ព័ត៌មានជាតិ

ពលរដ្ឋមួយក្រុម នៅក្រុងប៉ោយប៉ែត ប្ដឹងរដ្ឋមន្រ្តីក្រសួងដែនដី សុំបើកផ្លូវសាធារណៈ ទំហំ៤៤៧ម៉ែត្រការ៉េ ដែលឈ្មោះ សី ស៊ីឡៃ និង ប្រាក់ ប៉ូលី រំលោភយក ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន

ភ្នំពេញ៖ប្រជាពលរដ្ឋមួយក្រុម រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នាផ្ដិតមេដាយប្ដឹងទៅ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សុំបើកផ្លូវសាធារណៈ ទំហំ៤៤៧ម៉ែត្រការ៉េ ដែលឈ្មោះ សី ស៊ីឡៃ មន្រ្តីជលផលក្រុងប៉ោយប៉ែត និង លោក ប្រាក់ ប៉ូលី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​សំណង់ និង​សុរិយោដីខេត្តបន្ទាយមានជ័យ រំលោភយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន និងប្ដឹងឲ្យអ្នកទាំងពីរ សងជំងឺចិត្ត៤០លានរៀល។

យោងតាមពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋប្ដឹងទៅ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន៥ចំណុចរួមមាន៖ “១.សូមនិរាករណ៍ លិខិតកាន់កាប់ដីធ្លី ឬប្លង់របស់ឈ្មោះសី ស៊ីឡៃ និងឈ្មោះប្រាក់ ប៉ូលី , ២.សុំបើកប្រើប្រាស់ផ្លូវសាធារណៈ ទំហំ៤៤៧ម៉ែត្រការ៉េ ដែលឈ្មោះ សី ស៊ីឡៃ និងប្រាក់ ប៉ូលី បានធ្វើលិខិតកាន់កាប់ដីធ្លី ឬប្លង់រំលោភយក ,៣.សូមដកលោក ប្រាក់ ប៉ូលី ចេញពីប្រធានការិយាល័យ ភូមិបាលក្រុងប៉ោយប៉ែត ,៤.សូមចាត់ការជនល្មើសទាំងពីររូបនេះ និងអ្នកសមគំនិតទាំងអស់ បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ និងទី៥.សូមឲ្យឈ្មោះ សី ស៊ីឡៃ និងឈ្មោះប្រាក់ ប៉ូលី បង់ប្រាក់ជំងឺចិត្ត និងការខាតបង់ពេលវេលា នូវទឹកប្រាក់៤០លានរៀល មកឲ្យពួកយើងខ្ញុំ”។

សូមរំលឹកថា ប្រជាពលរដ្ឋមួយក្រុម រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នាធ្វើការប្ដឹងទៅលោក សាន ស៊ានហួរ អភិបាលក្រុងប៉ោយប៉ែត ទាមទារឲ្យ ឈ្មោះ ហេង សារ៉ាត់បើកផ្លូវដែលមានទទឹង ៨ម៉ែត្រ និងបណ្ដោយ៤៥ម៉ែត្រ ព្រមទាំងបដិសេធការ ចុះបញ្ជីដីឡូត៍លេខ១១៧៣ របស់ឈ្មោះ ហេង សារ៉ាត់ ដែលបានយកដីផ្លូវទំហំ ៣៦០ម៉ែត្រក្រឡា ទៅចុះបញ្ជីធ្វើជាកម្មសិទ្ធិឯកជន ។

យោងតាមពាក្យបណ្ដឹង របស់លោក ហ៊ុន សាលី តំណាងប្រជាពលរដ្ឋ ក្នុងក្រុមទី១៤ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅចំណុចក្រុមទី១៤ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានផ្លូវលំមួយខ្សែតភ្ជាប់ ជាមួយផ្លូវអង់តែនទូរសព្ទ០១៦ និងតភ្ជាប់ទៅផ្លូវអ៊ូរីណា ។ ផ្លូវលំមួយខ្សែនេះត្រូវបាន ជីកសំណៅភ្លោះតាំងពីឆ្នាំ ២០០០មកម្ល៉េះ នៅចុងឆ្នាំ២០០៦ ឈ្មោះ សី ស៊ីឡៃ បានព័ទ្ធរបងរំលោភយកដីផ្លូវទំហំ ៨x៣០ម៉ែត្រ។ ឈ្មោះ សី ស៊ីឡៃ បានរំលោភយកដីផ្លូវបានចំនួន ២៤០ម៉ែត្រក្រឡា ម្ដងហើយមិនឆ្អែតទេនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៣ គាត់បានព័ទ្ធរបង រំលោភយកដីផ្លូវទំហំ ៨x១៥ថែមទៀត ហើយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ គាត់បានធ្វើរបងជញ្ជាំង ចាក់បេតុងបិទផ្លូវជិតតែម្ដង។

ពាក្យបណ្ដឹងដដែល បានឲ្យដឹងបន្ថែមថា ក្រោយមកទៀតឈ្មោះ សី ស៊ីឡៃបានលក់ដីឡូត៍របស់គាត់ និងដីផ្លូវនេះឲ្យទៅឈ្មោះ ហេង សារ៉ាត់ ហើយដីនេះមានលេខឡូត៍១១៧៣ ក្នុងប្រព័ន្ធដែលត្រូវ ចុះបញ្ជីនាពេលខាងមុខ។

ពាក្យបណ្ដឹងបញ្ជាក់ថា “ខ្ញុំបាទសូមសំណូមពរចំពោះ លោកអភិបាលក្រុងប៉ោយប៉ែត ដូចខាងក្រោម៖ ១.ស្នើសុំឲ្យបើកផ្លូវ ៣៦០ម៉ែត្រក្រឡា ដែលមានបណ្ដោយ ៤៥ម៉ែត្រ និងទទឹង៨ម៉ែត្រ ឲ្យប្រជាពលរដ្ឋបាន ធ្វើដំណើរដូចមុនវិញ។ ២. សូមលោកអភិបាលក្រុងបដិសេធ ការចុះបញ្ជីប្លង់ដីរបស់ ឈ្មោះ ហេង សារ៉ាត់ ដែលមានដីឡូត៍លេខ ១១៧៣ ក្នុងការចុះបញ្ជីជាប្រព័ន្ធ ដែលកំពុងដំណើរការ” ។

កាលពីកន្លងទៅ លោក សាន ស៊ានហូរ អភិបាលក្រុងប៉ោយប៉ែត ធ្លាប់បានចុះទៅជួប ប្រជាពលរដ្ឋរងគ្រោះខាងលើ ដោយសន្យាថា នឹងដោះស្រាយជូន តែជាលទ្ធផលមិនទាន់អាច ដោះស្រាយបាននោះទេ រហូតមកដល់ពេលនេះ។

លោក​សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដែលបានចុះទៅយកព័ត៌មាន និងជួបប្រជាពលរដ្ឋ រងគ្រោះ ដោយផ្ទាល់ បានព្យាយាមទាក់ទងទៅលោក សាន ស៊ានហូរ អភិបាលក្រុងប៉ោយប៉ែត តែមិនទាន់អាចទាក់ទងបាន ។

លោក សយ សុភាព បានធ្វើការទាក់ទងដោយផ្ទាល់ទៅ លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ដោយអភិបាលរង ខេត្តបន្ទាយមានជ័យ បានសំណូមពរឲ្យប្រជាពលរដ្ឋ ដាក់ពាក្យបណ្ដឹងទៅរដ្ឋបាលខេត្ត ដើម្បីឲ្យរដ្ឋបាលខេត្ត មានវិធានការដោះស្រាយជូន។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ បានធ្វើការរិះគន់ធ្ងន់ៗ ទៅលើលោកប្រាក់ ប៉ូលី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ​នគរូបនីយកម្ម​សំណង់ និង​សុរិយោដីខេត្តបន្ទាយមានជ័យថា ចាប់តាំងពីឡើងកាន់តំណែងមក បង្ករឿងអាស្រូវទំនាស់ដីធ្លី ជាច្រើនកន្លែង ពោលគឺក្នុងនាមខ្លួនជាមន្រ្តី មិនដែលចេញមុខចាត់វិធានការ ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋនោះទេ​មានតែធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋម្ដងហើយម្ដងទៀត៕

Facebook Comments

To Top