តារា

តារាប្រុសស្រីពីរដួងប៉ះគ្នា ក្នុងរឿងភាគថ្មីរបស់ ស្ថានីយទូរទស្សន៍លេខ៥ “រៃប្តូរទ្រនំ” សន្យានឹងធ្វើឱ្យល្អខ្លាំងជាងមុន

ភ្នំពេញ៖ តារាសម្តែងប្រុសស្រីពីរដួងដ៏ល្បីគឺ កញ្ញា ផាន់ ផាត់ណា បានប៉ះគ្នាជាមួយបុរសរូបសង្ហា លោក សេង មង្គល ទៀតហើយក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍លេខ៥ “រៃប្តូរទ្រនំ” ដោយសន្យានឹងធ្វើឱ្យល្អខ្លាំងជាងរឿងមុនៗ។

ក្នុងពិធីក្រុងពាលីរឿងភាគ “រៃប្តូរទ្រនំ”កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ តតារាសម្តែងប្រុសលោក សេង មង្គល បានថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា សម្រាប់រឿងថ្មីនេះ លោកតម្រូវឱ្យដើរតួជាកំលោះ ដែលមានមុខជំនួញ ហើយជាកូនទី២ក្នុងគ្រួសារអ្នកមាន និងពូកែរកស៊ីខ្លាំង។ លោកត្រូវដើរតួ មានលក្ខណៈជាបុគ្គលល្អប្រពៃ និង ឈ្លាសវៃ។ លោកក៏ជាបុរសសង្ហា ដែលស្រីៗស្អាតសិចស៊ីជាច្រើនក្នុងរឿងនេះ ដណ្តើមគ្នាចង់បាន ប៉ុន្តែមិនចាប់អារម្មណ៍ឡើយ បែរជាទៅពេញចិត្តតួឯកស្រី ឈ្មោះ “នីកា” (ផាន់ ផាត់ណា) ។ លោកសប្បាយចិត្ត នៅពេលដែលអ្នកដឹកនាំ ថតស្ថានីយទូរទស្សន៍ ជ្រើសរើសយកលោក ដឹងថា សាច់រឿងនេះល្អ ហើយយកលោកលេងគឺប្រាកដ ជាល្អមើលនាពេលខាងមុខនេះ។

ចំណែកតួឯកស្រីកញ្ញា ផាន់ ផាត់ណា ដែលដើរតួជា “នីកា” បានប្រាប់ថា សម្រាប់នេះនាងនឹងយកសមត្ថភាព របស់នាងទាំងអស់ មកបញ្ចេញក្នុងសាច់រឿង “រៃប្តូទ្រនំ” នេះដោយនាងជឿជាក់យ៉ាងខ្លាំងថា នាងអាចធ្វើបានមិន ឱ្យទស្សនិកជន ខកបំណងឡើយ។ សាច់រឿងក៏ប្លែកផងដែរ ដោយសារតែឈុតឆាកស្នេហា មិនសូវសំបូរឡើយ សំបូរឈុតឆាក ឈ្លោះគ្នា បណ្តើមមុខរបបគ្នា កាចកុងគ្នា ហើយជាពិសេស នឹងបង្ហាញឈុតអប់រំ និង តាមបែបព្រះពុទ្ធសាសនផងដែរ។

សូមបញ្ជាក់ថា តារាសម្តែងពីរដួងនេះ លោក សេង មង្គល និង កញ្ញា ផាន់ ផាត់ណា បានធ្លាប់ប៉ះគ្នាម្តងហើយក្នុង រឿងភាគដែរ គឺ “គ្រាប់បាល់អង្រួនបេះដូង” ដែលធ្លាប់ទទួលបានការគាំទ្រ យ៉ាងខ្លាំងផងដែរ។ កញ្ញា ផាន់ ផាត់ណា ជាតារាសម្តែងលេចធ្លោ និងប្រជាប្រិយក្នុងរឿងភាគច្រើន កន្លងមកនាងទទួលបានការថតខ្សែភាពយន្ត តាំងដើមមកសរុបចំនួន១៥រឿងមកហើយ។

លោកគ្រូ ស៊ិន សុផាត សមាជិកនៃគណៈកម្មការ ដឹកនាំរឿងនៃស្ថានីយទូរទស្សន៍លេខ៥ បានបង្ហើបឱ្យដឹងថា សម្រាប់រឿង “រៃប្តូរទ្រនំ” នេះមានឈុតឆាករស់ជាតិប្លែកពីរឿងមុនៗ ដោយរឿងនេះបែបកំសត់ ច្រណែនឈ្នានីសគ្នា ដណ្តើមមុខរបបគ្នា ហើយសាច់រឿងទាំងមូល ផ្តោតលើការអប់រំ សីលធម៌ និងព្រះពុទ្ធសាសន៍។ រឿងនេះនឹងធ្វើឱ្យទស្សនិកជនពេញចិត្ត និង ផ្ទុះការគាំទ្រនាពេលខាងមុខនេះ៕
ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top