តារា

តារាកំប្លែង ខ្ញុង រៀបរាប់ពីប្តីមានស្រីថ្មី ដោយចង់លែងលះ

ភ្នំពេញ ៖ តារាកំប្លែងខ្ញុង តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមានឈ្មោះថា អូន សុកាន់ដា បានរៀបរាប់ពីបញ្ហា ដែលខ្លួនជួបប្រទះ ដោយសារប្តីមានស្រីថ្មី ជាយូរមកហើយ ដោយបានបណ្តើរគ្នាទៅណាមក ជាសាធារណៈទៀតផង។

ការរៀបរាប់របស់ខ្ញុង ឈ្មោះពិត អូន សុកាន់ដា នេះ មិនដឹងថា ជាការសម្តែង ឬយ៉ាងណាទេ ព្រោះតាមរយៈហ្វេសប៊ុក ឃើញថា បានបង្ហោះរូបភាពផ្អែមល្ហែម ជាមួយប្តីជាហូរហែ។

ម្យ៉ាងទៀតក៏មិនដឹងថា ចង់សំដៅលើអតីតស្វាមី ឬក៏ស្វាមីបច្ចុប្បន្នទេ ព្រោះក្នុងវិដេអូដែលបង្ហោះជាងមួយនាទី នៅក្នុងហ្វេសប៊ុកនោះ មិនបានបញ្ជាក់ពីប្តីមុន ឬប្តីក្រោយទេ។

នាងអ្នកខ្ញុងដែលជាតារាសម្តែង ផ្នែកខាងកំប្លែង ដែលបម្រើអារម្មណ៍ពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានឲ្យដឹងក្នុងហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ថា រាល់ថ្ងៃនេះ ខ្លួនខ្ពើមរអើមប្តីជាខ្លាំង ដោយមិនចង់ដេកជាមួយទេ ព្រោះមានស្រីថ្មីនៅខាងក្រៅ ។

អ្នកនាងថា បើត្រឹមតែមានស្រីពេលចូលខារ៉ាអូខេ គឺនាងមិនហាមឃាត់ទេ តែនេះ មានស្រីថ្មីហើយមកបញ្ឈឺទៀត តាមរយៈនាំទៅជប់លាងកម្មវិធីនានា ដោយមានការហៅគ្នា ជាប្តីប្រពន្ធពេញៗមាត់ថែមទៀតផង។

ខ្ញុងអះអាងថា ប្តីរបស់ខ្លួនបានលួចចិញ្ចឹមស្រីនោះ រាប់ខែរាប់ឆ្នាំមកហើយ ដោយមានទាំងការជួលផ្ទះឲ្យនៅ ឲ្យលុយចាយពេញៗដៃថែមទៀតផង។

អ្នកនាង អូន សុកាន់ដា បានរៀបរាប់ទាំងទឹកភ្នែកថា “ខ្ញុំឈឺចិត្តណាស់ ពេលខ្លះខ្ញុំគិតថា ចង់លែងគ្នា តែចិត្តមួយអាណិតកូន មួយទៀតខ្មាសគេ”៕

Facebook Comments

To Top