នយោបាយ

នាយករដ្ឋមន្រ្តី បង្ហាញក្តីសង្ឃឹមថា ទោះបាត់បង់ EBA ក៏មិនអាចធ្វើឲ្យកម្ពុជាស្លាប់ដែរ (មានវីដេអូ)

ភ្នំពេញ ៖ នេះជាលើកដំបូងដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញ ប្រតិកម្មនិងព្រមាន ក្រោយសហគមន៍អឺរ៉ុប(EU) បានប្រកាសពីនីតិវិធី ផ្អាកជាបណ្តោះអាសន្ន នូវការអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធ(EBA) នៅកម្ពុជា ។

ប្រតិកម្ម លាយជាមួយក្តីសង្ឃឹម ដែលសម្តេចនាយករដ្ឋមន្រ្តី លើកឡើងនោះ គឺថា ទោះបីជាបាត់បង់ EBA ឬក៏បន្តទៀត ក៏មិនអាចឲ្យកម្ពុជាស្លាប់ទៅតាមការបាត់ EBAបានដែរ។

សហគមន៍អឺរ៉ុប បានចាប់ផ្តើមនីតិវិធីជាផ្លូវការលើការផ្អាកជាបណ្តោះអាសន្នការអនុគ្រោះពន្ធ គ្រប់ប្រភេទលើកលែងតែអាវុធ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មុននឹងអាច ឈានទៅរកការព្យូរនៅខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវទៅរកភាពល្អប្រសើរគ្រប់គ្រាន់ ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ក្នុងឱកាសចូលរួមបិទសន្និបាត បូកសរុបការងារ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ កុម្ភៈ សម្តេចតេជោបានថ្លែងថា ការព្យូរ EBA នឹងដឹងក្នុងរយៈពេល១៨ខែទៀត ប៉ុន្តែទោះបី ជាបាត់បង់ ឬក៏បន្តក៏មិនអាចឲ្យកម្ពុជាស្លាប់ទៅតាមបានដែរ។ នេះមិនមែនជាការបិទទីផ្សារទេ តែជាការរៀបចំ នីតិវិធី ដើម្បីឈានឆ្ពោះទៅរក ការបញ្ចប់ ឬមិនបញ្ចប់ប៉ុណ្ណោះ។

សម្តេចបានបញ្ជាក់ថា “ទោះមាន ឬគ្មាន EBA វាក៏មិនធ្វើឲ្យស្លាប់ តែវាក៏មិនធ្វើឲ្យយើងក្លាយទៅជាអ្នកមានបានដែរ។ រកស៊ីបង់ពន្ធឲ្យគេ គេបង់ពន្ធឲ្យយើងគឺជារឿងស្មើភាព សមហេតុ សមផល ដែលយើងមិនចង់ឲ្យអ្នកណាប្រើភាពអនុគ្រោះ ហើយបែរជាមកបង្វែក្បាលយើងតាមចិត្តចង់នោះទេ”។

សម្តេចបន្តថា ដូច្នេះមិនត្រូវយកអធិបតេយ្យភាពកម្ពុជាទៅដោះដូរអ្វីទេ។ ពាក់ព័ន្ធទៅនឹង លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលតែងតែមានសកម្មភាព យ៉ាងផុសផុល ឲ្យសហគមន៍អន្តរជាតិ ផ្តាច់ជំនួយមកកម្ពុជា ក៏ដូចជាឲ្យ EU យកពន្ធលើការនាំចូល ទៅទីផ្សារអឺរ៉ុបនោះ សម្តេចតេជោបានបង្ហាញការចង់ដឹងថា តើអតីតមេបក្សប្រឆាំង នឹងធ្វើយ៉ាងម៉េច បើកម្ពុជាមិនស្លាប់ក្រោយបាត់ EBA?

នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងទៀតថា នីតិវិធីអនុវត្តនូវការផ្អាកជាបណ្តោះអាសន្នអនុគ្រោះពន្ធ ជានីតិវិធីធម្មតារបស់ពួកគេ ព្រោះEBA យូរឬឆាប់ក៏នឹងបាត់ ព្រោះនៅពេលណាដែលសេដ្ឋកិច្ចកម្ពុជាខ្ពស់ជាងមុន គេនឹងដកជាស្វ័យប្រវត្តិ។ បច្ចុប្បន្នកំណើនសេដ្ឋកិច្ចនៅកម្ពុជាមាន៧,៥%ខ្ពស់បំផុតនៅឆ្នាំ២០១៨។

សម្តេចតេជោបន្តទៀតថា “ខ្ញុំកំពុងរង់ចាំចង់មើលមុខអ្នកដែលអារង់ចាំខ្មោចដែលស្លាប់ទៅហើយ វានឹងរស់ឡើងវិញ ដើម្បីទទួលបានប្រាក់ខែ ។ តើទឹកមុខវារបៀបណា? នៅពេលដែលវាចង់សម្លាប់យើង តែយើងមិនស្លាប់”។

សម្រាប់ក្តីកង្វល់មតិមួយចំនួន ព្រួយបារម្ភ មកលើកម្មកររឿងបាត់ EBA ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីអះអាងថា រាជរដ្ឋាភិបាលមានប្រាក់ គ្រប់គ្រាន់ក្នុងការបើកប្រាក់ខែ ឲ្យកម្មករក្នុងរយៈ ពេល១២ខែ ដូច្នេះកម្មករកុំភ័យខ្វល់ខ្វាយ ពីអ្វីឲ្យតែមានការធ្វើ ទៅគ្រប់គ្រាន់ហើយ។ សម្រាប់ការដក EBA ដែលសម្តេចអះអាងថា មេបក្សប្រឆាំងចាំ សើចចំអកនោះ គឺជាការសម្លាប់បក្សប្រឆាំង ទៅវិញទេ ។

សម្តេចតេជោសង្កត់ធ្ងន់ថា “ខ្ញុំគ្រាន់តែប្រាប់អ្នកឯងថា គ្រាន់តែចំណូលគយមួយគ្រប់គ្រាន់ ដើម្បីបើកប្រាក់ខែហើយ មិនចាំបាច់អ្នកឯងមកព្រួយបារម្ភជួសទេ”។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យដឹងទៀតថា EU អនុគ្រោះពន្ធលើប្រទេសណា ដែលមានការអភិវឌ្ឍតិចតួច ក្នុងនោះមានកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលជាប្រទេសក្បែរខាង នៅពេលមានការអភិវឌ្ឍគេ នឹងដកដដែលទេ អីចឹងត្រូវធ្វើជាអ្នកមាន ទៅបើគង់តែគេដកនោះ ។

ទន្ទឹងនឹងនេះដែរ សម្តេចថា ទោះបីបាត់ EBA ក៏មិនបានធ្វើឲ្យកម្ពុជា និងសហគមន៍អឺរ៉ុប រង្គោះរង្គើលនឹងគ្នាដែរ គឺទំនាក់ទំនងនៅតែ មានជាមួយគ្នាដដែល ហើយកម្ពុជា នៅតែធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ ដោយប្រមុខរដ្ឋ នៃប្រមុខរដ្ឋាភិបាល នៃប្រទេសក្នុងសហគមន៍ នឹងចូលរួមជាច្រើនផងដែរ ។

សូមបញ្ជាក់ថា ប្រទេសដែលទទួលបាន ការអនុគ្រោះពន្ធ លើគ្រប់មុខទំនិញ លើកលែងសព្វាវុធ ពីសហភាពអឺរ៉ុប មាន៤៩ប្រទេស ក្នុងនោះបណ្ដាប្រទេស នៅអាហ្វ្រិក មានចំនួនច្រើន ជាងគេ។ ជាមួយគ្នានេះដែរ ក្រៅពីផ្អាកនីតិវីធីអនុវត្តបណ្តោះអាសន្នដកពន្ធកម្ពុជា មីយ៉ាន់ម៉ាក៏រងការគំរាមកាត់ពន្ធផងដែរ។

ក្នុងឱកាសនោះដែរ សម្តេចតេជោបានថ្លែងទៀតថា EU យកពន្ធលើអង្ករកម្ពុជា មិនមែនធ្វើឲ្យកម្ពុជាស្លាប់ទេ តែធ្វើឲ្យពលរដ្ឋខ្មែរ នៅអឺរ៉ុប១ភាគ៣ ស្លាប់ទៅវិញទេ ព្រោះត្រូវបង់ពន្ធ ដោយពួកគេចូលចិត្ត ហូបអង្ករកម្ពុជា ព្រោះជាអង្ករឆ្ងាញ់ ។

សម្តេចបន្តថា អង្ករជារឿងប្រកួតប្រជែង រវាងអេស្ប៉ាញ និងអ៊ីតាលី ដោយអង្ករ២ប្រទេស នោះគ្មានគុណភាព ដូចអង្ករកម្ពុជា ទើបតវ៉ាឲ្យយកពន្ធលើ ការនាំចូលអង្ករ របស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ៕

Facebook Comments

To Top