ព័ត៌មានជាតិ

សិស្សប៊ែលធី ១០រូប ចូលរួមដំណើរ ទស្សនកិច្ចសិក្សា នៅប្រទេសអូស្រ្តាលី

ភ្នំពេញ ៖ ល្ងាចថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៩ ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ បានដឹកនាំសិស្ស ថ្នាក់ទី១១ មកពីសាលាប៊ែលធីអន្តរជាតិ ចំនួន១០រូប ចូលរួមដំណើរទស្សនកិច្ច សិក្សានៅប្រទេសអូស្ត្រាលី រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្រោម កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និង Sydney City College of Management នៃប្រទេសអូស្រ្តាលី ដែលបានចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងសន្និសីទកិច្ចសហប្រតិបត្តិការប៊ែលធី ឆ្នាំ២០១៨ ។

តាមរយៈកម្មវិធីនេះ សិស្សានុសិស្សនឹងត្រូវចូលរួមសិក្សាវគ្គខ្លី ស្តីអំពីការតម្រង់ទិសលើមុខវិជ្ជា គណនេយ្យ ពាណិជ្ជកម្មរដ្ឋបាល ពត៌មានវិទ្យា និងគ្រប់គ្រងបដិសណ្ឋារកិច្ច ជាមួយសិស្ស-និស្សិតអន្តរជាតិ ដែលកំពុងសិក្សានៅទីនោះ និងការធ្វើទស្សនកិច្ចនៅតំបន់មួយចំនួន ក្នុងទីក្រុងស៊ីដនី ។
ជាមួយគ្នានេះដែរ កញ្ញា លី សុខុម អនុប្រធានការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ និងជាប្រធានដឹកនាំសិស្សានុសិស្សទាំង១០រូប បានលើកឡើងថាដំណើរ ទស្សនកិច្ចសិក្សានេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងកម្មវិធីសិក្សារបស់សាលា ប៊ែលធី អន្តរជាតិ ព្រោះនេះគឺជាឱកាសដ៏ល្អប្រសើរ សម្រាប់សិស្សានុសិស្ស ក្នុងការទទួលបាននូវការផ្លាស់ប្តូរបទពិសោធន៍ នៃការសិក្សានៅក្រៅប្រទេស ពិសេសគឺការស្វែងយល់បន្ថែមអំពី ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អរិយធម៌ និងការអភិវឌ្ឍ របស់ប្រទេសអូស្រ្តាលី ដែលមានប្រព័ន្ធអប់រំទំនើប ជឿនលឿន និងមានការទទួលស្គាល់ទូទាំងសកលលោក ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់គ្រឹះស្ថានអប់រំជាដៃគូ របស់ខ្លួនឯក្រៅប្រទេសជាច្រើន រួមមាន សហរដ្ឋអាមេរិក សាធារណៈរដ្ឋប្រជាមានិតចិន ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី ព្រះរាជាណាចក្រថៃ សរុបចំនួន ៥៤១រូប រួចមកហើយ ។

កញ្ញាក៏បានលើកឡើងបន្ថែមទៀតថា ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ នឹងបន្តខិតខំប្រឹងប្រែង បង្កើនកិច្ចសហប្រតិបត្តិការជាដៃគូ ជាមួយគ្រឹះស្ថានអប់រំល្បីៗ នៅប្រទេសអូស្រ្តាលីបន្ថែមទៀត ដើម្បីជាឱកាសសម្រាប់សិស្ស-និស្សិតកម្ពុជាគ្រប់រូប ទៅបន្តការសិក្សានៅទីនោះ ដែលជាផ្នែកមួយនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ។

ទន្ទឹមនឹងនេះផងដែរ ប្អូនប្រុស ប្រាក់ រ៉េនណាវណ្ណ មកពីសាលា ប៊ែលធី អន្តរជាតិទី៥ (សាខាច្បារអំពៅ) បានសម្តែងនូវសេចក្តី សោមនស្សរីករាយ យ៉ាងខ្លាំង ដែលបានចូលរួមដំណើរទស្សនកិច្ចសិក្សាមួយនេះ ។ ប្អូនប្រុសក៏ដូចជាសិស្សានុសិស្សទាំង៩រូបទៀតបានរំពឹងថា តាមរយៈកម្មវិធីនេះពួកគេនឹងទទួលបាននូវចំណេះដឹងថ្មីៗ គំនិតច្នៃប្រឌិត បទពិសោធន៍នៃជីវិតសិក្សានៅក្រៅប្រទេស និងការរស់នៅដោយពឹងពាក់លើខ្លួនឯងពេលនៅឆ្ងាយពីគ្រួសារ ពិសេសគឺការបង្កើនចំណងមិត្តភាព ភាតរភាព និងចេះសម្របខ្លួនក្នុងការងារជាក្រុម និងការរស់នៅជាសមូហភាព ។

ជាចុងបញ្ចប់ ប្អូនប្រុសបានសម្តែងនូវការដឹងគុណចំពោះក្រុមគ្រួសារដែលតែងតែជម្រុញ និងលើកទឹកចិត្តដល់រូបប្អួនឲ្យខិតខំយកចិត្តទុកដាក់ សិក្សារៀនសូត្ររហូតមក។ ម្យ៉ាងទៀត ប្អូនក៏បានថ្លែងអំណរគុណដល់សាលា ប៊ែលធី អន្តរជាតិ ដែលបានបង្កើតឲ្យមានកម្មវិធីដ៏មានតម្លៃ មួយនេះ ហើយវាជាចំណែកមួយយ៉ាងសំខាន់ នៃការចូលរួមរបស់សិស្សានុសិស្សកម្ពុជា លើឆាកអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ទីតាំងប៊ែលធី ទាំង ១៩សាខា ថ្នាក់ចំណេះទូទៅ ឆមាសទី២ និង ថ្នាក់ភាសាអង់គ្លេស វគ្គថ្មីចូលរៀនថ្ងៃទី ០៤ មីនា ២០១៩ បង់ថ្លៃសិក្សា ១វគ្គ ផ្តល់ជូន សៀវភៅគូល័រច្បាប់ដើម ១ឈុត ផងដែរ ៕

Facebook Comments

To Top