ព័ត៌មានជាតិ

ស្នងការរង ខេត្តកណ្ដាលម្នាក់ មិនគោរពតួនាទី យករថយន្តពន្លត់អគ្គីភ័យ របស់អង្គភាព ទៅបាញ់ទឹកលាយស៊ីម៉ង់ត៍ ​បម្រើឲ្យការដ្ឋាន សំណង់ឯកជន (មានវីដេអូ)


កណ្តាល៖ សកម្មភាពដ៏គឃ្លើន របស់​លោក អុល ប៊ុណ្ណាស្នងការរង ទទួលបន្ទុកផ្នែក​ពន្លត់អគ្គីភ័យ ត្រូវបានបណ្តាញសង្គម និងអង្គភាព​ព័ត៌មាន មួយចំនួន​ ផ្សព្វផ្សាយ រិះគន់យ៉ាងចាស់ដៃថា ប្រហែលជា​ការរដ្ឋានសំណង់នេះជារបស់ អ្នកមានលុយ​ មានអំណាចហើយ បានជាយករថយន្តពន្លត់​អគ្គីភ័យ ពីរគ្រឿងរបស់អង្គភាពដែលក្រសួង មហាផ្ទៃ ផ្ដល់ឲ្យ ​ទៅបម្រើការជាលក្ខណៈឯកជន និងសម្រាប់បាញ់ទឹកលាយស៊ីម៉ង់ត៍ នៅក្នុងការដ្ឋានសំណង់ឯកជនទៅវិញ ។

ដោយសារតែគ្មានថ្នាក់ ក្រោមរាយការណ៍ និងមិនបានដឹងពីរឿងរ៉ាវ បំពានច្បាប់និងធ្វើឲ្យប៉ះពាល់កិត្តិយស អង្គភាព នគរបាលរបស់​លោក អុល ប៊ុណ្ណា ស្នងការរង ទទួលបន្ទុកផ្នែក​ពន្លត់អគ្គីភ័យ ស្នងការនគរបាលខេត្តកណ្តាល លោក អ៊ាវ ចំរើន បានបញ្ចេញប្រតិកម្មថា លោកពិតជាមិនដឹងនោះទេ ក្រោយពីលោក​បំពេញភារកិច្ច នៅឯស្រុកអង្គស្នួល ដោយលោកហត់នឿយពេក ក៏សម្រាកបន្តិចលុះពេលភ្ញាក់ឡើង ស្រាប់តែឃើញបណ្តាញសង្គម និងព័ត៌មានបានផ្សាយឡានទឹក១គូ របស់អង្គភាព ទៅផ្តល់ទឹកឲ្យការ រដ្ឋានសំណង់ជាលក្ខណៈឯកជន ​។ ​

លោកស្នងការ​ បានប្រតិកម្មយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់លោកស្នងការរង​​​ថា ជាទង្វើមួយមិនគោរពមេកើយ ! ធ្វើអ្វីតាមតែចិត្តខ្លួនឯង! ​លោក​ថា រាល់ថ្ងៃលោកពិបាក​ណាស់ ធ្វើការជាមួយអ្នកមិនបានរៀន បែបបទរដ្ឋបាល អត់ចេះនីតិវិធីរដ្ឋបាល ធ្វើអ្វីៗអត្តនោម័តដោយខ្លួនឯង អត់គោរពតួនាទីខ្លួន បើបែបនេះលោកពិបាកធ្វើការណាស់ ។

​ក្រោយពីផ្ទុះការរិះគន់ លោកស្នងការ បាន​សួរនាំមន្ត្រីក្រោមឱវាទទើបដឹងថា ឡានទឹកទាំងពីរគ្រឿងនោះ មានគេពឹងពាក់លោក តោ សឿន ជាប្រធានការិយាល័យ ហើយលោក តោ សឿន បានសុំយោបល់ពីលោក អុល ប៊ុណ្ណា ជាស្នងការរងទទួលបន្ទុកផ្នែករថយន្ត ពន្លត់អគ្គីភ័យ ជាអ្នកអនុញ្ញាតឲ្យចេញទៅ ដោយគ្មានឆ្លងយោបល់ ឬប្រាប់លោកឲ្យបានដឹងខ្លះនោះទេ ។ ​

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បណ្តាញសង្គម និងអង្គភាព ព័ត៌មានបានផ្សាយរិះគន់ដល់ការរដ្ឋាន សំណង់អ្នកមានលុយ ប្រហែលជាមានអំណាចផងដែរ បានយករថយន្តពន្លត់អគ្គីភ័យពីរគ្រឿង របស់ក្រសួងមហាផ្ទៃទៅបាញ់ទឹកក្រឡុកស៊ីម៉ង់ត៍ ដើម្បីធ្វើសំណង់។ ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងស្រុកស្អាងទាំងមូលរិះគន់​ពេញមាត់ថាមានអំណាចណាស់ គ្រាន់តែទឹកលាយស៊ីម៉ង់ត៍ ក៏ប្រើសុទ្ធតែឡានទឹក ពន្លត់អគ្គីភ័យស្លាកក្រសួងមហាផ្ទៃមកបូមបាញ់លាយសកម្មភាពបែបនេះ ពួកគាត់មិនដែលឃើញទេ តាំងពីកើតមក ទើបតែឃើញជាលើកទី១ ពួកគាត់មិនដឹងថា ម្ចាស់ផ្ទះមានបុណ្យសក្តិប៉ុណ្ណាទេ បើគាត់ធ្លាប់ឃើញផ្ទះអ្នកមានអំណាចធំៗ គេធ្វើក៏គេមិនដែលប្រើថ្នាក់ឡាន ទឹករដ្ឋទៅបូមទឹកប្រើ ប្រាស់ធ្វើសំណង់ចឹងដែរ ។

ពលរដ្ឋថា សម័យនេះអ្នកមានលុយពិតជាអស្ចារ្យណាស់ គ្រាន់តែលាយស៊ីម៉ង់ត៍ ក៏ប្រើរថយន្តពន្លត់អគ្គី ភ័យរបស់ក្រសួងមហាផ្ទៃដែលផ្តល់សម្រាប់ ទុកជួយសង្គ្រោះពលរដ្ឋជួបគ្រោះអគ្គីភ័យ និងគ្រោះភ័យអាសន្ននានាមកបូមស្រោចលាយដែរ ។ ប៉ុន្តែពេលពលរដ្ឋក្រីក្រ ជួបគ្រោះអគ្គីភ័យឆេះផ្ទះ ឆេះទីតាំងនានា គេកម្រ ឃើញរថយន្តពន្លត់អគ្គីភ័យទៅជួយទាន់ពេលវេលាណាស់ ហើយក៏កម្រឃើញជួយសង្គ្រោះ បានដែរភាគច្រើនឆេះហ្មត់ៗ តែបានជួយទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ។

ក្រោយពីមានហេតុការណ៍ រថយន្តពន្លត់អគ្គីភ័យទំនេរ ទៅបាញ់ទឹកស្រោចលាយ ធ្វើសំណង់នោះ ក៏មានអគ្គីភ័យមួយបានកើត ឡើងនៅក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាលបណ្តាល ឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នង នៅសល់តែផេះផង់មិនអាចជួយបាន។

មន្ត្រីនគរបាលខេត្តកណ្តាល សូមមិនបញ្ចេញ ឈ្មោះបានខ្សិបដោយរិះគន់លោក អុល ប៊ុណ្ណា ថា មិនចេះធ្វើការនិងចេញ បញ្ជាអត់ដឹង​ក្បាលដឹងកន្ទុយ បញ្ជាគេហើយឲ្យធ្វើតែ មិនទទួលខុសត្រូវមេរបៀបនេះ ពួកគាត់មិនចេះធ្វើការជាមួយនោះទេ៕

Facebook Comments

To Top