អន្តរជាតិ

ប្រេសិតអាមេរិក សម្រាប់កូរ៉េខាងជើង ចាកចេញទៅវៀតណាម មុនកិច្ចប្រជុំកំពូល ត្រាំ-គីម

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា បេសកជនពិសេសអាម៉េរិក សម្រាប់កូរ៉េខាងជើង បានធ្វើទស្សនកិច្ច ទៅកាន់ទីក្រុងហាណូយ កាលពីថ្ងៃអង្គារ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូល នៅសប្តាហ៍ក្រោយ រវាងមេដឹកនាំប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

តំណាងពិសេសអាមេរិក លោក Stephen Biegun ធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី នៃប្រទេសវៀតណាម ដែលជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទីពីរ រវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលគ្រោងធ្វើនៅថ្ងៃទី២៧ និង ២៨ ខែកុម្ភៈ នេះបើតាមសម្តីអ្នកនាំពាក្យរង លោក Robert Palladino ។

លោក Palladino បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា “លោកនឹងបន្តការរៀបចំ របស់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំកំពូលលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ” ។ រឿងជាច្រើនកំពុងត្រូវបានពិភាក្សា ហើយយើងកំពុងទន្ទឹងរង់ចាំសប្តាហ៍ក្រោយ៕
ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top