នយោបាយ

អាមេរិក គាំទ្រការសម្រេចចិត្តរបស់ EU ក្នុងការផ្អាកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា

ភ្នំពេញ៖ សហរដ្ឋអាមេរិកតាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសគាំទ្រការសម្រេចចិត្តរបស់សហភាពអឺរ៉ុប(EU) ក្នុងការចាប់ផ្តើមដំណើរការនីតិវិធីផ្អាក ការអនុគ្រោះពន្ធផ្អែកពាណិជ្ជកម្មមកលើកម្ពុជា ក្រោមគម្រោងដែលមានឈ្មោះថា អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ។

សហភាពអឺរ៉ុបបានចេញសេចក្តីប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ថា សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការដែលអាចនាំឲ្យមានការផ្អាកជាបណ្តោះអាសន្ន នូវការទទួលបាន អាទិភាពរបស់កម្ពុជាលើទីផ្សារ សហភាពអឺរ៉ុបក្រោមគម្រោងពាណិជ្ជកម្មគ្រប់យ៉ាងលើកលែងតែអាវុធ ឬ EBA ។ EBA អាចត្រូវបានលុបចោលប្រសិនបើ ប្រទេសទទួលផលមិនគោរពសិទិ្ធមនុស្សនិងសិទ្ធិការងារសំខាន់ៗ។

យោងតាមសេចក្តីថ្លែងការណ៍របស់ទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១២ កុម្ភៈ បានឲ្យដឹងថា “សហរដ្ឋអាមេរិកធ្វើការកត់ សម្គាល់ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការផ្តើមដំណើរការនីតិវិធីផ្អាកការអនុគ្រោះពន្ធក្នុងផ្អែកពាណិជ្ជកម្មដល់ប្រទេសកម្ពុជា ក្រោមគម្រោងដែលមានឈ្មោះថា អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ដោយសារមានការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរ ក្នុងការការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ នៅក្នុងរយៈពេល១៨ ខែកន្លងទៅនេះ”។

ជាងនេះទៅទៀតថា ទូតអាមេរិក ក៏បង្ហាញក្តីកង្វល់ដូចគ្នានឹងសហភាពអឺរ៉ុបដែរ ទាក់ទងការរំលោភយ៉ាងធ្ងន់ធ្ងរ លើសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិការងារដែលមានការទទួលស្គាល់ ជាអន្តរជាតិ និងសេរីភាពទាក់ទងនឹងអង្គការសមាគម។ អាមេរិក ក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំកម្ពុជា ស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដដូចមានចែងក្នុង រដ្ឋធម្មនុញ្ញកម្ពុជា។

ជាថ្នូរនឹងការលើកលែងពន្ធទៀត អាមេរិកក៏បានអំពាវនាវឲ្យកម្ពុជាទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់តាមទំនើងចិត្តទាំងអស់ប្រឆាំងនឹង អ្នកទោសនយោបាយដទៃទៀត ហើយអនុញ្ញាតឲ្យសហជីព អង្គការ សារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិល ដំណើរការដោយគ្មានការរឹតត្បិតដែលមិនត្រឹមត្រូវ។

ជាមួយគ្នានេះផងដែរ ស្ថានទូតអាមេរិក លើកឡើងទៀតថា ថ្នាក់ដឹកនាំកម្ពុជានៅមានឱកាសក្នុងការជៀសផុតពីផលវិបាកអវិជ្ជមានផ្នែកសេដ្ឋកិច្ច នៃការដកការអនុគ្រោះពន្ធ EBA ដូចដែលស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកស្រី Cecilia Malmström បានមានប្រសាសន៍ថា “វាច្បាស់ហើយថា ចំណាត់ការនៅថ្ងៃនេះមិនមែនជាការសម្រេចចិត្តចុងក្រោយ ហើយក៏មិនមែនជាទីបញ្ចប់នៃដំណើរនីតិវិធីដែរ។ តែនាឡិកាកំពុងតែដើរទៅមុខជាផ្លូវការហើយ ហើយយើងត្រូវការឃើញវិធានការពិតប្រាកដ ក្នុងពេលឆាប់ៗនេះ។

យើងសូមអំពាវ នាវឲ្យមេដឹកនាំកម្ពុជាតម្កល់សុខុមាលភាពរបស់ប្រទេស ឲ្យខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍នយោបាយ”៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top