នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា មិនឲ្យពលរដ្ឋចេញ ពីផ្ទះទៅណាទេ នៅថ្ងៃ៣មីនា (Video)

ភ្នំពេញ ៖ ការដែលនាយករដ្ឋមន្រ្តី កម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស ចាក់ចេញពីផ្ទះ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ដោយសារតែមន្រ្តី ចុះធ្វើជំរឿនសម្រាប់ឆ្នាំ២០១៩ ។

ជំរឿន ដើម្បីចង់ដឹងពីតួរលេខ របស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស មានចំនួនប៉ុន្មាននាក់ឲ្យប្រាកដ។

សម្តេចតេជោបានថ្លែង ក្នុងឱកាសចូលរួមបិទសន្និបាត ការងារក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ថា នៅថ្ងៃ៣មីនា ខាងមុខនេះ ពលរដ្ឋកុំចេញទៅណា ដើម្បីឲ្យមន្រ្តីចុះធ្វើជំរឿនដើម្បីចង់ដឹងថា សមាជិកគ្រួសារមានប៉ុន្មាននាក់ ដើម្បីបូកសរុបពលរដ្ឋ នៅទូទាំងប្រទេស ។

សម្តេចតេជោបញ្ជាក់ថា “សូមអំពាវនាវដល់បងប្អូនជនរួមជាតិទូទាំងប្រទេស សូមចូលរួមការធ្វើជំរឿន នៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ព្រោះការធ្វើជំរឿនមានសារសំខាន់ និងជាប្រភពតែមួយគត់ដែលអាចផ្ដល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ និងស្ថានភាពរស់នៅពិតប្រាកដរបស់ប្រជាជន នៅទូទាំងប្រទស ។ ចឹងសូមអំពាវនាវចំពោះពលរដ្ឋ សូមមេត្តា ថ្ងៃ៣មីនា នេះ កុំចេញទៅណា ដើម្បីឲ្យគេកត់ត្រាស្រង់ស្ថិតិ កំណត់រាប់មនុស្សនៅក្នុងផ្ទះតែម្ដង ដើម្បីឲ្យឃើញថា មានមនុស្សប៉ុន្មាននាក់ឲ្យពិតប្រាកដ” ។

សូមបញ្ជាក់ថា ការធ្វើជំរឿនទូទៅប្រជាជន បានប្រព្រឹត្តឡើងចំនួន៣លើក រួចមកហើយ គឺលើកទី១ ឆ្នាំ១៩៦២ ។ ក្រោយមកបានខកខាន អស់រយៈពេល៣៦ឆ្នាំ បណ្តាលមកពីសង្គ្រាមក្នុងប្រទេស។ លើកទី២ ឆ្នាំ១៩៩៨ និងលើកទី៣នៅ ឆ្នាំ២០០៨ ៕

Facebook Comments

To Top