នយោបាយ

អត្ថបទវិភាគ ៖ ករណី EBA គ្មានអ្នកណាស្រឡាញ់ខ្មែរ ជាងខ្មែរគ្នាឯងឡើយ

ភ្នំពេញ ៖ លោក ហើស សិរីធន អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសឡាវ និងហ្វីលីពីន បានវិភាគថា បញ្ហាការអនុវត្តនីតិវិធីផ្អាក​ ជាបណ្តោះអាសន្ននូវការអនុគ្រោះពន្ធ ទំនិញគ្រប់ប្រភេទលើកលែង តែអាវុធ (EBA) មកលើកម្ពុជា ពីសំណាក់សហគមន៍អឺរ៉ុប (EU) គឺមានតែខ្មែររួមគ្នាដោះស្រាយទេ ព្រោះគ្មានអ្នកណាស្រឡាញ់ខ្មែរជាខ្មែរគ្នាឯងនោះទេ។

អតីតទូតរូបនេះ ក៏បានលើកឧទាហរណ៍ដែលអាមេរិក ចាប់បង្ខំឲ្យកូរ៉េខាងត្បូងបង់ពន្ធ ខណៈប្រទេសទាំងពីរគឺជាមិត្តចាក់ទឹកមិនលេច។ ការបង់ពន្ធនោះ គឺដើម្បីជាថ្នូនឹងការដាក់ទ័ព អាមេរិកឈរជើងនៅកូរ៉េ។

អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសឡាវ និងហ្វីលីពីន បានលើកឡើងថា “កុំថាអី EBA ជាផលប្រយោជន៍របស់ EU សូម្បីតែជាសម្ព័ន្ធមិត្តស្លាប់រស់របស់សហរដ្ឋអាមេរិក ក៏អាមេរិក ចាប់ឲ្យកូរ៉េខាងត្បូងបង់ពន្ធដែរ ដូច្នេះទាំងអស់នេះ សុទ្ធតែជាផលប្រយោជន៍ទាំងអស់ គ្មាននរណាម្នាក់ស្រទ្បាញ់យើង ជាងខ្មែរស្រទ្បាញ់ខ្មែរខ្មែរប្រឹងរកដោយខ្លួនឯងឡើយ”។

លោកបានលើកឡើងពីកិច្ចព្រមព្រៀងថ្មីរវាងក្រុងសេអ៊ូល របស់កូរ៉េខាងត្បូងជាមួយអាមេរិកថា យោងតាមការព្រមព្រៀងថ្មី គឺក្រុងសេអ៊ូលត្រូវបង់ពន្ធ ឲ្យអាមេរិក៨០០លានដុល្លារ ដើម្បីរក្សាទ័ពអាមេរិក ឲ្យបន្តឈរជើងនៅកូរ៉េខាងត្បូង ។ ការចំណាយលើការបន្តរក្សា ការឈររបស់ទ័ពអាមេរិកនៅកូរ៉េខាងត្បូង ត្រូវបានកើតឡើងតាមសំណូមពររបស់ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក ។ កិច្ចព្រមព្រៀងថ្មីនេះ នឹងចាប់មានគតិយុត្តក្រោយកិច្ចព្រមព្រៀងចាស់៥ឆ្នាំអស់សុពលភាព ។

ដំបូងឡើយអាមេរិកបានទាមទារឲ្យកូរ៉េខាងត្បូងទូទាត់ចំណាយនេះ ក្នុងទឹកប្រាក់១កោដិដុល្លារនោះ កើនឡើង៥០ % ។ ក្រុងសេអ៊ូល បានសង់នូវតម្លៃមួយនេះ សំរាប់ការឈរជើង របស់កងទ័ពអាមេរិក៤ម៉ឺននាក់ នៅលើទឹកដីកូរ៉េ ។ ក្រុងសេអ៊ូល ចង់បានកិច្ចព្រមព្រៀងនេះ មានសុពលភាពពី៣ទៅ៥ឆ្នាំ តែភាគីអាមេរិកតថ្លៃ៨០០លានដុល្លារ សំរាប់តែមួយឆ្នាំប៉ុណ្ណោះ ។

ក្នុងគោលគំនិតរបស់រដ្ឋាភិបាល ត្រាំ ប្រទេសទាំងអស់ដែលមានកងទព័អាមេរិកឈរជើង ត្រូវបង់លុយទាំងអស់ ( មើលទៅដូចពួកទាហានស៊ីឈ្នួល ឥតមានមិត្តភាពបេះដូងអី្វទាំងអស់ ) ។ អាមេរិកបានដាក់ពង្រាយកងទព័ច្រើនកន្លែងលើពិភពលោក ។ ក្រៅពីកូរ៉េខាងត្បូងទ័ពអាមេរិក ក៏មានវត្តមាននៅអាលឺ្លមង់ និងជប៉ុនដែរ។

ដោយទ្បែក អាមេរិកក៏មានទ័ពមួយចំនួនតូចប្រចាំនៅអូស្ត្រាលីដែលចំនួននេះ មានលក្ខណៈជាទ័ពចល័ត ។ ជារួមក្រុងវ៉ាស៊ីនតោន (Washington) មានមូលដ្ឋានទ័ព (military bases ) ទាំងអស់៨០០ទីតាំងក្នុង៧០ប្រទេស និងដែនកោះលើសកលលោកទាំងមូល ។

យោងតាមឯកសាររបស់មន្ទីរ Pentagon គឺអាមេរិកមានកងទ័ពប្រមាណជា ៣៥០ម៉ឺននាក់ ដែលមានមុខ និងឈរជើងនៅ ក្រៅទឹកដីអាមេរិកដែលច្រើនបំផុត ទ័ពអាមេរិកឈរជើងនៅ អឺរ៉ុប អមនិង NATO ព្រមទាំងតំបន់អាស៊ីខាងកើត ។ ក៏ប៉ុន្តែមូលដ្ឋានដែលមានទ័ពអាមេរិកវត្តមានច្រើនបំផុត គឺនៅអាលឺ្លម៉ង់៨ម៉ឺននាក់ , ជប៉ុន៤ម៉ឺននាក់ និងកូរ៉េខាងត្បូងជិត ៣ម៉ឺននាក់ ។

មូលដ្ឋានកងទព័អាមេរិក ត្រូវបានបែងចែកចេញជា ៤ប្រភេទរួមមាន ៖ មូលដ្ឋានទ័ពអាកាស , មូលដ្ឋានទ័ពជើងទឹក , មូលដ្ឋានទ័ពជើងគោក និងមូលដ្ឋានចារកម្មស៊ើបយកការសម្ងាត់ ។ តែបើគិតសរុបបូកទីតាំងទាំងអស់របស់អាមេរិកលើសកលលោក គឺអាមេរិកមានទីតាំងយោធា ទាំងអស់ប្រមាណ ៦០០០កន្លែង ។

ដោយទ្បែក ទីតាំងយោធាដែលមានមនុស្សច្រើនជាងគេបំផុតនោះ គឺមូលដ្ឋានទព័ជើងគោក ដោយទីនេះ មានទាំងទ័ព ទាំងគ្រួសារទ័ព និងអង្គភាពបំរើសេវានានារួមទាំងឃ្លាំងផងដែរ ។

ក្នុងសប្តាហ៍នេះ អាមេរិកនឹងរៀបចំកិច្ចប្រជុំស្តីពីបញ្ហាអ៊ីរ៉ាក់ តែពុំមានការចូលរួមរបស់អ៊ីរ៉ង់នៅ Poland ហើយដែលប្រទេសម្ចាស់ផ្ទះ Poland សង្ឃឹមថា អាមេរិកនឹងយកទ័ពទៅដាក់ Poland ។ បំណងនៃការចង់ឲ្យអាមេរិកដាក់ទ័ពនៅ Poland ដើម្បីបំពេញតុល្យភាព និងទប់ទល់ទៅនិងភាព pressure ពីរុស្ស៊ី។

ចុងខែនេះ ប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ និងប្រធានាធិបតីកូរ៉េខាងជើង លោក គឹម ជុងអ៊ុន ជួបគ្នានៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលប្រធានបទសំខាន់ គឺកម្មវិធីនុយក្លេអ៊ែលរបស់ក្រុងព្យុងយ៉ាង ។ បើបញ្ហានេះ ត្រូវបានដោះស្រាយលែងមានការគំរាមគំហែងលើឧបទ្វីបកូរ៉េទៀត ។ ទ័ពអាមេរិក ៤ម៉ឺននាក់នេះ ក៏នឹងរំកិលទៅណា? ព្រោះក្រោយសង្រ្គាមលោកលើកទី២ និងសង្គ្រាមលើឧបទ្វីបកូរ៉េចប់ វត្តមានរបស់កងទ័ពអាមេរិកក្នុងតំបន់នេះ ដើម្បីផ្តល់ការការពារ និងសុវត្ថិភាពដល់សម្ព័ន្ធមិត្តពីរ គឺជប៉ុន និងកូរ៉េខាងត្បូងតែប៉ុណ្ណោះ ៕

Facebook Comments

To Top