កីឡា

អម្រឹត បើកការប្រកួតពានរង្វាន់បាល់ទាត់ រដូវកាលទី៦ មានឈ្មោះថា Leader+

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំកម្មវិធី បើកការប្រកួតពានរង្វាន់បាល់ទាត់រដូវកាលទី៦របស់ខ្លួន ដែលមានឈ្មោះថា Leader+ នៅទីលានបាល់ទាត់ វិទ្យាល័យឥន្ទ្រទេវី។

កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ Leader+ របស់អម្រឹត រដូវកាលនេះ មានក្រុមចូលរួមប្រកួតសរុបចំនួន៦ក្រុមដែលសុទ្ធតែជាបុគ្គលិកអម្រឹតបម្រើការងារនៅស្នាក់ការកណ្ដាល។ ការប្រកួតដើម្បីស្វែងរកជើងឯកក្នុងកម្មវិធីនេះ បានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃ១៤ មករា រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយចំណាយរយៈពេល១១ ខែ ដោយមានពីរប្រកួតក្នុងមួយសប្ដាហ៍ ពោលនៅរៀងរាល់ពេលរសៀលថ្ងៃច័ន្ទ និងព្រឹកថ្ងៃសោរ៍ នៅទីលានបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី។

លោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា “ការបង្កើតកម្មវិធីពានរង្វាន់បាល់ទាត់នេះឡើង ក្នុងគោលបំណងឲ្យបុគ្គលិកទាំងអស់រឹតចំណង មិត្តភាពឲ្យកាន់តែល្អប្រសើរ មានសុខភាពល្អ សាមគ្គីគ្នាជាធ្លុងមួយ និងខិតខំប្រឹងប្រែងធ្វើការដើម្បីភាពរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត”។

លោកបន្ដថា អម្រឹតបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជា ក្រោះពាក្យស្លោក មួយឃ្លាថា “កីឡានាំមកនូវសុខភាព”។

សូមរំលឹកថា កាលពីរដូវកាលទី៥ នៃពានរង្វាន់បាល់ទាត់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ជើងឯកបានទៅលើក្រុម GOLDIE មកពីនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេបង្អស់ដែលបានបង្កើតនៅឆ្នាំ១៩៩១ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ និងស្របច្បាប់ដំបូងគេបង្អស់ពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០០១ និងបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជននៅខែមករា ឆ្នាំ២០០៩។

បច្ចុប្បន្ននេះ អម្រឹតមានបុគ្គលិកប្រមាណជាង ៤.០០០នាក់ ដែលបានបម្រើអតិថិជនសរុបប្រមាណជាង៤៥០.០០០ នាក់តាមរយៈការិយាល័យប្រតិបត្តិចំនួន ១៥៦ សាខា ទូទាំងប្រទេសដែលមានប្រាក់បញ្ញើ សរុបប្រមាណជាង ៤៥៤លានដុល្លារ សំពៀតឥណទានសរុបប្រមាណ៧៨៩ លានដុល្លារ និងទ្រព្យសកម្មប្រមាណជាង ៩៦៩លានដុល្លារ ៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top