នយោបាយ

១ឆ្នាំ ជប៉ុនផ្ដល់ជំនួយ ជាង១០០លានដុល្លារ មកកម្ពុជា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានលើកឡើងថា រយៈពេលប្រមាណមួយឆ្នាំ ចាប់គិតពីខែមេសាឆ្នាំ២០១៨ ដល់ ខែមីនា ឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយមកជួយកម្ពុជាចំនួន ១៤.៩៩៧លានយ៉េន ស្មើប្រមាណ ១៣៤,៣៨លានដុល្លារ ក្នុងនោះជំនួយឥតសំណង១៩,៤២លានដុល្លារ និងឥណទានសម្បទាន១១៤,៩៦លានដុល្លារ ។

ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារការបន្តការគាំទ្ររបស់រដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្តគម្រោងពីរនៅកម្ពុជា ជាមួយលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២០ កុម្ភៈនេះ លោក ប្រាក់ សុខុន បានថ្លែងថា ជំនួយឥតសំណង និងឥណទានសម្បទានចុះហត្ថលេខានេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងមុំទី២ និងទី៤ ដែលបានសង្កត់ធ្ងន់លើការកែលម្អប្រព័ន្ធឡូជីស្ទីក ការលើកកំពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ការគ្រប់គ្រងធម្មជាតិ និងវប្បធម៌ប្រកបដោយចីរភាព ។ ទាំងនេះ ជាចលករជួយជម្រុញឲ្យកម្ពុជាសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។

លោកបញ្ជាក់ថា “ខ្ញុំសូមរំលឹកថា ក្នុងឆ្នាំសារពើពន្ធប៉ុន ២០១៨ (ដែលគិតចាប់ចាប់ពីខែមេសា ២០១៨ ដល់ មីនា ២០១៩) សរុបមកកម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើឯកសារ សី្តពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ដែលផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាសរុបចំនួន ១៤.៩៩៧លានយ៉េន គិតជាដុល្លារអាមេរិក ប្រមាណ ១៣៤,៣៨លានដុល្លារ”។

លោករដ្ឋមន្ត្រីបន្ថែមថា ជប៉ុនជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមទសវត្សរ៍១៩៩០ ជាពិសេសការកែលំអប្រព័ន្ធ Logistics សុខាភិបាល អប់រំ ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងលើកកំពស់ជីវភាព រស់នៅរបស់ប្រជាជន ។

ក្នុងឱកាសនោះដែរ លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ជប៉ុនកំពុងធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែ វិស័យកសិកម្ម តាមរយៈការរៀបចំប្រព័ន្ធបង្ហូរទឹកស្រោចស្រព និងការផលិតគ្រាប់ពូជជាដើម ។ លើសពីនេះ តាមរយៈឥណទានសម្បទានបន្ថែមចំនួន ៣៣,៦លានដុល្លារ នឹងធ្វើទំនើបកម្មប្រព័ន្ធបង្ហូរទឹកស្រោចស្រពតាមរយៈការធ្វើឲ្យប្រសើរឡើងវិញ នូវការពង្រឹងសហគមន៍កសិករ ប្រើប្រាស់ទឹក កសិកម្ម ក្នុងតំបន់ជនបទចំនួន៦ នៃខេត្តចំនួន ៣ នៅភាគខាងលិចបឹងទន្លេសាប ៕
ដោយ៖ ខា ដា

Facebook Comments

To Top