អន្តរជាតិ

ចិនបរិច្ចាគអង្ករ ជាង ៩.៦០០តោន ទៅឲ្យប្រទេសក្មេងខ្ចី ស៊ូដង់ខាងត្បូង ក្រោយរងកម្មដោយសង្គ្រាម ជិត៥ឆ្នាំ

ជូបា៖ រដ្ឋាភិបាលប្រទេស ចិនកាលពីថ្ងៃ ព្រហស្បតិ៍បានបរិច្ចាគអង្ករប្រហែល ៩.៦៦០ តោនទៅឲ្យប្រទេស ស៊ូដង់ខាងត្បូង ដើម្បីជួយជនស៊ីវិល ដែលកំពុងមាន ហានិភ័យនៃការអត់ឃ្លាន នៅក្នុងប្រទេសដែលក្មេង ជាងគេបំផុតនៅលើ ពិភពលោកដែលកំពុងស្ថិតក្នុង ដំណើរការកសាង ឡើងវិញក្រោយពីមានជម្លោះ ស៊ីវិលអស់រយៈពេលជិត ៥ឆ្នាំមក។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងដោយ ផ្អែកតាមការលើកឡើងរបស់លោក Manasseh Lomole ប្រធានគណៈកម្មាធិការ សង្រ្គោះនិងស្តារនីតិសម្បទាថា អង្ករចិនដំបូងបានមកដល់រួចទៅហើយនៅក្នុង រដ្ឋធានីជូបា ហើយចំនួនដែលនៅ សេសសល់នឹងត្រូវបញ្ជូនមកនៅពេលក្រោយ។

ការបរិច្ចាគម្ហូបអាហារ នឹងត្រូវបញ្ជូនទៅឱ្យ ជនភៀសខ្លួនប្រជាជន ផ្លាស់ប្តូរទីលំនៅ និងអ្នករស់រានមានជីវិត ពីទឹកជំនន់ និងគ្រោះរាំងស្ងួត។

លោក Lomole បានកោតសរសើរចំពោះការ គាំទ្ររបស់ចិនចំពោះ ស៊ូដង់ខាងត្បូង នៅពេលដែលប្រទេស ក្មេងខ្ចីមួយនេះ កំពុងប្រឈមនឹងគ្រោះរាំងស្ងួត។ លោកក៏បានថ្លែងអំណរគុណចំពោះប្រទេស និងប្រជាជនចិន ផងដែរ ចំពោះជំនួយដ៏មានតម្លៃនេះ។

ចំណែកលោក ហ៊ី ស៊ាំងដុង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅស៊ូដង់ខាងត្បូងបាននិយាយថា ការបរិច្ចាគនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនដើម្បីជំរុញស្ថេរភាពនៅក្នុងប្រទេសស៊ូដង់ខាងត្បូង៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top