នយោបាយ

សម្ដេចតេជោ ស្នើរៀបចំវេទិកា រាជរដ្ឋាភិបាល និងវិស័យឯកជន ជំរុញល្បឿនសេដ្ឋកិច្ច ខណៈសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៨ មានកំណើន៧,៥% (មានវីដេូ)


ភ្នំពេញ ៖ ស្របពេលសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា មានកំណើនជាបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៅខែមីនាខាងមុខនេះ ដើម្បីពិភាក្សាជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា បន្ថែមទៀតខណៈស្ថាប័នIMF សហការជាមួយស្ថាប័នជំនាញ របស់កម្ពុជាវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៨កន្លង ទៅមានកំណើន៧,៥%មិនមែន៧,៣% ដូចការប្រកាសកាលពីដើមឆ្នាំនោះទេ ។

សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី បានថ្លែងក្នុងឱកាសអញ្ជើញ បិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩នេះថា “ខ្ញុំគួរតែយកឱកាសនេះ បញ្ជាក់បន្តិចដំបូង ខ្ញុំសុំស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផ្នែកពាក់ព័ន្ធ ដើម្បីរៀបចំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជននៅក្នុងខែមីនាខាងមុខនេះ ដើម្បីយើងពិភាក្សាគ្នាបន្ថែមទៀត ទៅលើបញ្ហាពាក់ព័ន្ធទាំងឡាយជាមួយកំណែទម្រង់ ដែលយើងត្រូវប្រកាន់យក ដើម្បីធ្វើការជំរុញល្បឿន សេដ្ឋកិច្ចរបស់យើង”។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា “កំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានប្រកាសកាលពីដើមឆ្នាំកន្លងទៅ ដែលមាន៧,៣ភាគរយនោះ ឥឡូវIMFសហការជាមួយស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា បានវាយតម្លៃឡើងវិញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៨ កន្លងទៅនេះគឺមានរហូតទៅដល់៧,៥ភាគរយ ដែលជាកំណើនខ្ពស់បំផុត”។

ជាមួយគ្នានោះដែរសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់បណ្ដាអ្នកវិនិយោគទាំងអស់ ដែលកំពុងធ្វើការបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ឲ្យបន្តធ្វើការវិនិយោគបង្កើតការងារ ជូនប្រជាពលរដ្ឋកម្ពុជា បន្ថែមទៀតជាមួយបរិយាកាសវិនិយោគ កាន់តែប្រសើរឡើង៕

Facebook Comments

To Top