អន្តរជាតិ

អ៊ីរ៉ង់ព្រមានថា នឹងកម្ទេចទីក្រុងតេលអាវីវឲ្យរាបដល់ដី ប្រសិនបើត្រូវអាមេរិកវាយប្រហារ

បរទេស៖មេបញ្ជការ នៃកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់មួយរូប បាននិយាយនៅថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់នឹងកម្ទេចទីក្រុងនានា នៅក្នុងប្រទេសអ៊ីស្រាអែល ឲ្យរាបដល់ដី ប្រសិនបើសហរដ្ឋអាមេរិក វាយប្រហារសាធារណរដ្ឋឥស្លាមនោះ។

លោកឧត្តមសេនីយ៍ Yadollah Javani ដែលជាអនុប្រធានកងកម្លាំងអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយ បាននិយាយដូច្នេះថា “សហរដ្ឋអាមេរិកមិនមានសេចក្តីក្លាហាន បាញ់ប្រហារមកលើយើងនោះទេ បើទោះជាមានសម្ភារៈការពារ និងយោធាទាំងអស់ក៏ដោយ។ ប៉ុន្តែប្រសិនបើពួកគេ វាយប្រហារយើងនោះ យើងនឹងកម្ទេចទីក្រុងតេលអាវីវ និងទីក្រុងហៃហ្វា ឲ្យរាបដល់ដី”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត រ៉យទ័រ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា អនុប្រធានកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់រូបនេះ បានពោលពាក្យយ៉ាងដូច្នោះ ទៅកាន់ក្បួនដង្ហែជួបជុំ ប្រារព្ធពិធីអបអរសាទរ គម្រប់ខួបលើកទី៤០ នៃការធ្វើបដិវត្តន៍ឥស្លាម៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top