កីឡា

ADB គ្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ខ្សែច្រវាក់តម្លៃ ផលិតផលកសិកម្ម ក្នុងខេត្តចំនួន៦នៅ កម្ពុជា

ភ្នំពេញ៖ ដើម្បីឲ្យខ្សែច្រវាក់តម្លៃ ផលិតផលកសិកម្ម នៅកម្ពុជាកាន់តែល្អប្រសើរ លោក Takeshi Ueda ប្រធានក្រុមការងារ គម្រោងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានគម្រោង រៀបចំនិងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃ ផលិតផលកសិកម្ម ក្នុងខេត្តចំនួន៦ នៅកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងកសិកម្ម។

ថ្លែងនៅក្នុងកិច្ចពិភាក្សាការរៀបចំ ជំនួយបច្ចេកទេសសម្រាប់ កសាងគម្រោង ស្តីពីការកែលម្អហេដ្ឋារចនា សម្ព័ន្ធខ្សែច្រវាក់ តម្លៃផលិតផលកសិកម្ម ជាមួយ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ លោក Takeshi Ueda បានឲ្យដឹងថា “គម្រោងនេះនឹងគ្របដណ្តប់លើខេត្តគោលដៅចំនួន ៦ មានខេត្តត្បូងឃ្មុំ ព្រះវិហារ កំពង់ចាម កំពង់ធំ សៀមរាប និង ខេត្តឧត្តមានជ័យ ដោយមានទឹកប្រាក់ សរុបជាង ៧៦លានដុល្លារអាមេរិក ដែលជាជំនួយ ហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍ អាស៊ី និងដៃគូអភិវឌ្ឍមួយចំនួនទៀត”។

លោកបានបន្តថា លទ្ធផលដែលរំពឹងទុក របស់គម្រោងគឺ ១. ជំនួយការងារបច្ចេកទេស ក្រោយពេលប្រមូលផល និងដឹកជញ្ជូន ២. ការកសាងរចនាសម័្ពន្ធគាំទ្រដល់ការបំពេញខ្សែ ច្រវាក់តម្លៃដូចជាការកសាងមន្ទីរពិសោធន៍ អនាម័យ និងភូតភាមអនាម័យ និងការផលិតពូជ ៣.ការកសាងផ្លូវ នៅតាមជនបទ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដឹកជញ្ជូនកសិផល និង ៤.ការកសាងសមត្ថភាព និងការផ្សាភ្ជាប់រវាងគ្រប់ភាគី ពាក់ព័ន្ធ៘

លោកបន្ថែមថា គម្រោងនេះក៏បានផ្តល់អាទិភាព ទៅលើដំណាំកសិឧស្សាហកម្ម មានដូចជាស្វាយចន្ទី ដំឡូងមី ស្វាយ បន្លែ និងផលិតកម្មមាន់ ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី សម្តែងនូវការគាំទ្រ និងពេញចិត្តចំពោះគម្រោងនេះ ហើយសន្យាថានឹង ផ្តល់កិច្ចសហការ ឲ្យបានល្អប្រសើរ ដើម្បីឲ្យគម្រោងសម្រេចទទួលបាន លទ្ធផលល្អប្រសើរ នាពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រីក៏ស្នើឲ្យ ADB ជួយលើកកម្ពស់ ការកសាងសមត្ថភាព របស់កសិករ សហគមន៍ និងវិស័យឯកជន ដោយផ្តោតលើការកសាង ភាពជាដៃគូ រវាងអ្នកផលិត និងអ្នកកែច្នៃដោយអនុវត្ត តាមផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការធ្វើទំនើប កម្មកសិកម្ម។ ដោយឡែកវិស័យផលិត កម្មគោ ជាពិសេស ការប្តូរពូជសត្វគោ ដែលកំពុងមានទីផ្សារខ្ពស់ ក៏គួរពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រផងដែរ ព្រោះផលិតកម្មគោគឺ ជាប្រភពចំណូលដ៏ធំមួយ ហើយដែលបានជួយកែប្រែ កម្រិតជីវភាពរបស់កសិករ យ៉ាងល្អប្រសើរ ។ ក្រៅពីនេះ លោករដ្ឋន្រ្តីក៏បានទាញអារម្មណ៍ ADB ឲ្យជួយគិតគូបញ្ចូលដំណាំពោត ក្នុងផែនការគម្រោង ដោយដំណាំនេះ កំពុងតែមានសក្ដានុពល ទាំងទីផ្សារ ក្នុងស្រុក និងបរទេស៕ ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top