ព័ត៌មានជាតិ

KW Cambodia ទទួលសិទ្ធិផ្ដាច់មុខលក់គម្រោងដំបូង ក្រោយចូលមកកម្ពុជា

ក្រុមហ៊ុន Keller Williams Cambodia បានចុះកិច្ចសន្យា ទទួលបានសិទ្ធលក់ផ្ដាច់មុខគម្រោង Park Villa ដែលជាគម្រោងដំបូង បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យ ដ៏ល្បីរបស់អាមេរិកនេះ ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ។ ពិធីចុះកិច្ចសន្យា បានធ្វើឡើងក្រោមវត្តមាន លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia និងលោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វីអាឡាយអែន និងជាប្រធានគ្រប់គ្រងគម្រោងផាកវីឡា កាលពីល្ងាចមិញ ។

លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា នេះគឺជាគម្រោងដំបូង ដែលក្រុមហ៊ុន KW Cambodia បានចុះកិច្ចសន្យាទទួលសិទ្ធិ លក់ផ្ដាច់មុខគម្រោង Park Villa តែមិនមែនជាគម្រោងថ្មី សម្រាប់លោកនោះទេ ព្រោះលោកធ្លាប់ទទួលបានសិទ្ធិ លក់ផ្ដាច់មុខពីគម្រោងជាច្រើនមកហើយ ក្នុងនាមអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ។ ហេតុនេះលោក មានជំនឿចិត្តខ្ពស់ ក្នុងការនាំអតិថិជន ទៅទិញគម្រោង Park Villa តាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន KW Cambodia ។

លោកថា «ហេតុអ្វី បានជាយើងជ្រើសរើសគម្រោង Park Villa ជាគម្រោងដំបូង? យើងបានសិក្សា គម្រោងជាច្រើនមកហើយ គម្រោងខ្លះ មិនសូវស៊ីនឹងទីផ្សារ តែ Park Villa រៀបចំមក ស៊ីនឹងទីផ្សារណាស់ ព្រោះមានស្ដង់ដារ ងាយស្រួលលក់ ហេតុនេះទើបយើងសហការគ្នា… ។ គោលដៅទីផ្សារដំបូងរបស់យើង គឺទីផ្សារប្រជាជនមានវ័យកណ្ដាល អាចមានគ្រួសារ កូនតូចៗ និងឪពុក-ម្ដាយរស់នៅជាមួយ ព្រោះ Park Villa មាន ៥បន្ទប់ ហើយក៏មានបន្ទប់ក្រោម សម្រាប់ឪពុក-ម្ដាយចាស់ៗដែរ» ។

ដោយឡែកលោក ហោ សេរីវឌ្ឍន៍ បានដាក់ការជឿជាក់ខ្ពស់លើក្រុមហ៊ុន KW Cambodia ក្នុងការលក់គម្រោងរបស់ខ្លួន ដ្បិតជាក្រុមហ៊ុនថ្មី ពិសេសលោកជឿជាក់លើលោកបណ្ឌិត គីម ហ៊ាង ដែលជាអ្នកមានបទពិសោធន៍ ផ្នែកអចលនទ្រព្យ ហើយលោកសង្ឃឹមថា គម្រោង Park Villa អាចនឹងលក់ដាច់មុនការកំណត់ផងដែរ ។ ការអះអាងបែបនេះ ដោយសារលោកផ្អែកលើតម្លៃសមរម្យ ទីតាំងល្អ សោភ័ណ្ឌភាព និងការរចនាម៉ូដផ្ទះទំនើបៗ មានភាពទាក់ទាញគួរឲ្យចង់រស់នៅ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ។

គួរបញ្ជាក់ថា ក្នុងឱកាសភាគីទាំងពីរ ចុះកិច្ចសន្យាសហការគ្នានេះដែរ ក៏មានការលក់បញ្ចុះតម្លៃ ១២% រយៈពេល ១ខែ សម្រាប់អតិថិជនទិញគម្រោង Park Villa ដែលមានទីតាំង ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅផងដែរ ៕

Facebook Comments

To Top