ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យក្រសួងធនធានទឹក ត្រៀមទឹកទុក សម្រាប់ពលរដ្ឋនៅរដូវប្រាំង ព្រោះខ្វះទឹក (មានវីដេអូ)


ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យក្រសួងធនធានទឹក សហការជាមួយ រដ្ឋបាលរាជធានី-ខេត្ត ពិនិត្យប្រភពទឹកតាមមូលដ្ឋាន ទាំងប្រភពទឹក សម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ និងបង្កបង្កើនផលរដូវប្រាំង ដើម្បីមានវិធានការការពារ និងប្រើប្រាស់ទឹក នៅសេសសល់ សម្រាប់ប្រើក្នុងជីវភាព ប្រចាំថ្ងៃក្នុងរដូវប្រាំង ព្រោះនៅប៉ុន្មានខែខាងមុខនេះ នឹងមានសភាពក្តៅហួតហែងខ្លាំង កើតឡើងបណ្តាលឲ្យខ្វះទឹកប្រើ ។

ក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ បានមានប្រសាសន៍ថា “ផ្អែកតាមការព្យាករណ៍ឆ្នាំនេះ អាចនឹងមានអាកាសធាតុក្ដៅ ហួតហែង ហើយរដូវប្រាំត្រូវអូសបន្លាយ យូរជាងមុន ដូច្នេះសូមឲ្យក្រសួងធនធានទឹក ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យ ប្រភពទឹកតាមមូលដ្ឋាន ទាំងប្រភពទឹក សម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ និងបង្កបង្កើនផលរដូវប្រាំង ដើម្បីមានវិធានការការពារ និងប្រើប្រាស់ប្រភពទឹក ដែលនៅសេសសល់ សម្រាប់ប្រើប្រាស់ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន” ។

សម្ដេចបន្តថា ទន្ទឹមនេះ ក្រសួងស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈ អន្តរាគមន៍ ដើម្បីដឹកជញ្ជូនទឹក ជូនប្រជាជននៅមូលដ្ឋាន ដោយមិនទុកឲ្យប្រជាជន រងគ្រោះដោយសារការខ្វះខាតទឹក ប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ ។

ក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រី ក៏បានឲ្យក្រសួងសុខាភិបាល និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ណែនាំអប់រំប្រជាជន នៅតាមមូលដ្ឋាន ឲ្យថែរក្សាសុខភាព ការពារជំងឺឆ្លងរាតត្បាត តាមកសិដ្ឋានានា ដោយត្រូវមានវិធាន ការជូយអន្តរាគមន៍ ក្នុងការព្យាបាលជំងឺ ទាំងមនុស្សនិងសត្វ ឲ្យបានទាន់ ពេលវេលា ៕
ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top