ព័ត៌មានជាតិ

ទូតអាមេរិក ៖ ការអនុម័តយល់ព្រម តាមអនុសញ្ញា Cape Town អាចឲ្យក្រុមហ៊ុន អាកាសចរណ៍កម្ពុជា ជួល ឬទិញ យន្តហោះបានថោក

ភ្នំពេញ ៖ លោក Michael Newbill ភារធារី ស្ដីទីនៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងថា ការអនុម័តយល់ព្រម តាមអនុសញ្ញា Cape Town អាចអនុញ្ញាតឲ្យក្រុមហ៊ុន អាកាសចរណ៍កម្ពុជាជួល ឬទិញយន្តហោះ និងឧទ្ធម្ភាគចក្រក្នុងតំលៃថោក ព្រមទាំងទាមទារបច្ចេកវិជ្ជា អាកាសចរណ៍ចុងក្រោយខ្លះ នៅលើទីផ្សារអន្តរជាតិផងដែរ។

អនុសញ្ញាក្រុង Cape Town គឺជាក្របខណ្ឌអន្តរជាតិមួយសំរាប់តាក់តែងចុះបញ្ជី (តាមរយៈការចុះបញ្ជីអន្តរជាតិមួយ) ការការពារ និងការអនុវត្តច្បាប់ទាក់ទងផលប្រយោជន៍អន្តរជាតិខ្លះ ទៅគ្រោងយន្តហោះ ម៉ាស៊ីនយន្តហោះ និងឧទ្ធម្ភាចក្រ។ អនុសញ្ញាក្រុង Cape Town មានបំណងដោះស្រាយបញ្ហាក្នុងការទទួលបាននូវសិទ្ធិដែលងាយនឹងអនុវត្ត ហើយមានភាពគត់មត់ ទាក់ទងយន្តហោះ ដែលតាមធម្មតា គ្មានទីតាំងស្ថិតនៅមួយកន្លែងច្បាស់លាស់។

ក្នុងសិក្ខាសាលាពិធីសារស្តីពីយន្តហោះចំពោះអនុសញ្ញាក្រុង Cape Town នៅថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០១៩ លោក Michael Newbill បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាកំពុងមានកំណើនយ៉ាងឆាប់រហ័សហើយកំពុងតែធ្វើពាណិជ្ជកម្មច្រើនឡើងក្នុងទីផ្សារអន្តរជាតិ ដោយពាណិជ្ជកម្មខ្លះធ្វើតាមផ្លូវអាកាស។ ពលរដ្ឋរបស់កម្ពុជាទាំងអ្នកធ្វើទេសចរណ៍ អ្នកធ្វើដំណើរទាក់ទងជំនួញ ក៏ត្រូវការផងដែរនូវសេវា និងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ទំនើប ដើម្បីទ្រទ្រង់ដល់ពាណិជ្ជកម្ម និងការធ្វើដំណើរអន្តរជាតិដែលកំពុងតែមានកំណើន។

លោកថា តាមសារព័ត៌មានរបស់អាមេរិក ឃើញពីកំណើននៃវិស័យអាកាសចរណ៍កម្ពុជា ជារឿយៗ។ មានជើងយន្តហោះច្រើនឡើងក្នុងមួយសប្តាហ៍។ មានក្រុមហ៊ុនអាកាសចរណ៍ ថ្មីៗមករកស៊ី។ មានការហោះហើរទៅកាន់គោលដៅអន្តរជាតិច្រើនទៀតពីភ្នំពេញទៅបណ្ដាប្រទេសនានា។

ភារធារី ឲ្យដឹងទៀតថា ទូតទើបតែដឹងពីកម្ពុជានឹងមានជើងយន្តហោះត្រង់ទៅកាន់ប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី ជាលើកដំបូងនៅឆ្នាំ២០១៩។ នេះជាដំណឹងល្អសម្រាប់អ្នកធ្វើដំណើរ តែក៏ជាដំណឹងល្អផងដែរ សម្រាប់ផ្នែកទេសចរណ៍ ព្រមទាំងផ្នែកសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកបន្តថា ហេតុអ្វីបានជាកម្ពុជាកំពុងសិក្សា លើផែនការកសាងព្រលានយន្តហោះថ្មីៗ នៅភ្នំពេញ និងនៅសៀមរាប ព្រមទាំងនៅកោះកុង ពីព្រោះព្រលានយន្តហោះបច្ចុប្បន្នមិនអាចទទួលទេសចរដែលកំពុងមានកំណើនបានទាំងអស់នៅឡើយទេ។

លោកសង្កត់ធ្ងន់ថា “ដូច្នេះការអនុម័តយល់ព្រមតាមអនុសញ្ញា Cape Town អាចអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជាជួល ឬទិញយន្តហោះ និងឧទ្ធម្ភាគចក្រ នៅក្នុងតំលៃថោក ព្រមទាំងទាមទារបច្ចេកវិជ្ជាអាកាសចរណ៍ចុងក្រោយខ្លះ នៅលើទីផ្សារ។ នេះអាចជាជោគជ័យ មួយរបស់កម្ពុជា និងសំរាប់អ្នកដែលចង់មកទស្សនាប្រទេសដ៏ល្អនេះ”។

លោក Michael Newbill បញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាបានទទួលទេសចរចំនួនប្រមាណ ៦ លាននាក់ដែលជាចំនួនលើសឆ្នាំមុនៗ គឺលើសទ្វេដងនៃចំនួននៅឆ្នាំ២០១០។ លោកថា មានទេសចរចំនួន ២,៥ លាននាក់មកទស្សនាកម្ពុជានៅឆ្នាំ ២០១០។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប៉ាន់ប្រមាណថា ចំនួនទេសចរអាចកើនឡើងទ្វេដងម្តងទៀតដល់ ១២ លាននាក់ ត្រឹមឆ្នាំ ២០២៥៕ ដោយ៖ធី លីថូ

Facebook Comments

To Top