អន្តរជាតិ

អាមេរិក-កូរ៉េខាងជើង នឹងបើកកិច្ចពិភាក្សា មុនកិច្ចប្រជុំកំពូល នៅអាស៊ីសប្ដាហ៍ក្រោយ

សេអ៊ូល៖ ការិយាល័យប្រធានាធិបតី របស់កូរ៉េខាងត្បូងបានឲ្យដឹងថា អាមេរិក និងកូរ៉េខាងជើង គ្រោងនឹងធ្វើកិច្ចចរចាជុំថ្មីមួយ នៅក្នុងប្រទេសអាស៊ីទី៣ នៅសប្តាហ៍ក្រោយ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលលើកទី២ របស់មេដឹកនាំទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក គីម អ៊ីវឃ្យូម អ្នកនាំពាក្យប្រធានាធិបតី បានលើកឡើងថា លោកប្រធានាធិបតី មូន ជេអ៊ីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏គ្រោងនឹងរៀបចំកិច្ចពិភាក្សានាពេលឆាប់ៗនេះផងដែរ អំពីកិច្ចប្រជុំនាពេលខាងមុខរបស់លោក ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែកុម្ភៈ នៅទីក្រុងហាណូយ។

មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងជជែកគ្នាតាមទូរស័ព្ទ នៅក្នុងនោះដែរអ្នកនាំពាក្យបានបន្ដថា “យើងនឹងប្រកាសព័ត៌មានលំអិត នៅពេលដែលការរៀបចំត្រូវបានបញ្ចប់” ។

លោក Stephen Biegun ប្រេសិតពិសេសអាមេរិកប្រចាំកូរ៉េខាងជើង បានធ្វើកិច្ចចរចាមុនកិច្ចប្រជុំកំពូល ជាមួយសមភាគីកូរ៉េខាងជើង លោក Kim Hyok-chol នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង ពីថ្ងៃពុធដល់ថ្ងៃសុក្រ ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top