ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ ចាប់ផ្តើម​ធ្វើ​សេចក្តី​ព្រាងច្បាប់​ថ្មី ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ (មានវីដេអូ)


ភ្នំពេញ​៖​ ​រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​នឹង​កំពុង​រៀបចំ​សេចក្តី​ព្រាងច្បាប់​ថ្មី​ស្ដីពី​វិនិយោគ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​បន្ថែម​ទៀត​ ​។​

​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​តំណាង​វិស័យ​ឯកជន​ ​ដៃគូ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​និង​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់​ ​នៅ​ថ្ងៃទី​ ​១៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩នេះ​ ​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បាន​គូសបញ្ជាក់​ថា​ ​រដ្ឋាភិបាល​ បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ឪ្ យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ​ ​ក្នុង​នោះ​ច្បាប់​វិនិយោគ​មួយ​ដែល​មាន​ភាព​ទាក់ទាញ​ ​គ្រប់ជ្រុងជ្រោយ​ ​និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្ពស់​គឺជា​កត្តា​ដែល​មិន​អាច​ខ្វះ​បាន​ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​មាន​ភាព​ចាំបាច់ក្នុង​ការពិនិត្យ​ឡើងវិញ​នូវ​ក្រម​ខណ្ឌ​ក​តិ​យុត្តិ​ ​និង​រៀបចំ​ច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិយោគ​ដើម្បីឲ្យ​ស្រប​ទៅ​នឹង​បរិការណ៍​តំបន់​ ​ក៏ដូចជា​ឆ្លើយតបទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​កម្ពុជា​ ​បើ​ទោះជា​ច្បាប់​ស្តី​ពី​វិនិយោគ​បច្ចុប្បន្ន ​មាន​លក្ខណៈ​បើកទូលាយ​ជាង​ច្បាប់​របស់​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ក៏ដោយ​។​

​ក្នុង​ន័យ​នេះ​ ​លោក​បន្ត​ថា​ ​ការចូលរួម​របស់​វិស័យ​ឯកជន​ ​ដៃគូ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ ​គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការពិភាក្សា​ ​ផ្តល់​ធាតុ​ចូល​ ​និង​មតិយោបល់​សម្រាប់​ការរៀបចំ​តាក់តែង​ច្បាប់​ថ្មីនេះ​។​
​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​បញ្ជាក់​ទៀត​ថា​កន្លងមក​ ​CDC​ ​បាន​ធ្វើការ​សិក្សា​ ​និង​ទទួល​បាន​នូវ​ធាតុ​ចូល​មួយចំនួន​ហើយ​ ​ពី​ភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ ​(​JICA​)​របាយការណ៍​ពិនិត្យ​ឡើងវិញ​នូវ​គោ​លនុ​យោ​បាយ​ស្តី​ពី​វិនិយោគ​នៅ​កម្ពុជា​ ​របស់​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ ​(​OECD​)​ ​និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​(​IFC​)​អំពី​បទពិសោធន៍​ ​និង​ឧត្តមា​នុ​វត្តិ​នៃ​ការរៀបចំ​ច្បាប់​វិនិយោគ​របស់​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​។​
​តំណាង​វិស័យ​ឯកជន​ ​ដៃគូ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ស្រាវជ្រាវ​និង​ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​ ​បាន​បង្ហាញ​នូវ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការរៀបចំ​សេចក្តី​ព្រៀង​ច្បាប់​ថ្មី​ស្តី​ពី​វិ​យោ​គន​និង​បាន​ផ្តល់​ធាតុ​ចូល​បឋម​មួយចំនួន​ ​ព្រមទាំង​បាន​សន្យា​ផ្ញើរ​មតិយោបល់​ ​និង​ធា​តូ​ចល​បន្ថែម​ទៀត​មក​ ​CDC​ ​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខនេះ​។​

​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​រំពឹង​ថា​ ​ជាមួយនឹង​ការ​បន្ត​ចូលរួម​សហការ​យ៉ាង​ស្វិតស្វាញ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ ​ច្បាប់​ថ្មី​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​លេចចេញ​ជា​រូបរាង្គ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ ​ដែល​នឹង​ទទួល​បាន​នូវ​ការ​សារ​ទរ​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​និង​បរទេស​។​

​ច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើងជា​លើកដំបូង​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ​១​ ​ឆ្នាំ​ ​១៩៩៣​ ​ដែល​បាន​អនុម័ត​និង​ដា​ក់​ឪ្យ​អនុវត្ត​ចាប់ពី​ឆ្នាំ​ ​១៩៩៤​ ​មក​ហើយ​ ​ដែល​បន្ទាប់មក​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ​ ​២០០៣​ ​ឪ្យ​ស្រប​ទៅតាម​ការ​វិវត្ត​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​របស់​កម្ពុជា​នា​ពេលនោះ​៕​

ដោយ៖ www.propertyarea.asia

Facebook Comments

To Top