នយោបាយ

សម្ដេច ស ខេង ៖ លោក សម រង្ស៊ី ប៉ុនប៉ង់ត្រឡប់មកកម្ពុជាវិញ ទាំងខុសច្បាប់

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា លោក សម រង្ស៊ី ប៉ុនប៉ង់ត្រឡប់មកកម្ពុជាវិញ ដោយខុសច្បាប់ ក្នុងគ្រាលោកនិរទ្ទេសខ្លួនឯង ទៅក្រៅប្រទេស ដោយសារមានបណ្តឹង ជាច្រើននៅក្នុងដៃតុលាការ ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏អះអាងថា ក្រុមអតីតគណបក្សប្រឆាំង រស់នៅក្រៅប្រទេសដឹកនាំដោយ លោក សម រង្ស៊ីផ្ទាល់ កំពុងតែរិះរកវិធីសាស្ដ្រ ដើម្បីបំផ្លិចបំផ្លាញសុខសន្ដិភាពរបស់កម្ពុជា ។

រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី តែតែងអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធមកលើកម្ពុជា ជាពិសេសសហភាពអឺរ៉ុប (EU) អនុវត្ដន៍នីតិវិធីផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធ ( EBA) ពីកម្ពុជា។ លោក សម រង្ស៊ីប្រកាសថា នឹងចូលស្រុកវិញ ក្នុងអំឡុងខែមីនា ឆ្នាំ២០១៩នេះ ប៉ុន្តែគម្រោងនៃការមកវិញនេះ ត្រូវបានប្រកាសលុបចោលទៅវិញ ដោយហេតុថា មកវិញអាជ្ញាធរនឹងចាប់ខ្លួន។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេច ស ខេង បានថ្លែងថា ភាគីពាក់ព័ន្ធក៏ដូចជាប្រពលរដ្ឋ ត្រូវរួមគ្នាការពារសុខសន្ដិភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃ។

សម្ដេចមានប្រសាសន៍ថា “ឥឡូវនេះ កងកម្លាំងប្រឆាំងនឹងសុខសន្ដិភាព កំពុងតែខិតខំដើម្បីរកវិធី បំផ្លាញសុខសន្ដិភាព ។ នេះជាបញ្ហា អីចឹងយើងមិនត្រូវភ្លេចខ្លួន យើងមិនត្រូវបាត់ការប្រុងប្រយ័ត្ន ឬក៏ស្ពឹកស្រពោននោះទេ ចាំបាច់ត្រូវតែមានម្ចាស់ការបំផ្លាញចោល នូវសកម្មភាពទាំងឡាយណា ដែលមានបំណងបំផ្លាញសុខសន្ដិភាព”។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើងទៀតថា លោក សម រង្ស៊ី មានបំណងមកកម្ពុជា មិនមែនស្រួលដូចឆ្នាំ២០១៣ឡើយ បានន័យថា មកទាំងខុសច្បាប់។ រដ្ឋមន្ដ្រីថា លោក សម រង្ស៊ី បានបំផុសពលរដ្ឋនៅស្រុកខ្មែរ ឲ្យមកចាំស្វាគមន៍ការវិលត្រឡប់របស់ខ្លួន ដូច្នេះការស្វាមគន៍នេះ មិនដូចកាលពីឆ្នាំ២០១៣ឡើយ។

សម្តេច ស ខេង បន្ដថា “ឥឡូវមានក្រុមមួយដែលនៅក្រៅច្បាប់ ខ្ញុំមិនថាក្រុមណាទេ។ ក្រុមមួយដែលនៅក្រៅច្បាប់ (លោក សម រង្ស៊ី) ប៉ុនប៉ង់ចូលមកកម្ពុជា ដោយទាំងខុសច្បាប់ ដែលពេលមុនពួកគេធ្លាប់ចេញចូលៗ ហើយកាលពីឆ្នាំ២០១៣ ចូលមកដោយស្របច្បាប់អីចឹងពេលនោះ វាផ្សេង ស្របច្បាប់ចូលមក ដើម្បីចូលរួមប្រកួតប្រជែង ការបោះឆ្នោតឆ្នាំ២០១៣” ។

បន្ថែមលើនេះ សម្ដេចក្រឡាហោមបញ្ជាក់ថា ការប៉ុនប៉ង់ដើម្បីបំផ្លាញសុខសន្ដិភាព និងស្ថិរភាពនៅកម្ពុជា មិនអាចទៅរួចនោះទេ។ សម្ដេចថា ការប្រមូលកម្លាំងទៅចូលរួមគាំទ្រ គឺប្រឆាំងជាមួយនឹងច្បាប់ ប្រឆាំងសុខសន្ដិភាពដែលកម្ពុជាមានសព្វថ្ងៃ ជាពិសេសប្រឆាំងទៅនឹងការអភិវឌ្ឍ និងការលើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋ ៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top