ព័ត៌មានជាតិ

សេះដាច់យកសេះតាម ! នារីរូបស្រស់ចាញ់​ល្បែងអស់ ​លួចម៉ូតូមិត្តភក្តិ បញ្ចាំ​​យកលុយលេងល្បែង​​

ភ្នំពេញ ៖ នារីរូបស្រស់ ​ព្រោះតែល្បែង​ ដាច់​ចិត្តលួចម៉ូតូមិត្តភក្តិ ដែលស្នាក់នៅបន្ទប់ខុនដូ​ជាមួយគ្នា យកទៅបញ្ចាំលេង ល្បែងចាញ់អស់ ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួន កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខុនដូមួយកន្លែង​ ស្ថិតនៅតាមផ្លូវ៤៤៤ ស្ថិតនៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខៀវ រិទ្ធដាណា អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅខុនដូជាមួយ​ ជនរងគ្រោះមានឈ្មោះ ចាន់ វិជ្ជរ៉ា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅខុនដូរជាន់ទី៦ តាមផ្លូវ៤៤៤ ស្ថិតនៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ភ្នំពេញ ​។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ​នៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះបានមកដាក់ពាក្យ បណ្តឹង ករណីបាត់ម៉ូតូ ​ម៉ាកហុងដា ZOOMER-X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FL-3878 ​ ដោយ​សមត្ថកិច្ចបានចុះត្រួតពិនិត្យ កន្លែងកើតហេតុ​ និងឆែកមើលកាមេរ៉ាសុវត្ថិភាព នៅខុនដូរ បានបង្ហាញពីសកម្មភាព នារីជនសង្ស័យជាមិត្តភក្តិ បានជិះម៉ូតូចេញ​ទៅ និងសាកសួរនាំសាក្សីសន្តិសុខ ដែលយាមនៅខុនដូរ ថា នារីសង្ស័យពិតជាជិះម៉ូតូម៉ាកហុងដា ZOOMER-X ពិតប្រាកដមែន។ ដោយមានការស្រាវជ្រាវ របស់សមត្ថកិច្ច ​​រហូតដល់ម៉ោង៥និង៣០នាទីល្ងាច​ ថ្ងៃទី១៧ ខែកុម្ភៈ ទើបឃាត់ខ្លួនជនសង្ស័យ នៅបន្ទប់ខុនដូរ យកទៅសួរនាំ​។

នៅចំពោះមុខ សមត្ថកិច្ច​ជនសង្ស័យ​ បានឆ្លើយសារភាពថា មកពីខ្លួនអត់លុយចាយ ព្រោះចាញ់ល្បែងខ្លាំងពេក ណាមួយ​ឃើញជនរងគ្រោះដេកលក់ ទើបនាងហៅជាងសោម៉ូតូ មកចំលងសោថ្មី ​រួច​ក៏ជិះ​​យក​បញ្ចាំ ក្នុងតំលៃ៦០០ដុល្លារ ហើយយកទៅលេងល្បែងទៀត លុះចាញ់ខ្ទេចអស់​ ហើយក៏មិនដឹងគេចខ្លួនទៅណារួច ក៏ត្រឡប់ចូលទៅខុនដូវិញ កុំឲ្យគេសង្ស័យ តែរហូតមកដល់ថ្ងៃកើតហេតុ ទើបនារីរងគ្រោះ​ឃាត់ខ្លួននាងប្រគល់អោយសមត្ថកិច្ចតែម្ដង។

​ដោយភ័យខ្លាចមានទោស​ ជនសង្ស័យក៏ឲ្យក្រុមគ្រួសារយកលុយ ទៅលស់ ម៉ូតូចេញពីកន្លែងបញ្ចាំវិញ រួចប្រគល់ម៉ូតូឲ្យម្ចាស់គេវិញហើយ​ ដើម្បីឲ្យជនរងគ្រោះដកពាក្យបណ្ដឹង តែយ៉ាងណាក៏ដោយ ទោះជាជនរងគ្រោះបានម៉ូតូវិញ ក៏សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលទំពូង២ នៅតែឃាត់ខ្លួននារីរូបនេះ ពីបទលួចម៉ូតូដដែល​។

បច្ចុប្បន្ននារីសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង២ កសាងសំណុំរឿង​ បញ្ជូលទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធី ៕

Facebook Comments

To Top