ព័ត៌មានជាតិ

​អភិបាលខេត្តកំពង់ចាម ប្រជុំផ្សព្វផ្សាយ អនុក្រឹត្យលេខ ៦៦ ស្ដីពីការចុះបញ្ជី សារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ​

កំពង់ចាម : អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម លោកគួច ចំរើន បានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ៦៦ អនក្រ.បក ស្ដីពី វិធាននិងនីតិវិធី នៃការគ្រប់គ្រងចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យ សម្បត្តិរដ្ឋ ។

កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ១២ ខែកុម្ភឆ្នាំ ២០១៩ ក្រោមអធិបតីភាព លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ក្នុងឱកាសនោះអភិបាលខេត្តកំពង់ចាមលោកគួច ចំរើន​ បានថ្លែងថា ពិតហើយថា ពេលកន្លងទៅរដ្ឋបាលគ្រប់ថ្នាក់ ក្នុងខេត្តរបស់យើង បានធ្វើការគ្រប់គ្រងជាបន្តបន្ទាប់ ទោះជាមិនទាន់មានអនុ ក្រឹត្យលេខ៦៦ ចេញក៏ដោយ ប៉ុន្តែឆ្លង កាត់តាមការសង្កេត ការខ្វះចន្លោះ នៃការគ្រប់គ្រងតែងតែមាន ប៉ុន្តែផ្អែកទៅលើស្មារតីអនុក្រឹត្យលេខ ៦៦ នេះ សមត្ថកិច្ច នៃការចាត់ចែងបានធ្លាក់ទៅដល់រដ្ឋបាលថ្នាក់ឃុំសង្កាត់ ដូច្នេះការពង្រីកវិសាល ភាពនៃការចាត់ចែងកាន់តែធំឡើង ហើយសមត្ថកិច្ចក្នុងការគ្រប់គ្រងសម្បិត្តរដ្ឋនេះ ត្រូវបានបែងចែកជាពីរ មួយផ្នែកក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រង ក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ដែលការគ្រប់គ្រងនោះ បូករួមទ្រព្យសម្បត្តិរដ្ឋថ្នាក់ ជាតិនិងថ្នាក់ក្រោមជាតិ ហៅថា អភិបាលគ្រប់ គ្រង ។ ដោយឡែកចាប់ពីឆ្នាំ នេះតទៅ រដ្ឋបាល រាជធានី ខេត្ត ស្រុកខណ្ឌ ឃុំ សង្កាត់ ជាអ្នកចាត់ចែង ។ដូច្នេះពាក្យពីរឃ្លា យើងត្រូវស្វែងយល់ មួយគឺអភិបាលគ្រប់គ្រង និងមួយទៀត ហៅថាអភិបាលចាត់ចែង ពោលគឺ ទ្រព្យសម្បត្តិរដ្ឋដែលប្រគល់ទៅឲ្យអង្គភាព ឃុំ សង្កាត់ នីមួយៗ អនុញ្ញាតឱ្យត្រឹមក្របខណ្ឌប្រើប្រាស់ប៉ុណ្ណោះ ដោយមិនអាចចាត់ចែងរហូត ដល់ទៅធ្វើការលក់ដូរនោះទេ ។

លោកពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងទៅកាន់អង្គប្រជុំ ថា អនុក្រឹត្យនេះមានគោលបំណងធានា ការគ្រប់គ្រងបញ្ជី សារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពនិងបូរណភាព ។ អនុក្រឹត្យនេះផងដែរ មានគោលដៅកំណត់នូវវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យ សម្បត្តិរដ្ឋ ។ អនុក្រឹត្យនេះមានវិសាល ភាពអនុវត្តចំពោះគ្រប់ក្រសួងស្ថាប័នអង្គភាពសាធារណៈប្រហាក់ប្រហែលរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងនីតិបុគ្គលសាធារណៈ ៕

Facebook Comments

To Top