បរទេស៖ កងទ័ពស៊ីរី បាននិយាយនៅថ្ងៃចន្ទថា កូនដ្រូនអ៊ីស្រាអែលមួយគ្រឿង បានបាញ់មីស៊ីល៤គ្រាប់ នៅជិតមន្ទីរពេទ្យ និងប៉ុស្តិ៍អង្កេតការណ៍ កងទ័ពមួយកន្លែង នៅក្នុងខេត្ត Quneitra ប្រទេសស៊ីរីភាគខាងត្បូង ដែលស្ថិតនៅជិតព្រំដែន ជាប់ប្រទេសអ៊ីស្រាអែល ប៉ុន្តែត្រឹមតែធ្វើឲ្យខូចខាតសម្ភារៈប៉ុណ្ណោះ ។
ប្រភពពីកងទ័ពមួយ ដែលទីភ្នាក់ងារសារព័ត៌មាន SANA បានដកស្រងសម្តីបាននិយាយថា សត្រូវអ៊ីស្រាអែល ក៏បានវាយប្រហារចំទីតាំងមួយចំនួនទៀត នៅភូមិព្រំដែននានា ដែលស្ថិតនៅជិតតំបន់សគ្មានទ័ពឆ្នាំ១៩៧៤ នៅព្រំប្រទល់ Golan ជាទីដែលកងទ័ពដណ្ដើមបានការគ្រប់គ្រង ពីពួកឧទ្ទាមកាលពីឆ្នាំមិញ ដោយមានការគាំទ្រពីរុស្ស៊ី។
ប៉ុន្តែយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត រ៉យទ័រ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា នៅពេលត្រូវគេចោទជាសំនួរ អំពីការវាយប្រហារនៅខេត្ត Quneitra ដែលត្រូវបានគេរាយការណ៍នោះ មន្ត្រីនាំពាក្យយោធាអ៊ីស្រាអែលមួយរូប បានធ្វើការច្រានចោលនូវការវាយប្រហារនោះ៕
ប្រែសម្រួល៖ប៉ាង កុង
Facebook Comments
