X

កម្ពុជាកំពុងត្រៀមរៀបចំខ្លួន ធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំលើកទី៧ នៃកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន

ភ្នំពេញ ៖ លោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមអនុវត្តការងារ ដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុង ក្របខណ្ឌមហាអនុតំបន់មេគង្គ(GMS-CBTA) នៅថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ ២០១៩ ខាងមុខ នៅទីក្រុងសៀមរាប ខេត្តសៀមរាប។

កិច្ចប្រជុំកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ បានស្នើឲ្យសមាជិកសមាជិកានៃអង្គប្រជុំទាំងអស់ផ្តល់ធាតុចូលសំខាន់ៗ និងជជែកពិភាក្សាលម្អិតលើការបែងចែក ការទទួលខុសត្រូវ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមអនុវត្តការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងក្របខណ្ឌ មហាអនុតំបន់ មេគង្គឲ្យមានភាពរលូន។

រដ្ឋមន្ដ្រីបន្ដថា កិច្ចប្រជុំត្រៀមនេះ សម្រេចបានការប្រកាសសុពលភាព នៃការបង្កើតសមាសភាពគណៈកម្មការក្រសួងសម្រាប់ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយមានការកំណត់តួនាទី និងភារកិច្ចទទួលខុសត្រូវច្បាស់លាស់នៃសមាជិកសមាជិកាគ្រប់រូបរបស់គណៈកម្មការនេះ។

សូមរំលឹកថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ និងធ្វើជាប្រធានបន្តវេនតាមលំដាប់ អក្សរឡាតាំងនូវកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមសម្រាប់អនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ ព្រំដែន ក្រោមក្របខណ្ឌមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំគណៈកម្មាធិការជាតិ សម្រួលការដឹកជញ្ជូនាឆ្លងដែន ៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments