ព័ត៌មានជាតិ

ប.ស.ស ផ្សព្វផ្សាយគោនយោបាយ ការអនុវត្តរបបសន្តិសុខសង្គម និងប្រគល់ប័ណ្ណសមាជិក ជូនមន្រ្តីរាជការ ខេត្តកំពង់ចាម

កំពង់ចាម៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សហការជាមួយសាលាខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅខេត្តកំពង់ចាម។

ក្នុងឱកាសនេះ លោក សុខ បូរ៉ា ប្រធានការិយាល័យតាវលិក នៃ ប.ស.ស បានធ្វើបទបង្ហាញស្ដីពី អត្ថប្រយោជន៍ នៃការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលកំពុងបម្រើការ នៅរដ្ឋបាលខេត្តកំពង់ចាម ដើម្បីឱ្យពួកគាត់ទទួលបាន សេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស ដោយឥតបង់ថ្លៃ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀតដែល ប.ស.ស បានផ្តល់ជូន។

សូមបញ្ជាក់ថាពិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតីភាព លោក កៅ សុខអាន អភិបាលរង តំណាងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក លោកស្រី តំណាងមន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណជាង ៧០នាក់។

គួររំលឹកផងដែរថា កន្លងមករាជរដ្ឋាភិបាល​ សម្រាប់នីតិកាលទី៥នៃរដ្ឋសភា បានដាក់ចេញនូវក្របខ័ណ្ឌ គោលនយោបាយជាតិ គាំពារសង្គម (២០១៦-២០២៥) ដែលក្របខ័ណ្ឌគោលនយោបាយនេះ គឺជាផែនទីបង្ហាញផ្លូវរយៈពេលវែង។ ប្រព័ន្ធគាំពារសង្គមផ្តោតលើ សសរស្តម្ភ សំខាន់ៗចំនួនពីរគឺ៖ ប្រព័ន្ធ ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ៕

Facebook Comments

To Top