កីឡា

Anchor 2nd International Volleyball លើកទី២​​ចាប់ផ្តើម ៤មណ្ឌល​ ទូទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមការងារ កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀអាន់ឆ័រ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្រុមហ៊ុនផ្ទាល់ បានរៀបចំបិធីសន្និសីទសារព័ត៌មាន ស្តីពីការបើកការប្រកួត កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀអាន់ឆ័រ លើកទី២ “Anchor 2nd International Volleyball” ដែលនឹងចាប់ផ្តើមការប្រកួតជាផ្លូវការពីថ្ងៃទី២១ កុម្ភៈតទៅ ដោយមានកីឡាករ-កីឡាការិនី មកពី៤៧ប្រទេសចូលរួម ។

លោក Samson Wong អគ្គនាយកគ្របគ្រង់ ក្រុមហ៊ុនស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា ព្រឹតិ្តការណ៍ខាងលើនេះ រៀបចំឡើង ដោយក្រុមហ៊ុនស្រាបៀអាន់ឆ័រ សហការជាមួយ សហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) សហព័ន្ធកីឡាបាល់ទះកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ ដែលមានកីឡាករ-កីឡាការិនី មកពី៤៧ប្រទេសចូលរួម និង១២០ក្រុម រួមមានកម្ពុជា ជប៉ុន ឆេក ថៃ អាមេរិក តៃប៉ិ អូស្រ្តាលី ប៉ូឡូញ កាណាដា អេហ្ស៊ីប អ៊ីស្រាអែល សិង្ហបុរី អាឡឺម៉ង ក្រិច ស៊ុយអែត និងបណ្តាប្រទេស ជាច្រើនទៀត។

ការប្រកួតកីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិនេះ នឹងផ្តល់ភាពរំភើបរីករាយក្រៃលែង សម្រាប់ទស្សនិកជន ដោយសារតែ មានកីឡាករ-កីឡាការិនី មកពីបណ្តាលប្រទេស ចូលរួមប្រកួតប្រជែង លើកទឹកដីកម្ពុជា។

លោកបណ្ឌិតសភាចារ្យ សំ សោភាន់ អនុប្រធាន សហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា តាងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ដែលគាំទ្រ ដល់ការរៀបចំព្រឹត្តិការណ៍នេះ និងសូមអរគុណ ដល់សហព័ន្ធកីឡាបាល់ទះអាស៊ី និងអន្តរជាតិ ដែលជួយផ្តល់ មន្ត្រីបច្ចេកទេស ដល់ការរៀបចំព្រឹត្តិការណ៍ ក៏ដូចជាការគាំទ្រ នានាដល់សហព័ន្ធ កីឡាបាល់ទះកម្ពុជា ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ដល់វិស័យ កីឡាក្នុងគោលបំណង លើកកម្ពស់សុខភាព សុខុមាលភាព និងភាពរឹងមាំ របស់ប្រជាពលរដ្ឋ។ ការលេងកីឡា ផ្តល់ផលប្រយោជន៍ សម្រាប់មនុស្សគ្រប់វ័យ ឱ្យទទួលបានសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា និងជួយ ឱ្យជៀសផុត ពីភាពអសកម្មផ្សេងៗ ក្នុងសង្គម។ ទាំងអស់គ្នា បានដឹងហើយថា កីឡាបាល់ទះគឺជាប្រភេទកីឡា ដែលពេញនិយម និងមានប្រជាប្រិយ៍ភាព លំដាប់ទីពីរ នៅលើពិភពលោក ហើយនៅព្រះរាជាណាចក្រកម្ពុជា ក៏មានប្រជាពលរដ្ឋជាច្រើននាក់ ទាំងចាស់ទាំងក្មេង លេងកីឡានេះ។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាក៏បានថ្លែងថា ក្នុងបរិបទថ្មីដែលប្រទេ សជាតិយើងកំពុងតែ ទទួលបាននូវផលចំណេញ ពីសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ត្រូវបានយកចិត្ត​ទុកដាក់ឡើងវិញ ហើយរាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការបាន កំណត់យកការ អភិវឌ្ឍការងារកីឡា ជាចំណុចស្នូល នៃកំណែទម្រង់​ ក្នុងគោលបំណង លើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសកីឡា ប្រកបដោយគុណភាព និងសិទ្ធិផលខ្ពស់ ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ។

លោកបានបន្ថែមទៀតថា ដើម្បីឆ្លើយតបទៅនឹង ចក្ខុវិស័យនេះ រាជរដ្ឋាភិបាល បានជំរុញដល់ការបណ្តុះបណ្តាល កីឡាករ កីឡាការិនី ការកសាង ហេដ្ឋារចនាសម្ព័ន្ធកីឡា និងគាំទ្រឲ្យមានការរៀបចំ ការប្រកួតកីឡា គ្រប់ប្រភេទដើម្បី ផ្តល់ឱកាសឲ្យកីឡាករ កីឡាករិនីបញ្ចេញសមត្ថភាព ដកស្រង់បេច្ចេកទេស បង្ហាញទេពកោសល្យ របស់ខ្លួន និង កសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។

ក្រសួងអប់រំ យុវជន និងកីឡា តែងតែបានបង្ករលទ្ធភាព គ្រប់បែបយ៉ាងដល់គ្រប់ ក្រុមមុខសញ្ញាក្នុង ការរៀបចំការប្រកួត កីឡានានា នៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ក៏ទាមទារឲ្យមាន ការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដែលជាប្រភព ធនធានថវិកាដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា៕
ដោយ៖ លី ភីលីព

Facebook Comments

To Top