកាត់សម័យសង្គ្រាមជាច្រើន ទសវត្សរ៍ បានធ្វើអោយជនជាតិចិន ពិសេសកូនចៅជំនាន់ក្រោយភាគច្រើន ភ្លេចភាសាចិន របស់ពូជអម្បូរខ្លួន ។

ក្រៅពីភាសា ជំនឿសាសនា ប្រពៃណី និងទំនៀមទម្លាប់ រួមមាន ការបញ្ចុះសព តាមប្រពៃណីចិន ពិធីសែនព្រេង ការគោរពចំពោះ ដូនតាបុព្វការីជន បុណ្យចូលឆ្នាំចិន ឆេង មេង (ពិធីសែនផ្នូរដូនតា) សែនសំពះព្រះខែ ដង្ហែអ្នកតា ជាដើម គឺជាផ្នែកមួយ ដ៏មានឥទ្ធិពល នៃការពង្រឹងអត្តសញ្ញាណ និងជំរុញអោយសាមគ្គីភាព រវាងក្រុមជនជាតិចិន នៅកម្ពុជាដែរ ។

ជនជាតិចិន នៅតាមតំបន់នានា នៃប្រទេសកម្ពុជាភាគច្រើន បានសម្របខ្លួន ទៅនឹងសង្គម វប្បធម៌ខ្មែរ តាមរយៈការប្រតិបត្តិ ជំនឿសាសនា ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដូចជាការរៀបការ ជាមួយជនជាតិខ្មែរ ដោយអនុវត្ត តាមពិធីទំនៀមទម្លាប់ខ្មែរ ធ្វើបុណ្យទាន តាមរបៀបខ្មែរ ការចូលរួមពិធីសាសនា នៅតាមវត្តអារាម ការប្រារព្ធពិធីបុណ្យផ្សេងៗ តាមប្រពៃណីខ្មែរ រក្សានូវរបៀបរស់នៅ តាមបែបខ្មែរ តាមរយៈការចូលរួម ក្នុងពិធីបុណ្យសព និងគោរពបូជា អារក្សអ្នកតា ម្ចាស់ទឹកដី របស់ប្រទេសកម្ពុជា ។ ការលេចឡើង នៃពិធីបុណ្យសព តាមរបៀបខ្មេរ ដូចជាការតុបតែងក្តាមឈូស តាមរបៀបខ្មែរ និងតុផ្ទះគំរូ ធ្វើពីក្រដាស់ តាមរចនាបទផ្ទះខ្មែរ បានឆ្លុះបញ្ចាំអំពី ការសម្របខ្លួនទៅនឹងសង្គម និងប្បធម៌ នៅលើទឹកដី ដែលពួកគេកំពុងរស់នៅ ។ ពិធីបុណ្យខ្លះ បានបញ្ចូលទាំងប្រពៃណីចិន និងប្រពៃណីខ្មែរខ្លះរួមគ្នាផង ។ នៅតំបន់ខ្លះ គេបានបូជាសព តាមទំនៀមរបស់ខ្មែរ វាដូចគ្នានិងជនជាតិខ្មែរខ្លះ ក៏បានបញ្ចុះសព តាមរបៀបចិនដែរ ។ បច្ចុប្បន្ននេះ មានជនជាតិភាគតិចចិន នៅកម្ពុជា ភាគច្រើន បានអះអាងថាពួកគេ មានអត្តសញ្ញាណ ជាជនជាតិខ្មែរ ដោយហេតុពួកគេ ចេះនិយាយភាសាខ្មែរ ទទួលទានម្ហូបអាហារខ្មែរ ស្លៀកពាក់ប្រពៃណីខ្មែរ និងមានមុខរបរ ដូចជនជាតិខ្មែរជាដើម ។

ជនជាតិភាគតិចចិន ទទួលបានសិទ្ធិសេរីភាពគ្រប់យ៉ាង បើប្រៀបធៀបទៅ សម័យការមុនៗ (១៩៧០-១៩៩៣) ដោយពួកគេមានសិទ្ធិ ក្នុងការថែក្សា និងផ្សព្វផ្សាយ អត្តសញ្ញាណ វប្បធម៌ ជនជាតិចិន បានតាមគ្រប់មធ្យោបាយ ។ នៅក្នុងទស្សនៈ ជនជាតិភាគតិចចិន ការពង្រីកវិស័យអប់រំ និងការបណ្តុះបណ្តាលភាសាចិន ជាអត្ថិភាពដំបូង និងប្រកបដោយ សក្តានុពលបំផុត ក្នុងការផ្ទេរ និងពង្រីក ការប្រើប្រាស់ភាសាចិន និងចំណេះដឹង វប្បធម៌ទៅកូនចៅចិន នៅកម្ពុជា ជំនាន់ក្រោយៗ ។ ក្រៅពីសាលារៀនចិន ជាច្រើន នៅតាមស្រុក ខេត្ត ក្រុង គេឃើញមានវិទ្យាស្ថានខុងជឺ នៅរាជបណ្ឌិត្យសភាកម្ពុជា ក៏កំពុងធ្វើសកម្មភាព យ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាល ភាសាចិន និងការផ្សព្វផ្សាយ វប្បធម៌ចិន ដល់សិស្ស និស្សិត មន្ត្រីរាជការខ្មែរ ដែលចូលទៅសិក្សនៅទីនោះ ។

៤ ភាពស្ទាត់ជំនាញ ក្នុងការធ្វើជំនួញ

          អន្តោប្រវេសន៍ចិន ភាគច្រើនស្ទើរតែ គ្រប់សម័យកាល ត្រូវបានទទួលស្គាល់ថា ជាអ្នកមានទេពកោសល្យ ខាងការធ្វើជំនួញជួញដូរ ។ ប៉ុន្តែអ្នកស្រាវជ្រាវខ្លះ មានទស្សនៈថា ភាពស្ទាប់ជំនាញ ខាងសេដ្ឋកិច្ច ក្នុងចំណោមជនជាតិចិន ទាំងឡាយ គឺមិនមែនជាចរឹត លក្ខណៈរបស់ពួកគេ តាំងពីកំណើតនោះឡើយ ។ ជាទូទៅពួកគេ រៀនជំនាញនេះ ពីបទពិសោធន៍ ដែលពួកគេបានជួបប្រទះ ពេលបានមករស់នៅ លើទឹកដីថ្មី និងសមត្ថភាព ក្នុងការកែច្នៃធម្មជាតិ បានធ្វើអោយ ពួកជនជាតិចិនទាំងនោះ ពូកែធ្វើជំនួញ ។ ម្យ៉ាងទៀតផែនការ របស់ពួកអាណានិគម លើវិស័យសេដ្ឋកិច្ច និងតម្រូវការប្រើប្រាស់ កម្លាំងពលកម្ម ក៏ជាកត្តាកំណត់បានជំរុញ អោយពួកជនជាតិចិន ខិតខំស្វែងរក ជំនាញខាងធ្វើជំនួញ ។

ដោយសារតែភាពវៃឆ្លាត របស់ក្រុមជនជាតិភាគតិចចិន ស្ទើរតែគ្រប់សម័យកាលពួកគេ បានគ្រប់គ្រង វិស័យជំនួញគ្រប់ប្រភេទ នៅស្រុកខ្មែរ ហើយសកម្មភាព ជំនួញរបស់ពួកគេ នៅតែបន្តរហូតសព្វថ្ងៃ ។ តាំងពីសម័យមុន រហូតបច្ចុប្បន្ន ជនជាតិភាគតិចចិន នៅតែមានតួនាទីសំខាន់ ក្នុងវិស័យសេដ្ឋកិច្ច នៅកម្ពុជា ។ ពួកគេបានកាន់កាប់ ទីផ្សារសេដ្ឋកិច្ច ទាំងនៅទីក្រុង និងខេត្តសំខាន់ៗ ប្រហែល៩០% ខណៈប្រជជនខ្មែរភាគច្រើន នៅបន្តប្រកបរបរ កសិសកម្ម ដោយប្រើកម្លាំងកាយ ។ តួនាទីរបស់ក្រុម ជនជាតិភាគតិចចិន បែបនេះ បានធ្វើអោយជនជាតិខ្មែរ ហាក់មិនពេញចិត្ត ទាល់តែសោះ ។ នៅសម័យអាណានិគមបារាំងក្តី និងសម័យសង្គមរាស្ត្រនិយម សុទ្ធតែធ្លាប់មាន គោលនយោបាយ ដាក់សម្ពាធ លើជនជាតិចិន កុំអោយក្តោបក្តាប់ របរកសិកម្ម និងវិស័យជំនួញ ។ គោលនយោបាយ គាបសង្គត់ខាងសេដ្ឋកិច្ច​ក៏បានអនុវត្តដូចគ្នា ចំពោះជនជាតិចិន ដែលរស់នៅ ក្នុងតំបន់មួយចំនួន នៃអាស៊ីអាគ្នេយ៍ ។ ការកំណត់ផែនការ ផ្ទេរសកម្មភាពសេដ្ឋកិច្ច ពីជនជាតិចិន ទៅអោយម្ចាស់ស្រុក ដែលមានចំណេះដឹងធ្វើជំនួញ បានក្លាយជាគោលនយោបាយ មូលដ្ឋានរបស់រដ្ឋនីមួយៗ ចំពោះជនជាតិចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

នៅកម្ពុជា ជនជាតិភាគតិចចិន ទាំង៥អម្បូរ មានមុខរបរ និងរបៀបរស់នៅចិញ្ចឹមជីវិតខុសៗគ្នា ទៅតាមពូជអម្បូរនីមួយៗ និងទៅតាមស្ថាភាព ទីកន្លែងដែរគេរស់នៅ ។ ជនជាតិភាគតិចចិន ច្រើនបានធ្វើជំនួញ និងការលក់ដូរទំនិញ ទាំងលើគោក និងលើទឹក តាំងពីសម័យកាល មុនបារាំងចូលស្រុកខ្មែរម្ល៉េះ ( ឃីង ហុកឌឺ ២០០៧:៥៧) ។ ដោយភាពក្រីក្រ នៅតាមទីជនបទ ជនជាតិខ្មែរ តែងតែធ្លាក់ខ្លួន ជំពាក់បំណុលចិន កាន់តែច្រើនឡើងៗ ។ នៅទសវត្សរ៍ឆ្នាំ១៩៥០ ដោយការព្រួបារម្ភ ពីកូនចៅរបស់ខ្លួន ចាស់ព្រឹទ្ថាចារ្យខ្មែរ ក៏បានអប់រំ រំដាក់តឿនក្រើនរំឭក កូនខ្មែរ អោយប្រឹងប្រែងប្រកបរបរ ទទួលទានចិញ្ចឹមជីវិត កុំអោយជំពាក់បំណុល ជនជាតិចិន៖

អត្ថបទការសែត ក្នុងស្រុកខ្លះ ក្នុងសម័យអាណានិគម ក៏បានទទួលស្គាល់នូវគំនិត ដ៏ប៉ិនប្រសប់ និងឧស្សាព្យាយាម របស់ជនជាតិភាគតិចចិន មានតួនាទីជាគំរូ សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចប្រទេសកម្ពុជា ។ ជនជាតិខ្មែរ តែងសរសើរថា ជនជាតិចិន មកស្រុកខ្មែរ ដោយបាតដៃទទេ គ្មានដើមទុនអ្វីទាល់តែសោះ ប៉ុន្តែពេលមកដល់ស្រុកខ្មែរ មិនយូរប៉ុន្មាន ក៏បង្កើតបានមុខរបរ និងជំនួញធំៗបាន ។ នេះក៏ជាគំរូសំខាន់ផងដែរ រហូតជំរុញ អោយចាស់ទុំខ្មែរ លោកតាក្រម ង៉ុយ (ច្បាប់ក្រមង៉ុយ) បានអប់រំដាស់តឿន ឲ្យកូនចៅខ្មែរ គ្រប់ទីកន្លែង ខិតខំរៀនសូត្រលេខនព្វន្ត ចេះធ្វើជំនួញ ចិញ្ចឹមជីវិតដូចចិន និងកុំអោយឈ្មួញចិន កេងប្រវ័ញ្ញបាន៖

ជាការពិតជនជាតិខ្មែរ ក៏មានប្រាជ្ញា មិនអន់ជាងជនជាតិចិនឡើយ ប៉ុន្តែអ្វីដែលសំខាន់ ការខិតខំធ្វើការ ដោយអំណត់ និងការចេះរៀបចំ របៀបរបបសង្គម ដែលខ្លួនរស់នៅអោយបានល្អ ។ នៅក្នុងកំណាព្យខ្មែរ «ច្បាប់ប្រុស» (ច្បាប់ផ្សេងៗ ១៩៧៤:៣៤) ក៏បានរំឭកដល់កូនចៅខ្មែរថា៖

តាមរយៈខ្លឹមាសារកំណាព្យ ចាស់ទុំចង់ប្រៀនប្រដៅ ចំពោះជនជាតិខ្មេរ កាលពីសម័យដើម អោយចេះគិត ចេះខ្មាស់អៀន និងរៀនសូត្រចំណុចល្អៗ ក្នុងការរៀបចំ របៀបរបបចិញ្ចឹមជីវិត ពីជនជាតិចិន ដែលគេមករស់នៅ លើទឹកដីឯង ហើយក្លាយជា ម្ចាស់បំណុលរបស់ខ្មែរ ជាម្ចាស់ស្រុកទៅវិញ ។ ទាំងនេះ ក៏ជាគតិមួយ ដែលជនជាតិខ្មែរបច្ចុប្បន្ន គួត្រិះរិះពិបារណាផងដែរ ។

៥ អង្គរវប្បធម៌ខ្មែរ និងចិន
វប្បធម៌ សិល្បៈ ម៉ូតសម្លៀកបំពាក់ របៀបរបបរស់នៅ និងភាសាខ្មែរ បានគ្របដណ្តប់ លើក្រុមជនជាតិភាគតិចចិន អស់រយៈពេលជាច្រើន សតវត្សកន្លងទៅ ។ ឥទ្ធិពលវប្បធម៌ចិន មកដល់ខ្មែរ មានលក្ខណៈ ជាការខ្ជីគ្នាទៅវិញទៅមក ក្នុងរយៈពេលដ៏យូរអង្វែង ។ លោក ហង់រី ម៉ាហ្សាល់ (១៩៣៦) បានបញ្ជាក់ថា ឥទ្ធិពលចិន មកលើសិល្បៈខ្មែរ ឃើញមានតាំងពីសម័យអង្គរ រហូតដល់ដើមសតវត្សទី២០ (ផេន្នី អេដឺ្វដ្ស ២០០៩ ទំ.២០៣) ។ ចំណែកលោក វិចទឺ ហ្គូលូប៊ឺវ (Victor Golubew 1924) បានសន្និដ្ឋានថា សិល្បករចិន ប្រហែលជាបានធ្លាប់ចម្លាក់ នៅលើជញ្ជាំង នៃប្រាសាទអង្គរវត្ត ដែលលោក វៀលមតត៍  (Wilmotte 1966) អះអាងថា ចម្លាក់ទាំងនោះ បានឆ្លាក់ឡើង ៤០០ឆ្នាំ ក្រោយពីការកសាងអង្គរវត្ត ដែលជាភស្តុតាង នៃការរីកដុះដាល សហគមន៍ចិន នាសម័យនោះ ។

ក្នុងភាសាខ្មែរ មានខ្ចីភាសាចិនប្រើប្រាស់ ប្រចាំថ្ងៃមួយចំនួន ដែលទាក់ទងនឹងសម្លៀកបំពាក់ គ្រឿងសង្ហារឹម ម្ហូបអាហារ សំណង់អគារ ដែលជាញ្ញាណ បញ្ជាក់បន្ថែមទៀត ពីឥទ្ធិពលចិន មកលើវប្បធម៌ខ្មែរ ។​សម្លៀកបំពាក់ ដែលតួល្ខោនបាសាក់ខ្មែរ ស្លៀកពាក់ កាលពីមុន មានលក្ខណៈជាខ្មែរ រហូតដល់សតវត្សទី១៩ ប៉ុន្តែនៅសតវត្សទី២០ និងបច្ចុប្បន្ន សម្លៀកបំពាក់ទាំងនេះ មានលក្ខណៈ ជារបៀបចិនច្រើនជាង (សម្លៀកបំពាក់ហ៊ីចិន) ។

ក្រៅពីភាសា គេសង្កេតឃើញថា ការប្រតិបត្តិប្រពៃណី និងទំនៀមទម្លាប់ជនជាតិ បានជះឥទ្ធិពលខ្លាំង ទៅលើផ្គត់គំនិត របស់ជនជាតិខ្មែរ ទៅលើការទទួលយក នូវទំនៀមមួយចំនួន របស់វប្បធម៌ចិន មកអនុវត្ត ដែលរួមមាន ការរៀបចំអាពាហ៍ពិពាហ៍ខ្មែរ មានលាយឡំ ដោយពិធីបែបចិន ចូលរួមអបអរខ្លាំងក្លា ក្នុងពិធីបុណ្យ ចូលឆ្នាំចិន ពិធីសែនផ្នូ (ឆេងម៉េង) និងពិធីជាប្រពៃណី ជនជាតិចិនផ្សេងៗទៀតជាច្រើន មិនត្រឹមតែជះឥទ្ធិពល ចំពោះប្រជាជនសាមញ្ញៗ ប៉ុណ្ណោះទេ សូម្បីមន្ត្រីរាជការខ្មែរ ក៏ទទួលឥទ្ធិពល ពីវប្បធម៌ចិន ទាំងនេះដែរ ។

ឆ្លងកាត់របត់ប្រវត្តិសាស្ត្រខ្មែរជាច្រើន ដំណាក់កាល ក្រុមជនជាភាគតិចចិន ឬហៅថាកូនចៅចិន ឬខ្មែរកាត់ចិន បានបន្តពូជពង្សវង្សត្រកូល នៅលើទឹកដីខ្មែរ បានគង់វង្ស មកដល់សព្វថ្ងៃ។ ទោះបីនៅក្នុងសម័យកាលខ្លះ ពួកគេបានជួបប្រទះ នូវការរើសអើង ពូជសាសន៍ក៏ដោយ ក៏ពួកគេនៅតែអាច សម្របខ្លួនប្រែប្រួល ទៅតាមកាលៈទេសៈ ធ្វើយ៉ាងណា ដើម្បីអាចរស់នៅ ក្នុងរបបនីមួយៗ បានសុខ និងអាចពូនផ្តុំពង្រីក ពូជពង្ស និងអត្តសញ្ញាណ វប្បធម៌របស់ពួកគេ ។

បច្ចុប្បន្ន គេសង្កេតឃើញថា មុខរបរ និងជំនួញពាណិជ្ជកម្ម ចាប់ពីអាជីវកម្មខ្នាតតូច មធ្យម ដល់ឧស្សាហកម្មខ្នាតធំ ហាក់ស្ថិតនៅក្នុងកណ្តាប់ដៃ របស់ក្រុមជនជាតិចិន ឬកូនចៅចិន កាត់ខ្មែរ នៅប្រទេសកម្ពុជា ។ ក្រៅពីជនជាតិចិន ឬកូនចៅចិន ដែលរស់នៅកម្ពុជា នៅមានអ្នកវិនិយោគទុន ជនជាតិចិនធំៗ ជាច្រើនទៀត មកពីប្រទេសចិន បានចូលមករកស៊ី នៅកម្ពុជា ក្នុងវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ វិស័យកសិកម្ម ព្រៃឈើ សំណង់អការ ។ល។ ដូច្នេះនៅកម្ពុជា រហូតបច្ចុប្បន្ន ត្រូវបាន គេមើលឃើញថា ជនជាតិចិន នៅតែមានតួនាទីចម្បង ក្នុងជីវិតសេដ្ឋកិច្ច របស់កម្ពុជាដដែល ។ ប៉ុន្តែទោះបីយ៉ាងណា គេមិទាន់ដឹងទេថា ការដាក់ទុនធ្វើជំនួញ និងការវិនិយោគ របស់ជនជាតិចិន នៅកម្ពុជា ទាំងអស់នោះ បានផ្តល់ផងប្រយោជន៍ និងផលប៉ះពាល់ ក្នុងទំហំប៉ុណ្ណា ចំពោះបច្ចុប្បន្នភាព និងអនាគត នៃសេដ្ឋកិច្ច និងធនធានធម្មជាតិ វប្បធម៌នៅកម្ពុជា ។ នេះជាចំណុចសំខាន់ ដែលយើងជាខ្មែរ ត្រូវធ្វើការសិក្សា និងត្រួតពិនិត្យ អោយបានច្បាស់លាស់ ទៅថ្ងៃមុខ៕

ចងក្រងនិងរៀបរៀងដោយ៖  លោក ហៀង លាងហុង ប្រធានផ្នែកវប្បធម៌វិទ្យា វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា

ឯកសារយោង

វចនានុក្រមខ្មេរ បោះពុម្ភដោយវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៧៦ ។
លី ធាមតេង កំណត់ហេតុ ជីវ តាក្វាន់ ១៩៧៣។
ផេន្នី អេដឺ្វដ្ស «ដើមកំណើត និងការវិវឌ្ឍ នៃអត្តសញ្ញាណ​របស់ជនជាតិចិន នៅកម្ពុជា តាំងពីសម័យដើម នៃប្រវត្តិសាស្ត្រ រហូតដល់ឆ្នាំ១៩៧០» នៅក្នុង៖ ក្រុមជនជាតិភាគតិច នៅកម្ពុជា មជ្ឈមណ្ដល សម្រាក់ការសិក្សា ស្រាវជ្រាវជាន់ខ្ពស់ ឆ្នាំ២០០៩។
ទា វ៉ាន់ និង នៅ សុខម៉ាដី «សមាហរណកម្ម ទៅក្នុងសង្គមជាតិ និងការស្តាអត្តសញ្ញាណឡើងវិញ» នៅក្នុង៖ ក្រុមជនជាតិភាគតិច នៅកម្ពុជា, មជ្ឈមណ្ឌល សម្រាក់ការសិក្សា ស្រាវជ្រាវជាន់ខ្ពស់ ឆ្នាំ២០០៩។
ឃីង ហុកឌី បណ្តាំតាមាស, បណ្ណាគារអង្គរ បោះពុម្ភឆ្នាំ២០០៧។
ច្បាប់ក្រមង៉ុយ, ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
ច្បាប់ផ្សេងៗ, ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៧២
Jean Boisselier Trends in Khmer Art, Edited and translated into English version by Natasha Eilenberg and Melvin Elliott, New York, 1989.
E. Willmott “History and Sociology of the Chinese in Cambodia Prior to the French Protectorate”
Reviewed work(s), Journal of Southeast Asian History, Vol. 7, No. 1 (Mar., 1966), London.

  1. Willmott, The Political Structure of the Chinese Community in Cambodia, London, 1979.

 

Facebook Comments

To Top