ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការ ករណីទទួលផលចោរកម្ម!

ភ្នំពេញៈ​ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធតហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីទទួលផលចោរកម្ម ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ នេះ មុនឃាត់ខ្លួន ដំបូងឡើយ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ សេង ចិត្រ្តា ដែលជាជនរងគ្រោះ បានបាត់រថយន្ត ១គ្រឿង ម៉ាក TOYOTA MATRIX ពណ៍ទឹកមាស ស៊េរីឆ្នាំ២០០៣ ស្លាកលេខ ភ្នំពេញ 2AF-2402 ដោយបានចតទុកក្រោមសំយ៉ាបផ្ទះ ហើយមិនបានយកប័ណ្ណសំគាល់រថយន្ត ប័ណ្ណបើកបរ និងសោរចេញពីរថយន្តនោះទេ ហើយបានចូលទៅក្នុងផ្ទះសំរាកធម្មតា ក្រោយពេលភ្ញាក់ពីដំណេកមកវិញ ទើបជនរងគ្រោះដឹងថា រថយន្តខ្លួនត្រូវបានចោរលួចបាត់។ លុះដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៤:០០នាទី ជនរងគ្រោះបានឃើញរថយន្តរបស់ខ្លួន នៅចំណុច ផ្លូវ១៨២ កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានជនសង្ស័យ ២នាក់ កំពុងបើក ក៏ប្តឹងសមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនភ្លាមៗ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ រួមមានឈ្មោះ ១/ ឈ្មោះ ហ៊ន ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ២/ ឈ្មោះ គ្រៀល ថុន ភេទប្រុស អាយុ៣៩ឆ្នាំ ។

ក្រោមវិធានការ នៃការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេបានសារភាពឲ្យដឹងថា មុនសមត្ថកិច្ច អាវុធហត្ថឃាត់ខ្លួន ឈ្មោះ ហ៊ន ហាក់ បានចូលលេងល្បែងស៊ីសងនៅណាហ្កាវើល ហើយបានជួបបុរសម្នាក់ អាយុប្រហែល ៣០ឆ្នាំ ដែលកំពុងលេងល្បែង នៅណាហ្កាដូចគ្នា បន្ទាប់មករូបគេទាំង ២នាក់ បានយករថយន្ត ០១គ្រឿង ម៉ាក TOYOTA MATRIX ពណ៍ទឹកមាស ស៊េរីឆ្នាំ២០០៣ ស្លាកលេខ ភ្នំពេញ 2AF-2402 ទៅដាក់បញ្ចាំ នៅហាងបញ្ចាំមួយកន្លែង មានទីតាំងនៅផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានប្រាក់ ១ពាន់ដុល្លារ អាមេរិក ហើយបុរសនោះបានឲ្យប្រាក់មកខ្លួន ៥០ដុល្លារ អាមេរិក។ បន្ទាប់មកបុរសនោះ ទូរស័ព្ទឲ្យរូបខ្លួនយកប្រាក់ ៥០០ដុល្លារ អាមេរិក បន្ថែមទៀត តែរូបខ្លួនបានប្រាប់ថាទាល់តែ លួសរថយន្តនោះហើយទៅបញ្ចាំកន្លែងផ្សេងទើបបាន មួយសន្ទុះក្រោយមកស្រាប់តែមានបុរស ០២នាក់ ជិះម៉ូតូឌុប យកលុយមកឲ្យខ្លួន ១.១០០ដុល្លារ អាមេរិក ដើម្បីលួសយករថយន្តនោះមកវិញ ។

ក្រោយពេលលួសរថយន្តនោះបាន រូបគេ និងឈ្មោះ គ្រៀល ថុន បានជិះរថយន្តនោះទៅហាងបញ្ចាំមួយកន្លែងទៀត លុះដល់ចំណុច ផ្លូវលេខ២៥៧ កែងផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រូបគេទាំង ០២នាក់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនតែម្តង ៕

Facebook Comments

To Top