ព័ត៌មានជាតិ

សមត្ថកិច្ចការពារព្រំដែន កម្ពុជា-ថៃ ប្រឈមមុខដាក់គ្នា ក្រោយថៃយកត្រាក់ទ័រ បម្រុងឈូសឆាយ ដំឡូងកសិករខ្មែរ

បន្ទាយមានជ័យ៖ សមត្ថកិច្ចការពារព្រំដែនកម្ពុជា-ថៃ ប្រឈមមុខដាក់គ្នាក្នុង ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាប់ខេត្តស្រះកែវ ប្រទេសថៃ ក្រោយភាគីថៃ គ្រោងយកត្រាក់ទ័រ បម្រុងឈូសឆាយ ដំឡូងកសិករខ្មែរ នៅតំបន់បន្ទាត់ព្រំដែន នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើយោង តាមអគ្គស្នងការនរគរបាលជាតិ។

ប៉ុន្តែប្រឈមមុខដាក់គ្នា មិនបានប៉ុន្មានផង សភាពការណ៍ក៏បាន ធូស្រាលឡើងវិញ ក្រោយ សមត្ថកិច្ចទាំង២ បានឯកភាពគ្នា ដោយឲ្យកសិករខ្មែរ ដកដំឡូងមីចេញ ហើយកសិករខ្មែរ ក៏បានយលព្រមដកដំឡូងមី នោះចោលមិនឲ្យ លើសពីមួយអាទិត្យ ។ ដើមចមនាំឲ្យមានរឿងរ៉ាវនេះ កើតឡើង ដោយសារពលរដ្ឋខ្មែរ២គ្រួសារ ដាំដំឡូងមី នៅចំណុចបន្ទាត់ព្រំដែន មិនទាន់ឯកភាពគ្នា រវាងកម្ពុជា-ថៃ ត្រង់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីម៉ាលេខ ៤២និង៤៣ ក្នុងភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឈមទឹកដីថៃភូមិណងយ៉ាកែវ ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទសថៃ។

ប៉ូលីសការពារព្រំដែនថៃ កងរយៈលេខ១២៦ ប្រមាណជា២៩នាក់ បានយកត្រាក់ទ័រ១គ្រឿង បម្រុងឈូសឆាយ កំទេចចោលដំឡូងមី ខណៈនោះនគរបាលការពារព្រំដែន លេខ៩១១ និងយោធាការពារ ព្រំដែនលេខ៥០៣ របស់កម្ពុជា ប្រមាណ១៥នាក់ បានចុះទៅរារាំង។

សមត្ថកិច្ចកម្ពុជា នៅជួរមុខប្រាប់ថា ពលរដ្ឋខ្មែរដែលបានទៅដាំ ដំឡូងមី មានបញ្ហានៅលើដី ជាប់ព្រំដែនកម្ពុជា-ថៃ មានចំនួន២គ្រួសារ ពួកគាត់រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពួកគាត់ដាំដុះដំឡូងមីផ្ទៃដីប្រមាណ៦ហិតា។ បញ្ហានេះ ភាគីថៃធ្លាប់មកជួបជជែកជាមួយ សមត្ថកិច្ចកម្ពុជា២លើក សុំឲ្យកសិករខ្មែរ ដកដំឡូងមីនោះចោល នៅចំណុចបន្ទាត់ព្រំដែន មិនទាន់ឯកភាពគ្នា ដោយសុំរក្សាទុកទ្រុងទ្រាយ ដើមដើម្បីទុកឲ្យ គណៈកម្មការព្រំដែន ប្រទេសទាំង២ ជាអ្នកដោះស្រាយ។

បើតាមការបញ្ជាក់ពីកសិករខ្មែរ ដែលបានដាំដំឡូងមី នៅតំបន់ព្រំដែនមានបញ្ហា គឺដាំជាយូរមកហើយ ទើបតែដើមខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចថៃបានរករឿង ឲ្យដកដំឡូងមី នោះចោល។ ពួកគាត់អះអាងថា ការប្រកបមុខរបរដាំដំឡូងនេះ ខ្ចីចងការប្រាក់ពីធនាគារ បើតម្រូវឲ្យដកបែបនោះ ពួកគាត់ប្រឈមគ្មានប្រាក់សងធនាគារ ដោយសារដំឡូង ត្រូវដកនៅមើមតូចៗ មិនទាន់ដាក់ម្សៅ។ ពួកគាត់ហួសចិត្តថា មិនគួសោះដាំដុះលើដីខ្មែរ ត្រូវថៃគេមកហាមឃាត់ទៅវិញ ៕

ដោយ បាន ធារ៉ូ

Facebook Comments

To Top