នយោបាយ

គ ប ម ៖ ការទាមទារ របស់EU តាមរយៈដក EBA មិនប៉ះពាល់អធិបតេយ្យភាពកម្ពុជា ជាដុំកំភួនទេ

ភ្នំពេញ ៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងថា ការទាមទារ របស់សហគមន៍អឺរ៉ុប (EU) តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ជាថ្នូរឲ្យមានការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មិនប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា ជាដុំកំភួនទេ ។ ប៉ុន្តែគណបក្សនេះ បែរជាបង្ហាញការព្រួយបារម្ភចំពោះកម្ពុជាដឹងគុណវៀតណាម និងការទទួលជំនួយច្រើនពេកពីចិនទៅវិញ។

សហគមន៍អឺរ៉ុបបានចាប់ផ្តើមនីតិវិធីជាផ្លូវការ ផ្អាកជាបណ្តោះអាសន្នលើប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មុននឹងអាចឈានទៅរកការព្យួរនាខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវទៅរកភាពល្អប្រសើរគ្រប់គ្រាន់ ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។

យោងតាមហ្វេសប៊ុកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានសរសេរថា តើការទាមទាររបស់សហគមន៍អឺរ៉ុប តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ ពិតជាប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជាពិតមែនឬ?

ប៉ុន្តែគណបក្សបញ្ជាក់ថា “គ ប ម យល់ឃើញថា ការទាមទាររបស់ EU តាមរយៈ EBA ឲ្យមានការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មិនប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជាជាដុំកំភួនទេ។ ម្យ៉ាងវិញទៀត EU គ្មានផលប្រយោជន៍យុទ្ធសាស្រ្ត ក្នុងការរំលោភអធិបតេយ្យភាពកម្ពុជាទេ” ។

គ ប ម គូសបញ្ជាក់ទៀតថា អ្វីដែលជារឿងគួរព្រួយបារម្ភ សម្រាប់អធិបតេយ្យភាពកម្ពុជានោះគឺ ការដឹងគុណ និងសងគុណប្រទេសវៀតណាម ទាក់ទងនឹងរឿង ៧មករា ១៩៧៩ ព្រមទាំងការពឹងអាស្រ័យលើជំនួយ និងប្រាក់បំណុលប្រទេសចិនជ្រុលពេក ។

គ ប ម បន្ថែមថា ដើម្បីធានាអធិបតេយ្យភាពកម្ពុជា និងសន្តិសុខជាតិខ្មែរ កម្ពុជាត្រូវមាននយោបាយការបរទេសឈ្លាសវៃ ដោយមិនត្រូវយកប្រទេសជិតខាងជាសត្រូវ មានទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាងតែកុំរណប ។ បន្តទំនាក់ទំនងជាប្រពៃណីល្អ ជាមួយប្រទេសចិន តែកុំពឹងអាស្រ័យចិនជ្រុលពេក និងរក្សាទំនាក់ទំនងល្អ ជាមួយលោកខាងលិច ដើម្បីរក្សាតុល្យភាពការទូត និងទីផ្សារសម្រាប់ផលិតផលផលិតនៅស្រុកខ្មែរ ។

សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធីទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ត្រូវបានសហគមន៍អឺរ៉ុបបង្កើតឡើងកាលពីឆ្នាំ២០០១ ដូច្នេះកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ហើយបានរួចផុតពីកាតព្វកិច្ចពន្ធជិត៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ៕

ដោយ៖ ខា ដា

Facebook Comments

To Top